(ភ្នំពេញ)៖ ដោយសារកាលវិភាគគួរឲ្យចាប់អារម្មណ៍ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ អង្គភាពព័ត៌មាន Fresh News សូមយកសារឆ្លងឆ្លើយនៃវិភាគ នយោបាយ៦ចំណុច រវាងលោក សោរ ចាន់ដេត អតីតជាសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី និងជាអតីតសមាជិកក្រុមការងារខេត្តបន្ទាយមានជ័យ ជាមួយជនអនាមិកម្នាក់ជាអ្នកប្រើប្រាស់ Facebook ឈ្មោះ «ទីប្រឹក្សាប្រទេស» បង្ហាញចំណុចខ្លាំង និងខ្សោយរវាងគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្រ្គោះជាតិ។

ការចេញផ្សាយនេះដោយសារស្ថានភាពនយោបាយនាពេលនេះត្រឹមត្រូវតាមការវិភាគទាំងចំនួនអ្នកទៅចូលរួមបោះឆ្នោត និងលទ្ធផលល្អសម្រាប់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោត២០១៨នេះ។

ខាងក្រោមនេះជាខ្លឹមសារឆ្លងឆ្លើយនយោបាយ «៦ចំណុច» រវាងមន្រ្តីជាន់ខ្ពស់ CNRP និងអ្នកលេង Facebook បង្ហាញការវិភាគគួរឲ្យចាប់អារម្មណ៍៖

* ខ្លឹមសារទាំងស្រុងលើ Facebook លោក សោរ ចាន់ដេត៖

ឆ្នាំ២០១៨ CPP នៅក្រោម៦០កៅអីសភា..! លក្ខណៈពិសេស៦ចំណុច នឹងធ្វើឲ្យគណបក្សសង្គ្រោះជាតិ ឈ្នះយ៉ាងពិតប្រាកដ នៅឆ្នាំ២០១៨៖

១៖ វិសោធនកម្មច្បាប់គណបក្សនយោបាយ ដើម្បីកំចាត់លោកប្រធាន សម រង្ស៊ី ឲ្យនៅក្រៅឆាកនយោបាយ។
២៖ ពលករចំណាកស្រុកត្រឡប់មកពីប្រទេសសៀមវិញ នឹងទៅចុះឈ្មោះ និងចូលរួមបោះឆ្នោតបន្ថែមទៀត។
៣៖ យុវជនទើបគ្រប់អាយុ ជាង៣០ម៉ឺននាក់ នឹងទៅចុះឈ្មោះ និងចូលរួមបោះឆ្នោតបន្ថែមទៀត។
៤៖ អ្នកបោះឆ្នោតឲ្យគណបក្សប្រជាជនឆ្នាំនេះ នឹងហែកមកបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ នៅឆ្នាំ២០១៨ វិញ ប្រហែលជា៣០% (ព្រោះឃុំ-សង្កាត់ អាចពួកគាត់ មានមនោសញ្ចេតនា ជាមួយមេឃុំ ចៅសង្កាត់ចាស់)។
៥៖ អ្នកបោះឆ្នោតជូនគណបក្សប្រជាជន ប្រហែលជា៥% នឹងអាចបាត់បង់ទៅវិញ ដោយសារកត្តាធម្មជាតិ (ស្លាប់)។
៦៖ ចំណុចចុងក្រោយនេះ អាចថាជាកត្តាសង្គមសាស្ត្រ ឬជាកត្តាច្បាប់ធម្មជាតិក៏អាចថាបាន (ដល់ទីបញ្ចប់)។

* ខាងក្រោមនេះខ្លឹមសារឆ្លើយតបនឹងលោក សោរ ចាន់ដេត ពីអ្នកប្រើប្រាស់ Facebook ឈ្មោះ «ទីប្រឹក្សាប្រទេស»

ប្អូន Sor chandeth ពេលបងអានអត្ថបទប្អូន ផុសអំពីឆ្នាំ ២០១៨ Cpp នៅក្រោម៦០កៅអីសភា ធ្វើឲ្យបងដែលតាមដានរឿងនយោបាយដែរនោះនឹកដល់អ្នក វិភាគម្នាក់ឈ្មោះ សូ សមយុទ្ធ ដែលវិភាគពីក្រឡាអុកដែលមានត្រីបក៥របស់ជំរុំព្រះអាទិត្យ ដើម្បីវាយប្រហារផ្តាច់ព្រ័ត្រលើជុំរុំទេវតាដែលលទ្ធផលចុងក្រោយ ទៅជាផ្តាច់ព្រលឹងពួកជំរុំព្រះអាទិត្យវិញ ដែលទូកសេះគោលរាប់ទាំងត្រីបកទី៥ផង ត្រូវស្ថិតនៅក្នុងកំប៉ុង ចំណែកសហខុន នៃជុំរំព្រះអាទិត្យបែរជារត់ចោលកូនចៅ ទៅសម្ងំដេកនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សទៅវិញ។ រឿងដែលឈ្នះតាមបែបវិភាគលួងចិត្តខ្លួនឯងធ្វើឲ្យក្រុមពូខកចិត្តខ្លាំងណាស់ រហូតហាមឃាត់ខ្លួនឯងមិនឲ្យចូលរួមទៅក្នុងគណបក្សនយោបាយណាទៀតផង។

