(ភ្នំពេញ)៖ លោក ឈួន ថាវរិន្ទ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសូត្រនិគម អនុប្រធានចុះជួយឃុំខ្នារពោធិ និងជាប្រធានក្រុមការងារចុះជួយភូមិសំរោង ខេត្តសៀមរាប និងលោកស្រី ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ បានចុះថ្លែងអំណរគុណម្ចាស់ឆ្នោតដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅភូមិសំរោង និងភូមិថ្នល់ដាច់ ក្នុងស្រុកសូត្រនិគម។
បន្ទាប់ពីមតិស្វាគមន៍របស់អាជ្ញាធរមូលដ្ឋានឃុំខ្នារពោធិ៍ ស្តីពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពរដ្ឋ និងការវិវត្តន៍រីចម្រើនក្នុងមូលដ្ឋាន ព្រមទាំងព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្តក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦កន្លងមករួចមក លោក ឈួន ថាវរិន្ទ បានបញ្ជាក់ថា អនុវត្តន៍តាមប្រសាសន៍ ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជានោះ លោកនាំយកនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅរបស់សម្តេច ជូនចំពោះប្រជាពលរដ្ឋជាម្ចាស់ឆ្នោតទាំងអស់ ដែលបានចូលរួមទៅបោះឆ្នោតយ៉ាងច្រើនកុះករ រហូតដល់៨២,៨៩ភាគរយនៅទូទាំងប្រទេស។
ចំនួនយ៉ាងច្រើនសន្ធិកសន្ធាប់នេះ សបញ្ជាក់ឲ្យឃើញថាប្រជាពលរដ្ឋបានគាំទ្រនូវរបបប្រជាធិបតេយ្យ និងបានប្រើនូវសិទ្ធិរបស់ខ្លួន ដែលស្រឡាញ់ សេចក្តីសុខសន្តភាព និងការអភិវឌ្ឍជាតិ។ តាមរយៈការជួបសំណេះសំណាល លោកក៏បានលើកឡើងនូវប្រសាសន៍របស់សម្តេច ចំពោះអ្នកដែលយកយុទ្ធនាការ «ម្រាមដៃស្អាត និងនៅផ្ទះឈ្នះឯង» ចាត់ទុកជាផ្នែកមួយនៃប្រជាមតិនោះ គឺជាភាពល្ងង់ខ្លៅមួយក្នងចំណោមភាពល្ងង់ជានរបស់ពួកប្រឆាំង។
ជាថ្មីម្ដងទៀត លោក ឈួន ថាវរិន្ទ លើកឡើងថា អ្នកដែលបានគាំទ្រដំណើការប្រជាធិបតេយ្យ គឺអ្នកដែលបានចូលរួមបោះឆ្នោត ឯអ្នកមិនបានទៅបោះឆ្នោត ដោយការញុះញង់របស់អ្នកដទៃ គឺមិនមែនជាអ្នកគាំទ្រដល់ដំណើរការប្រជាធិបតេយ្យនោះទេ។ ទោះយ៉ាងណាក្ដី លោកអំពាវនាវកុំឲ្យមានការរើសអើង រវាងអ្នកដែលបានទៅបោះឆ្នោត និងអ្នកដែលមិនបានទៅបោះឆ្នោត។
លោកអំពាវនាវដល់អ្នកបានទៅបោះឆ្នោត ដែលមានចំនួនជាង៨២ភាគរយ និងអ្នកមិនបានទៅបោះឆ្នោត១៨ភាគរយ ឲ្យមានខន្តី និងយោគយល់គ្នា គឺចៀសវាងបង្កើតឲ្យមានជម្លោះនៅតាមមូលដ្ឋានភូមិឃុំ ដែលនាំឲ្យមើលមុខគ្នាមិនចំ។ ទន្ទឹមនឹងនេះ លោក ឈួន ថាវរិន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះប្រជាពលរដ្ឋ និងសមាជិកបក្សដែលរស់នៅក្នុង ភូមិសំរោង និងភូមិថ្នល់ដាច់ ឃុំខ្នារពោធិ៍ទាំងមូល ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលប់ គឺទទួលបានការគាំទ្រ ចំនួន៧៤.១៦ភាគរយ បើប្រៀបធៀបទៅនឹងការបោះឆ្នោត ឃុំ-សង្កាត់ កាលពីឆ្នាំ២០១៧កន្លងមកនេះ ដែលទទួលសំឡេងគាំទ្របានត្រឹមតែ៤០.៩២ភាគរយប៉ុណ្ណោះ។
ជ័យជំនះដ៏ធំធេងទាំងអស់នេះ គឺបានមកពីការយល់ដឹងត្រូវ និងមើលឃើញកាន់ច្បាស់របស់ប្រជាពលរដ្ឋ ពីសមិទ្ធិផលនានាដែលជាស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៥អាណត្តិកន្លងមក ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។
ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសមាជិកបក្សប្រជាជនជាម្ចាស់ឆ្នោត លោកប្រធានក្រុមការងារចុះជួយមូលដ្ឋាន បានរៀបចំពិសារអាហាសាមគ្គី ប្រដោយមនោសញ្ចេតនាសិ្នទ្ធស្នាលបំផុត៕