(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ និងឧកញ៉ាវ័យក្មេង លោក ឡេង ណាវ៉ាតត្រា បានដាក់ទុនរួមគ្នារហូតដល់៥លានដុល្លារ ធ្វើជំនួញអចលនទ្រព្យ លើទំហំដីជាង១៣ហិកតា លើបណ្ដោយផ្លូវជាតិលេខ៣នោះ មិនទាន់បានប៉ុន្មានផងនោះ ស្រាប់តែកាលពីព្រឹកថ្ងៃទី៦ ខែសីហា ព្រឹកមិញនេះ លោក ខេមរៈ សិរីមន្ត ក៏ប្រកាសបោះទុន លើជំនួញដីធ្លីជាមួយលោក ឡេង ណាវ៉ាត់ត្រា ដូចគ្នា ដោយការបោះទុនមួយនេះ គឺមានទំហំទឹកប្រាក់រហូតដល់ ជាង១០លានដុល្លារ ពោលគឺលើសការដាក់វិនិយោគទុន របស់លោក ព្រាប សុវត្ថិ ចំនួន២ដង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺលោក ខេមរៈ សិរីមន្ត ថែមទាំងប្រកាសថា នឹងផ្ដល់កាដូដល់អតិថិជន ដែលទិញដីធ្លីរបស់លោកក្នុងមួយឡូតិ៍ ដែលផ្ដល់ជូននូវសំបុត្រ ធ្វើដំណើរកម្សាន្ត ទៅលេងនៅប្រទេសសិង្ហបុរីចំនួន ២យប់៣ថ្ងៃ ដោយក្រុមហ៊ុនចំណាយមួយចប់ ទាំងថ្លៃសំបុត្រយន្តហោះ និងកន្លែងស្នាក់នៅជាដើម។
លោក ខេមរៈ សិរីមន្ត ថ្លែងក្នុងវេទិកាសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី៦ សីហា នេះថា លោកសម្រេចចិត្តបោះទុនទ្វេរហ៊ុន ជាមួយលោកឧកញ៉ា ឡេង ណាវ៉ាត្រា ម្ចាស់បុរី និងជាម្ចាស់អចលនទ្រព្យវ័យក្មេង ដោយសារតែលោកចាប់ផ្ដើមរៀន ចង់ធ្វើជំនួញដីធ្លី ហើយលោកក៏មានដើមទុនគ្រប់គ្រាន់ស្រាប់ ក្នុងគម្រោងវិនិយោគមួយនេះ ដូច្នេះលោកយល់ថា គួរដល់ពេលដែលលោកត្រូវងាក មកធ្វើជំនួញវិញម្ដងហើយ។ មុនការចាប់ដៃជាមួយលោក ឡេង ណាវ៉ាត្រា លោក ខេរៈ សិរីមន្ត ក៏មានជំនួញដីធ្លីជាលក្ខណៈឯកជនតូចៗ ជាច្រើនផងដែរ ហើយដោយសារតែលោកយល់ថា ខ្លួនមានដើមទុនសមល្មម នឹងធ្វើការវិនិយោគលើកម្រោងនេះ ទើបលោកសិក្សាស្វែងរកដៃគូ ហើយលទ្ធផលចុងក្រោយ ក៏ចាប់ដៃជាមួយលោក ឡេង ណាវ៉ាត្រា ដែលលោកបញ្ជាក់ថា គឺជាអ្នកជំនួញដីធ្លីវ័យក្មេងជោគជ័យម្នាក់។
លោក ខេមរៈ សិរីមន្ត បានបន្ថែមទៀតថា លោក ឡេង ណាវ៉ាត្រា ជាបុគ្គលមានការតស៊ូ ជាបុគ្គលជោគជ័យ និងជាបុគ្គល ដែលទទួលនូវការគោរពជាច្រើនពីសំណាក់មហាជន ដោយសារតែមានគុណធម៌ និងមានទឹកចិត្តសប្បុរស ដែលធ្វើអោយលោកយល់ថា បើលោកសម្រេចចិត្តបើកជំនួញជាទ្រង់ទ្រាយធំ ក្នុងនាមជាដៃគូ នោះជារឿងស័ក្ដិសមបំផុត ទើបលោកឈានដល់ការទិញ៤០ហិកតា ចូលគ្នាក្នុងទំហ៊ំដើមទុនម្នាក់ ៥០ភាគរយ ។