បងសាកល្បងបកស្រាយ៖

ចំណុចទី១៖ ដែលប្អូនលើកឡើងទាក់ទង និង វិសោធនកម្មច្បាប់ស្តីពីបក្សនយោបាយដែលក្មួយយល់ថា ផ្តល់ឲ្យសង្រ្គោះជាតិ និងខាត សម្រាប់ខាងគណបក្ស ប្រជាជនចំណុចនេះទាំងបង ទាំងប្អូន គួរស្រាវជ្រាវបន្ថែម។ ល្បិចរបស់ ហ៊ុន សែន ពិបាកយល់ណាស់តែរឿងដែលប្អូន កឹម សុខា គ្រប់គ្រងបក្សទាំងមូលគឺជារឿងពិត។

ចំណុចទី២៖ ពលករចំណាកស្រុកដែលប្អូនលើក, ប្អូនត្រូវចងចាំឲ្យច្បាស់ថា មានគេមានយើងមិនមែនសុទ្ធតែគាំទ្រយើងនោះទេ។

ចំណុចទី៣៖ ដែលប្អូនលើកឡើងថា យុវជន៣០ម៉ឺននាក់ និងចូលមកបោះឆ្នោតបន្ថែម។ តាមបងយល់យុវជនចូលរួមកាន់តែច្រើនខាង ហ៊ុន សែន កាន់តែចំណេញព្រោះ កូនៗ និងចៅៗខាងគណបក្សប្រជាជនមានចំនួនច្រើន ជាងបក្សប្រឆាំង។ ជាឧទាហរណ៍ដូចគ្រួសារបុរសខ្លាំង ហ៊ុន សែន ជាគ្រួសារដ៏ធំមួយ តាមបងដឹងកូនក្មួយ និងចៅរបស់ ហ៊ុន សែន មានច្រើនណាស់ដល់អាយុបោះឆ្នោតនៅឆ្នាំក្រោយនេះ។ វាមិនខុសពីធ្វើស្រែធំជាងអស់ពូជច្រើនជាង ទទួលផលច្រើន ជាងអ្នកដែលធ្វើស្រែតូចជាងអស់ពូជតិចជាងនោះទេ។ ខាងប្រជាជនគេទទួលផលលើរឿងនេះរួចមកហើយ។ សន្លឹកឆ្នោត ដែលខាងប្រជាជនកើនជាង៣០ម៉ឺន​សម្លេងគឺភាគច្រើនយុវជនដែលកូន ចៅរបស់មន្ត្រីរបស់ខាង ហ៊ុន សែន នោះហើយ។ ខាងសង្គ្រោះជាតិកើនបានតែប្រមាណ៥ម៉ឺនសម្លេងប៉ុណ្ណោះ។ ទាញក្មេងៗទាំងនេះឲ្យបោះឆ្នោតប្រឆាំងឪពុក ម្តាយឬជីដូន ជីតារបស់គេ វាជារឿងដែល មិនអាចធ្វើបានទេ ម្យ៉ាងទៀតក្មេងៗទាំងនេះភាគច្រើនអប់រំបានល្អ។ សាកល្បងយកតែត្រកូលហ៊ុន១យកមកគិតក្នុងរយៈពេលពី ឆ្នាំ១៩៩៣ មកដល់ពេលនេះ។

