(កំពង់ធំ)៖ លោក សុខ លូ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលផ្តោតសំខាន់ទៅលើ ការបន្តរឹតបណ្តឹងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ការបើកបរលើសល្បឿនកំណត់ មានជាតិស្រវឹង និងបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ដែលជាមូលហេតុចម្បងនាំឲ្យកើតមានគ្រោះថ្នាក់។
ក្នុងកិច្ចប្រជុំនោះដែរ លោក សុខ លូ បានលើកឡើងថា បញ្ហាចរាចរណ៍ នៅតែបញ្ហាមួយដែលស្មុគស្មាញ ដែលមន្ត្រីជំនាញបានចូលរួមធ្វើយ៉ាងសកម្មដូចភ្លៀងរលឹម ព្រមទាំងបានចាត់វិធានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូន ទទួលបានលទ្ធផលល្អប្រសើរ។ ក្នុងនោះមានម្ចាស់រថយន្តមួយចំនួន បានចូលរួមអនុវត្តការកែតម្រូវយានយន្តរបស់ខ្លួនតាមការណែនាំរបស់សមត្ថកិច្ច ប៉ុន្តែនៅម្ចាស់យាន្តយន្តមួយចំនួនទៀត នៅមិនទាន់ចូលរួមអនុវត្តច្បាប់នៅឡើយ ដោយមិនព្រមកែតម្រូវលក្ខណៈបច្ចេកទេសយានយន្តរបស់ខ្លួនតាមច្បាប់កំណត់ ព្រមទាំងបន្តប្រើប្រាស់រថយន្តកែច្នៃខុសបច្ចេកទេសនេះ ធ្វើចរាចរណ៍ទៀតផង។
ទន្ទឹមនោះ លោកក៏បានដាក់នូវបទបញ្ជា ដល់ប្រធានគណៈបញ្ជាការឯកភាពក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តឲ្យបានព្រមៗគ្នា នូវវិធានការមួយចំនួន ចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨តទៅ ដោយនៅតាមក្រុងស្រុក ត្រូវកំណត់គោលដៅឲ្យបានច្បាស់លាស់ ក្នុងការត្រួតពិនិត្យការតទ្រុងលើសកំណត់ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់រថយន្ត មានភ្លើង ចង្កូត ហ្វ្រាំង កង់ ការថែមភ្លៅ ការដឹកជញ្ជូនសំពីងសំពោង ដែលបានបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យបាត់បង់អាយុជីវិត រងរបួស និងខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ ព្រមទាំងបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ជាដើម។
លើសពីនេះ លោក សុខ លូ បានសង្កត់ធ្ងន់ថា ក្រោយពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ថ្មីៗនេះ ដែលប្រកបដោយភាពជោគជ័យ សូមប្រធាន មន្ទីរ-អង្គភាព អភិបាលក្រុងស្រុកទំាំងអស់ ត្រូវខិតខំបំពេញកាត្វកិច្ចរបស់ខ្លួន បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរកើនឡើងទ្វេរដង ជាពិសេសត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលនៅសេសសល់កន្លងមក ឲ្យបានឆាប់រហ័ស និងទទួលយកសំណូមពរផងដែរ។ ម្យ៉ាងវិញទៀត ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់បទល្មើសនេសាទ ព្រៃឈើ ចោឆក់ ចោប្លន់ ការដោះស្រាយទំនាស់ដីធ្លី ជាដើម៕