(ភ្នំពេញ)៖ សម្ព័ន្ធសហជីពជាតិ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសថា កម្មករ និយោជិតប្រមាណ៩៥ភាគរយដែលត្រូវបានអនុញ្ញាតដោយថៅកែឱ្យទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ពេលត្រឡប់មកធ្វើការវិញ បានភ្ជាប់ជាមួយនឹងម្រាមដៃប្រឡាក់ទឹកខ្មៅគ្រប់ៗគ្នា។
សេចក្តីថ្លែងការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ បានបញ្ជាក់ថា «បន្ទាប់ពីការត្រឡប់ចូលមកបំពេញការងារវិញរបស់បងប្អូនកម្មករនិយោជិត ជាងមួយសប្តាហ៍កន្លងផុតទៅ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់ម្ចាស់រោងចក្រ សហគ្រាស អនុញ្ញាតឲ្យកម្មករនិយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នោះ យើងខ្ញុំ និងក្រុមការងារ បានចុះអង្កេតតាមបណ្តារោងចក្រ សហគ្រាស រួមទាំងបណ្តាញ មួយចំនួនឃើញថា៖ កម្មករនិយោជិតប្រមាណ៩៥ភាគរយ ដែលបានអញ្ជើញទៅបោះឆ្នោត ដោយភា្ជប់មកជាមួយនឹងម្រាមដៃប្រឡាក់ទឹកខ្មៅ គ្រប់ៗគ្នា ក្នុងរោងចក្រ សហគ្រាសនីមួយៗ»។
តាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងទៀតថា ចំពោះស្ថានភាពរវាងភាគីកម្មករនិយោជិត និងនិយោជក គ្មានវិវាទណាមួយកើតឡើង ដូចជា ការជ្រៀតជ្រៀក គំរាមកំហែង ពិនិត្យម្រាមដៃ និងការកាត់ប្រាក់ឈ្នួល ពីសំណាក់និយោជកឡើយ បន្ទាប់ពីពួកគាត់បានចូលធ្វើការវិញ។
បើតាមសេចក្តីថ្លែងការណ៍ដដែល សម្ព័ន្ធសហជីពជាតិ សូមចូលរួមអបអរសាទរចំពោះកំណើន នៃការចូលរួមបោះឆ្នោតរបស់កម្មករ កម្មការិនី យុវជន យុវតី និងប្រជាជនកម្ពុជាជាង ៨០ភាគរយ។ ទិដ្ឋភាពជាក់ស្តែងនៃការទៅបោះឆ្នោតយ៉ាងច្រើនកុះករ ស្ទើរតែនឹកស្មានមិនដល់នេះ បញ្ជាក់ឲ្យឃើញថា ពលរដ្ឋពិតជាយល់ដឹងខ្ពស់ អំពីសិទ្ធិចូលរួមនយោបាយ សិទ្ធិជ្រើសរើស សម្រេចតាមឆន្ទៈរបស់ខ្លួន និងការស្រលាញ់សន្តិភាព។
ទន្ទឹមនឹងការសម្រេចចិត្តរបស់ពលរដ្ឋកម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ សម្ព័ន្ធសហជីពជាតិ ក៏អំពាវនាវដល់សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក មេត្តាពិចារណាឡើងវិញ ចំពោះការប៉ុនប៉ងបញ្ឈប់ការអនុគ្រោះពន្ធ និងស្នើបន្តការអនុគ្រោះពន្ធដល់កម្ពុជាជាធម្មតា ដើម្បីជួយជំរុញការគោរពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ ឲ្យកាន់តែប្រសើរឡើង ជាពិសេសបានជួយលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋកម្ពុជា ឲ្យមានជីវភាពប្រសើរ និងផ្តល់ឱកាសដល់អ្នកវិនិយោគក្រៅប្រទេស និងក្នុងប្រទេសកម្ពុជា និងរាជរដ្ឋាភិបាលថ្មី ក្នុងការដឹកនាំ អភិវឌ្ឍន៍ប្រទេស៕