លោកថា មុនបើកគម្រោងរួមគ្នា ដែលមានតម្លៃជាង១០លានដុល្លារ នៅឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិតផ្សារព្រៃទទឹង លើផ្លូវជាងលេខ៣ ចម្ងាយពីរង្វង់មូលចោមចៅ១១គីឡូ ដើម្បីពុះជាឡូតិ៍ នោះ លោក និង លោកឡេង ណាវ៉ាត្រា បានប្រើពេលក្នុងស្វែងរកដីធ្លី យ៉ាងលំបាកយ៉ាងខ្លាំង អ៊ីចឹងហើយទើប លោកមានជំនឿយ៉ាងខ្លាំងថា ដីឡូត៍ដែលពួកលោកដាក់ហ៊ុនរួមគ្នា ពិតជាមានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់អតិថិជន ដោយសារតែទីតាំង គឺទិញភ្លាមអាចសង់ផ្ទះនៅបាន ហើយបើនិយាយពីប្រព័ន្ធទឹកភ្លើង ក៏បានដំឡើងឲ្យមានភាពងាយស្រួលដល់ការរស់នៅ ផងដែរ។
ដោយឡែក សម្រាប់ដីឡូតិ៍ ដែលបោះទុនជាមួយលោក ឡេង ណាវ៉ាត្រា ជាលើកដំបូងនេះ ប្រហែលជាលោកនឹងកំណត់ក្នុងតម្លៃ ចាប់ពី៥៨០០ដុល្លារឡើងទៅ ដោយអតិថិជនទិញភ្លាមៗ គឺទទួលបានសំបុត្រទៅលេងស្នាក់នៅ២យប់ នៅក្នុងប្រទេសសិង្ហបុរីតែម្ដង ក្នុងរយៈពេល១៥ថ្ងៃ ក្រោយការដាក់ប្រកាសលក់។
លោកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានបញ្ជាក់បន្ថែមពីខាងលើផងដែរថា ការចាប់ដៃជាមួយលោក ខេមរៈ សិរីមន្ត នឹងមិនមានបញ្ហាជាមួយលោក ព្រាប សុវត្ថិ នោះទេ ដោយសារតែការវិនិយោគទាំង២ ស្ថិតក្នុងគម្រោងផ្សេងគ្នា។ គម្រោងបោះទុនរួមគ្នានេះ មិនមែនដោយសារតែលោកខ្វះដើមទុន ក្នុងគម្រោងដីឡូតិ៍នៅផ្សារព្រៃទទឹង ផ្លូវជាតិលេខ៣ នោះទេ ប៉ុន្តែបណ្ដាលមកពីលោក ខេមរៈ សិរីមន្ត ក៏ជាតារាល្បីមួយរូប និងដោយសារតែលោកក៏មានឆន្ទៈ ក្នុងការធ្វើជំនួញផងនោះ ទើបជំរុញឲ្យលោកចូលហ៊ុន ដើម្បីធ្វើឲ្យជំនួញដីឡូតិ៍ របស់លោកនឹងកាន់តែមាន ទំនុកចិត្ត។
យ៉ាងណាមិញលោកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសថា ខ្លួនមិនមានគម្រោងវិនិយោគ ជាមួយតារាណាផ្សេងទៀតទេ ដោយសារតែលោកគិតថា គម្រោងវិនិយោគជាមួយលោក ខេមរៈ សិរីមន្ត និងលោក ព្រាប សុវត្ថិ គឺគ្រប់គ្រាន់ហើយ៕