ចំណុចទី៤៖ ខុសហើយប្អូន បែរផ្ទុយទៅវិញទេ អ្នកបោះឆ្នោត២០១៧ (ឃុំ-សង្កាត់) ដែលមិនបានបោះឲ្យ CPP ព្រោះមានខ្លះគេខឹងមន្រ្តីមូលដ្ឋានរបស់ពួកគាត់ ដែលបំរើការងារមិនល្អ ឬពុករលួយ ពួកគេចង់ដូរមេឃុំ ឬចៅសង្កាត់ថ្មី, ប៉ុន្តែសម្រាប់ឆ្នាំ២០១៨ បោះឆ្នោតថ្នាក់ជាតិ ពួកគេស្រឡាញ់អ្នកដឹកនាំរបស់ពួកគេរួមមាន ហ៊ុន សែន និង ហេង សំរិន ដែលពួកគាត់បានកសាងសន្តិភាព និងអភិវឌ្ឍន៍ច្រើន, ជាក់ស្តែងកាលពីបងនៅក្មេងៗផ្លូវចូលផ្ទះពូនៅភ្នំពេញ លិចទឹកដល់ជង្គង់ ភ្លើងរដ្ឋមានដាច់មានដាច់វិញ ពិបាករស់នៅណាស់ ហើយបើចង់ទៅលេងខេត្តម្តងៗដល់កហើយ ជិះឡានម៉ូតូ វេទនាទំរាំទៅដល់ ផ្លូវខូចក្រឡេកក្រឡុកច្រើនណាស់ ដូចផ្លូវទៅសៀមរាបអញ្ចឹង ប៉ុន្តែជាក់ស្តែងបច្ចុប្បន្ននេះសំណង់អគារធំៗ ផ្លូវស្អាត ប្អូនជិះទៅលេងខេត្តក៏ល្អដែរ តើមែនទេ ? ប្អូនត្រូវហ៊ានទទួលស្គាល់ ? បងសុំលើកមួយចំណុចទៀត និយាយអំពីការកសាងសន្តិភាព បងបានមើលវិដេអូ អំពីការតស៊ូរបស់ ហ៊ុន សែន ដើរចំនួន៥នាក់ ឆ្លងចូលព្រំដែនទៅពឹងវៀតណាម ដើម្បីមករំដោះប្រទេសចេញពីរបបក្បាលខ្មោច ប៉ុលពត ធ្វើឲ្យបងស្រក់ទឹកភ្នែក។ ប្អូនគិតមើលពេលដើរចូលទៅពឹងវៀតណាមនោះ យប់ក៏យប់ភ្លៀងក៏ភ្លៀង ចាកចោលប្រពន្ធដែលកំពុងមានផ្ទៃពោះ ចុះប្រសិនបើទាហានវៀតណាមបាញ់សម្លាប់ពួកគាត់ ឬក៏ជាន់មីន តើមានអ្នកណាខ្លះទៀត ហ៊ានគិតដល់ប្តូរជីវិតដើម្បី រំដោះប្រជាជនដែលកំពុងវេទនា សូម្បីប្អូនក៏បានគិតដល់ចំណុចនេះផងមែនទេ ? ពេលបងមើលវិដេអូនេះហើយ បងបាននិយាយថា នេះហើយជា «Founder of Cambodia» នេះមិនមែនជាលើកជើងទេ ប៉ុន្តែបងសុំនិយាយអ្វីដែលជាការពិតតែប៉ុណ្ណោះ។ ប្រសិនបើប្អូនធ្វើដូច ហ៊ុន សែន ក៏បងកោតសរសើរប្អូនដែរ។

ចំណុចទី៥៖ ការលើកឡើងរបស់ប្អូនលើចំណុចនេះ ពិតជាមនុស្សកំពូលសែនអាក្រក់រកលេខដាក់គ្មាន គិតតែប្រយោជន៍របស់បក្សពួករបស់ប្អូន តើប្អូនកំពុងបន់ស្រន់ ឲ្យមនុស្សចាស់ស្លាប់មែន ? វាជាការប្រមាថដ៏ធ្ងន់ធ្ងរមួយសម្រាប់មនុស្សចាស់ ដើម្បីតែគណបក្សរបស់ខ្លួន ឯណាគោលនយោបាយរបស់គណបក្សប្រឆាំង ដែលហាមាត់និយាយផ្តល់លុយ និងជួយចិញ្ជឹមមនុស្សចាស់ ? នេះជាទង្វើអកត្តញ្ញូនយោបាយហើយ ! តើបងអាចនិយាយបានថា ប្អូនកំពុងបន់ស្រន់ ឲ្យមាមីងម្តាយឪពុក ឬជីដូនជីតា របស់ប្អូនស្លាប់មែនទេ ?

ចំណុចទី៦៖ ការលើកឡើងរបស់ប្អូន អំពីកត្តាច្បាប់ធម្មជាតិដែលដល់ទីបញ្ចប់, ប្រសិនបើដូច្នេះទាំងស្រុងនោះទេ ប្អូនអាចមើលគណបក្សនយោបាយរបស់ជប៉ុន ដែលកំពុងកាន់អំណាចសព្វថ្ងៃ មានអាយុកាលជាង៧០ឆ្នាំហើយ តាំងពីបញ្ចប់សង្រ្គាមលោកលើកទី២ មកម៉្លេះ។ ហើយជប៉ុនជាប្រទេសមហាអំណាចមួយ និងកំពូលប្រជាធិបតេយ្យលើលោកទៀតផង សូមប្អូនសាកគិតមើលម្តងទៀតមើល៍៕