(កំពត)៖ ឈ្មោះ ហេង សឿន ត្រូវបានប្រជាពលរដ្ឋ និងអាជ្ញាធរនៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ចាត់ទុកជាមេក្លោងក្នុងការដឹកនាំក្រុមអនាធិបតេយ្យមកពីស្រុកផ្សេងៗ រួមមាន៖ ស្រុកទឹកឈូ, ស្រុកដងទង់ ឃុំវាលរេញ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ មកចាប់ដីនៅចំណុចភូមិព្រៃពាយ ដោយអះអាងថា ជាដីសម្បទានសង្គមកិច្ចរបស់រដ្ឋ បង្កឲ្យមានភាពអនាធិបតេយ្យ រវាងអ្នកមានដីកាន់កាប់នៅទីនោះ និងអ្នកមកចាប់ដីថ្មីប៉ះពាល់លើដីមានម្ចាស់ ហើយបំផុសឲ្យបងប្អូនទាំងនោះ ដាក់ពាក្យបណ្ដឹងចូលទៅរដ្ឋបាលសាលាខេត្តកំពត ដើម្បីរាយការណ៍បំផ្លើសពីការពិត ជូនលោកអភិបាលខេត្តកំពត ពីសកម្មភាពរបស់ក្រុមការងារចុះវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋដែលមានឈ្មោះត្រឹមត្រូវតាមគោលការរបស់រាជរដ្ឋាភិបាល កំណត់ ជូនបងប្អូននៅតំបន់នោះ។ចំពោះសកម្មភាពទាំងនេះ ត្រូវបានប្រជាពលរដ្ឋដែលមានដីស្របច្បាប់ ស្នើដល់អាជ្ញាធរចាត់វិធានការតាមច្បាប់ឲ្យខាងតែបានចំពោះបុគ្គលរូបនេះ។
បើតាមមន្រ្តីសាលាខេត្តកំពត គណៈកម្មការដែលប្រឹងធ្វើការវាស់វែងបំពេញទិន្នន័យក្បាលដីស្របតាមនីតិវិធីត្រូវលោក ហេង សឿន ចោទប្រកាន់ និងសុំស្នើរដកចេញទៅវិញ ដោយចោទថា ក្រុមការងារមិនយុត្តិធម៌មានភាពលំអៀង។ ក្នុងរយៈពេលកន្លងមកនេះ ក្រុមការងារគណៈកម្មការបានចុះវាស់វែងដីធ្លីនៅតំបន់នោះយ៉ាងយកចិត្តទុកដាក់ ជិតបានបញ្ចប់បេសកម្មរបស់ខ្លួន ដោយរលូន ហើយមានការទទួលស្គាល់ពីគ្រប់អាជ្ញាធរ និងប្រជាពលរដ្ឋដែលបានវាស់វែង ចាប់តាំងពីបទបញ្ជា ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា រហូតបន្តវាស់វែងពី០១ ស្ទើរតែចប់សព្វគ្រប់ទាំងស្រុង ដោយវាស់ជាក់ស្ដែងតាមឈ្មោះ ដែលបានប្ដឹងទៅសាលាខេត្តចំនួន១៨៩ឈ្មោះនោះ។
ជាមួយគ្នានេះដែរ នៅពេលគណៈកម្មការវាស់វែងជិតចប់សព្វគ្រប់ ឈ្មោះ ហេង សឿន ថា នៅសល់១ក្រុមទៀត គឺ១០៥ឈ្មោះទៀតដែលមិនទាន់វាស់វែង តែត្រូវលោកអភិបាលខេត្តព្រមាន ក្នុងដំណោះស្រាយមួយ ជាមួយក្រុមប្រជាពលរដ្ឋ១៨៩ឈ្មោះខាងលើ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ នៅឯសាលាខេត្តកំពតថា «កុំបង្កើតកូនចៅបន្តទៀត»។
