(ភ្នំពេញ)៖ មន្រ្ដីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះថា បញ្ហាទឹកជំនន់នៅតាមបណ្ដាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា នៅរយៈពេលចុងក្រោយនេះ បានបង្កផងប៉ះពាល់ដីស្រែចំការពលរដ្ឋចំនួន២ម៉ឺនហិចតា ក្នុងនោះស្រូវចំនួន៣ពាន់ហិចតា រងការខូចខាតទាំងស្រុង។
លោក ហ៊ាន វណ្ណហន អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានថ្លែងថា «ទឹកជំនន់មិនបង្កឲ្យខូចខាតធំ ចំពោះផលដំណាំស្រូវរបស់កសិករឡើយ។ ថ្វីត្បិតតែវាបង្កផលប៉ះពាល់រាងខ្ពស់បន្ដិច តែសម្រាប់ការខូចខាតវិញ គឺតិចតួចណាស់។ រហូតមកដល់ពេលនេះ ទំហំនៃការប៉ះពាល់មានចំនួន២ម៉ឺនហិចតា នៅទូទាំងប្រទេស តែក្នុង២ម៉ឺនហិចតានេះ មានផលដំណាំស្រូវត្រឹមតែ៣ពាន់ហិចតាប៉ុណ្ណោះ ដែលរងការបំផ្លាញទាំងស្រុង»។
លោកបានបញ្ជាក់ទៀតថា សម្រាប់ផលប៉ះពាល់នូវផលដំណាំស្រូវនេះ គឺមិនប៉ះពាល់ដល់ការនាំចេញទៅក្រៅប្រទេសទេ។ សម្រាប់តួលេខនៃការនាំចេញអង្ករធ្លាក់ចុះប្រមាណ២-៣ខែនេះ ក៏មិនមែនបណ្ដាលមកពីទឹកជំនន់ដែរ គឺបណ្ដាលមកពីការប្រមូលផលស្រូវ ពីមុនមកអស់ពីស្ដុក ដោយរោងម៉ាស៊ីនមិនបានស្ដុកទុក ដូច្នេះទើបបង្កើតជាបញ្ហានៃការធ្លាក់ចុះ ក្នុងការនាំចេញអង្ករ។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ កម្ពុជាកំពុងប្រឈមការកើតឡើង នៃគ្រោះទឹកជំនន់ ដែលបង្កផលប៉ះពាល់ដល់ខេត្តចំនួន៤ របស់កម្ពុជា រួមមានខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ ដោយសារទឹកជំនន់ទន្លេមេគង្គលើ បណ្តាលឲ្យ
ពលរដ្ឋជាង១ម៉ឺននគ្រួសាររងការប៉ះពាល់ និងដំណាំផ្សេងៗជាច្រើនត្រូវបានបំផ្លាញ៕