(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ បានណែនាំដល់ភ្នាក់ងារផ្សព្វផ្សាយកសិកម្ម និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងភាពទទួលខុសត្រូវខ្ពស់ សម្រាប់បន្តដើរតួនាទីជាគ្រូ និងដៃគូយ៉ាងមានសមត្ថភាព និងប្រសិទ្ធភាពដល់ប្រជាកសិករ។
ការណែនាំបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក វេង សាខុន អញ្ជើញចូលរួម ក្នុងពិធីចែកទោចក្រយានយន្ត និងកុំព្យូទ័រ ជូនភ្នាក់ងារផ្សព្វផ្សាយកសិកម្ម នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៅទីស្តីការក្រសួងកសិកម្ម នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ។
ក្នុងពិធីចែកទោចក្រយានយន្ត និងកុំព្យូទ័រខាងលើនេះ លោករដ្ឋមន្ត្រី វេង សាខុន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសមន្ត្រីជំនាញរបស់ក្រសួង ដែលបានខិតខំប្រឹងប្រែង ក្នុងការអនុវត្តកម្មវិធីនេះ ទទួលបានលទ្ធផល យ៉ាងល្អប្រសើរ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ ពង្រីកចំណះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងភាពទទួលខុសត្រូវខ្ពស់ សម្រាប់បន្តដើរតួនាទីជាគ្រូ និងដៃគូយ៉ាងមានសមត្ថភាព និងប្រសិទ្ធភាពដល់ប្រជាកសិករ ធ្វើយ៉ាងណាឲ្យប្រជាកសិករមានភាពរឹងពឹង និងភាពម្ចាស់ការ ដើម្បីបន្តអនុវត្តកម្មវិធីនេះ នាពេលដែលកម្មវិធីនេះ ត្រូវបានបញ្ចប់ «ទូកទៅ កំពង់នៅ»។
លោក វេង សាខុន បានបន្ថែមទៀតថា ត្រូវចូលរួមជាមួយប្រជាកសិករ ក្នុងការសិក្សាស្វែងយល់ឲ្យបានលំអិតអំពីតម្រូវការនៃទីផ្សារ ដូចជាប្រភេទនៃដំណាំ ផលិតភាព គុណភាព និងការវេចខ្ចប់។ គួរមានភាពទទួលខុសត្រូវខ្ពស់ក្នុងការប្រើប្រាស់ និងថែរក្សាការពារ សម្បត្តិរដ្ឋ ដូចជាទោចក្រយានយន្ត និងកុំព្យូទ័របន្ទះ ដែលប្រគល់ជូននាថ្ងៃនេះ។
លោកថា ភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម សាលាជាតិកសិកម្ម និងសាលាកសិកម្មដទៃទៀត ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាស្រាវជ្រាវបច្ចេកទេស និងបច្ចេកវិទ្យាថ្មីទំនើប សម្រាប់ ប្រជាកសិករ ដើម្បីកាត់បន្ថយកំលាំងពលកម្ម បង្កើនផលិតភាព គុណភាព និងប្រាក់ចំណូល ធ្វើយ៉ាងណាដើរទាន់កំណើនសេដ្ឋកិច្ចជាតិ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេស ទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០។
បើតាមការរាយការណ៍ របស់លោកបណ្ឌិត មាស ពិសិដ្ឋ នាយកប្រតិបត្តិនៃកម្មវិធី ASPIRE បានឲ្យដឹងថា គោលបំណងនៃកម្មវិធីនេះ គឺលើកកម្ពស់ និងធ្វើឲ្យកាន់តែប្រសើរឡើងនូវការផ្តល់សេវាកម្មកសិកម្ម ដែលឆ្លើយ តបនឹង តម្រូវការកសិករខ្នាតតូច ដែលមានទំហំផលិតកម្មតូចចំនួន ១២០ពាន់គ្រួសារ ក៏ដូចជាជួយកសិករ ដែលមានទំហំផលិតកម្មតូច ក្រីក្រ និងងាយរងគ្រោះ ដែលអាចធ្វើធុរកិច្ចកសិកម្ម និងទទួលបានប្រាក់ចូលខ្ពស់ ហើយមានភាពធន់នឹងអាកាសធាតុ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់របស់កសិករ។
កម្មវិធីនេះ ជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាស់ថវិកាជាតិ រួមជាមួយនិងអង្គការមូលនិធិអន្តរជាតិ លើកដំបូងសម្រាប់អភិវឌ្ឍកសិកម្ម IFAD សរុប ៥២.៤លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អនុវត្ត នៅខេត្ត គោលដៅចំនួន១១ខេត្ត គឺខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពត កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបងរយៈពេល ៧ឆ្នាំពីថ្ងៃ៥ មីនា ឆ្នាំ២០១៥ ដល់ថ្ងៃ៣១ មីនា ឆ្នាំ២០២២។
អ្វីដែលជាទីមោទនៈនោះគឺ ដោយរាជរដ្ឋាភិបាល និងអង្គការ IFAD បានសង្គេតឃើញថា កម្មវិធីនេះបាន និងកំពុងដំណើរការល្អ និងកំពុងទទួលបានលទ្ធផលជាផ្លែផ្កា រាជរដ្ឋាភិបាលបានសម្រេចពង្រឹង និងពង្រីកកម្មវិធីនេះ ឲ្យគ្របដណ្តប់ទូទាំងប្រទេស តាមរយៈបង្កើនថវិកាជាង១៥លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ដោយគ្រោងអនុវត្តនាឆ្នាំ២០១៩ខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា ពិធីចែកទោចក្រយានយន្ត និងកុំព្យូទ័របន្ទះ នាថ្ងៃនេះ គឺជាថវិកាជំនួយរបស់រាជរដ្ឋាភិបាលសុទ្ធសាធ ដែលចែកជូនទៅខេត្តគោលដៅទាំង១១ ដោយមានទោចក្រយានយន្តសរុបចំនួន១៧៨គ្រឿង និងកុំព្យូទ័របន្ទះ៥៦០គ្រឿង៕