តាមប្រជាពលរដ្ឋនៅភូមិព្រៃពាយ ក៏ដូចជា អាជ្ញាធរបានប្រាប់ Fresh Newsថា លោក ហេង សឿន ជាច្រើនឆ្នាំកន្លងមកនេះ តែងតែដើរញុះញង់ក្រុមអនាធិបតេយ្យ ហើយត្រូវបានអាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ចាត់ទុកជាមេក្លោងពូកែប្រឌិតរឿង បំផ្លើសព័ត៌មានមិនពិត បង្កើតឯកសារក្លែងក្លាយ នាំក្រុមអានាធិបតេយ្យ តាមភូមិសាស្ត្រ នៃបណ្តាស្រុកខាងលើ ទៅដើរប្តឹងតវ៉ា គ្មានហេតុផល ទៅអាជ្ញាថ្នាក់ខេត្ត ក្រសួងពាក់ព័ន្ធ ក៏ដូចជារាជរដ្ឋាភិបាលផងដែរ ជាពិសេសនៅពេលថ្មីៗកន្លងមកនេះ។
មិនតែប៉ុណ្ណោះ មុនពេលបោះឆ្នោត បែរជាធ្វើឲ្យអាជ្ញាធរ ស្រុក ខេត្ត ឈឺក្បាលវិលមុខដោយសារបុគ្គល ឈ្មោះ ហេង សឿននេះ។ ផ្ទុយទៅវិញប្រជាពលរដ្ឋ ហាក់ដូចជា ឆ្ងល់ថា ហេតុអីឲ្យតែឈ្មោះ ហេង សឿន នេះឡើងប្តឹងតវ៉ាម្តងៗ អាជ្ញាធរខេត្តហាក់ដូចជា មានជំនឿដោយមិនពិនិត្យជាក់ស្តែង ហើយសួររកហេតុផល ឬសគល់អ្វីបន្តិចសោះដែលឈ្មោះ ហេង សឿន រូបនេះ មិនដែលមានដីធ្លីមួយកន្លែង នៅ ភូមិព្រៃពាយខាងលើសោះ ហើយបែរជាដឹកនាំក្រុមអនាធិប្បតេយ្យ ទៅបំពានរុករានដីមានឈ្មោះ ម្ចាស់គេស្រាប់។ មិនតែប៉ុណ្ណោះ ដើរឃោសនាឲ្យប្រជាពលរដ្ឋផ្តិតមេដៃ បំផ្លើសព័ត៌មានមិនពិត ជាច្រើនករណីទៀតផង។
ប្រជាពលរដ្ឋធ្លាប់ប្តឹងជាច្រើនដង មកអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីករណីរំលោភលើសេចក្ដីទុកចិត្ត ឬបោកប្រាស់ប្រជាពលរដ្ឋ។ មកដល់ពេលនេះ មិនទាន់ឃើញអាជ្ញាធរណាចាត់វិធានការ តាមផ្លូវច្បាប់លើបុគ្គល ឈ្មោះ ហេង សឿន នៅឡើយទេ។
ដូច្នេះប្រជាពលរដ្ឋស្នើរអាជ្ញាធរគ្រប់ថ្នាក់មេត្តាចាត់វិធានការចំពោះបុគ្គលឈ្មោះ ហេង សឿន និងបក្សពួក ដែលតែងបង្ករបញ្ហាដីធ្លីមិនឈប់ឈរ ធ្វើឲ្យប្រជាពលរដ្ឋរកស៊ីទទួលទាន ដាំដុះមិនបាន ហើយក្រុមនេះក៏តែងបង្កការគំរាមកំហែងដល់អាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈកាំបិត ពូថៅ ច្រូងច្រាង ចុះមកវាស់ដីបែបអនាធិបតេយ្យគ្មានស្ដាប់បង្គាប់សមត្ថកិច្ចឬអាជ្ញាធរណាទេ។
ទាក់ទិនករណីខាងលើអង្គភាព Fresh news មិនអាចទំនាក់ទំនងរកការបំភ្លឺពីលោក ហេង សឿន បានទេ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨នេះទេ៕