(ភ្នំពេញ)៖ ខណៈដែលបណ្តាហាងអាជីវកម្មរបស់ខ្លួន ទទួលបានការគាំទ្រយ៉ាងធំធេងពីភ្ញៀវជាតិ និងអន្តរជាតិ ក្រុមហ៊ុន អាល់មិនគ្រុប បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយធនាគារវីង (ខេមបូឌា) លីមីតធីត ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ទូទាត់ ដោយមិនប្រើសាច់ប្រាក់ នៅក្នុងប្រទេសកម្ពុជា។ ពិធីនេះ ប្រារព្ធធ្វើឡើងនៅក្នុងភោជនីយដ្ឋាន យី សាង ដែលជាហាងមួយរបស់ក្រុមហ៊ុន អាល់មិន គ្រុប។
ភាពជាដៃគូនេះ នឹងនាំមកនូវការដាក់ឲ្យប្រើប្រាស់ សេវាកម្មទូទាត់ប្រាក់តាមអនឡាញ និង ស្គេនកូដ QR ដែលហៅថា «WingPay» និងការទទួលទូទាត់ តាមរយៈកម្មវិធីទូទាត់ប្រាក់លើទូរស័ព្ធដៃធំៗ ចំនួនពីររបស់ ប្រទេសចិន គឺ «Ali Pay» និង «WeChat Pay» ដែលផ្តល់ជូនដោយវីង នៅបណ្តាហាងរបស់ក្រុមហ៊ុន អាល់មិន គ្រុប១៧កន្លែង នៅកម្ពុជា។
លោក លូ ម៉េង អគ្គនាយកក្រុមអាល់មិន គ្រុប បានថ្លែងថា អតិថិជនតែងតែធ្វើការសួរនាំ ទៅកាន់ក្រុមការងាររបស់លោក ដើម្បីដឹងថាពួកគាត់អាចធ្វើការ ទូទាត់ប្រាក់ដោយស្គេនកូដ QR កម្មវិធី Ali Pay ឬ WeChat Pay បានដែរឬទេ។ ដោយមើលឃើញមានសំនើរជាច្រើន ពីអតិថិជន ក្រុមហ៊ុនអាល់មិនគ្រុប ក៏សម្រេចចិត្តជ្រើសរើសយកវីង ជាដៃគូសហការដើម្បីផ្តល់ជូនសេវាកម្មនេះ ដោយហេតុថា ក្រុមហ៊ុនបានមើល ឃើញនូវបទពិសោធន៍ ជាច្រើនឆ្នាំរបស់ធនាគារមួយនេះ ក្នុងការផ្តល់សេវាទូទាត់ដោយមិនប្រើសាច់ប្រាក់ នៅក្នុងប្រទេសកម្ពុជា។
លោក លូ ម៉េង បានថ្លែងថា «វាគឺជាការតាំងចិត្ត របស់ក្រុមហ៊ុនអាល់ម៉ុនគ្រុប ក្នុងការផ្តល់ជូននូវសេវាកម្ម ដែលប្រកបដោយភាពច្នៃប្រឌិត ដោយរួមបញ្ចូលចាប់ពីសេវាកម្មម្ហូបអាហារ និងបដិសណ្ឋារកិច្ច រហូតដល់បទ ពិសោធន៍ នៃការទូទាត់ប្រាក់ដែលរហ័ស ងាយស្រួល និងមានសុវត្ថិភាព។ បន្ទាប់ពីដាក់ឲ្យប្រើប្រាស់នូវសេវាកម្មនេះ យើងសង្ឃឹមថា នឹងទទួលបានលទ្ធផលជាវិជ្ជមានពីអតិថិជន ជាពិសេសភ្ញៀវទេសចរជនជាតិចិនរាប់ពាន់នាក់ ដែលមកលេងនៅកម្ពុជា»។
ថ្លែងក្នុងពិធីនោះ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង បានប្រាប់ឲ្យដឹងថា វីងយល់ច្បាស់ពីតម្រូវការ របស់ដៃគូអាជីវកម្មរបស់ខ្លួន ក្នុងការផ្តល់ជូនអតិថិជននូវបទពិសោធន៍ទូទាត់ ដោយមិនប្រើសាច់ប្រាក់ នៅកម្ពុជា។ ការដាក់ឲ្យប្រើប្រាស់នូវសេវាកម្ម «WingPay» «Ali Pay» និង «WeChat Pay» នឹងឆ្លើយតបតម្រូវការនេះ និងបង្ហាញប្រាប់ពិភពលោក ឲ្យបានដឹងថា ប្រទេសកម្ពុជា កំពុងខិតកាន់តែជិត និងក្លាយជាសង្គមមួយ ដែលមានប្រព័ន្ធអេកូនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់។
លោក ម៉ាឡូឡូស បានបន្ដទៀតថា «ជាផ្នែកមួយនៃប្រព័ន្ធប្រមូលសាច់ប្រាក់ ប្រកបដោយភាពច្នៃប្រឌិត អតិថិជនដែលមានកម្មវិធីស្មាតហ្វូនវីង កម្មវិធី Alipay ឬកម្មវិធី WeChat អាចប្រើទូរស័ព្ទរបស់ពួកគាត់ ដើម្បីស្គេនកូដ QR នៅបណ្តាហាងរបស់ក្រុមហ៊ុនអាល់មិនគ្រុប ដើម្បីធ្វើការទូទាត់ប្រាក់ ដោយចំណាយពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ»។
WingPay ជាសេវាទូទាត់ដោយមិនប្រើសាច់ប្រាក់របស់វីង ដែលធ្វើឡើងដោយស្គេនកូដ QR ។ វាជាមុខងារ មួយក្នុងចំណោមមុខងារ ដែលមានអត្ថប្រយោជន៍ជាច្រើននៅលើកម្មវិធីស្មាតហ្វូនវីង ដែលអនុញ្ញាតឲ្យអតិថិជន អាចធ្វើប្រតិបត្តិការទូទាត់ប្រាក់ជាច្រើន ដោយគ្រាន់តែចុចលើទូរស័ព្ទរបស់ពួកគេ។ លើសពីនេះទៀត កម្មវិធីស្មាតហ្វូនវីង អនុញ្ញាតអតិថិជនធ្វើប្រតិបត្តិការដូចជាបង់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ផ្ទេរប្រាក់ ទិញទំនិញ តាមអនឡាញ-ល-។
ការទូទាត់តាមទូរស័ព្ទចល័ត កំពុងក្លាយជាការពេញនិយមយ៉ាងខ្លាំង ក្នុងចំណោមភ្ញៀវទេសចរចិន។ ជាង 90% នៃភ្ញៀវទេសចរចិន នឹងជ្រើសយកការទូទាត់ប្រាក់ តាមទូរស័ព្ទចល័ត ប្រសិនបើបណ្តាហាងនៅក្រៅប្រទេសជាច្រើនមានផ្តល់សេវាកម្មនេះ។ នៅតំបន់អាស៊ីអាគ្នេយ៍ សេវាកម្ម Alipay ត្រូវបានគេប្រើប្រាស់នៅប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ និងហ្វីលីពីន ដែលមានអ្នកប្រើប្រាស់សញ្ជាតិចិនប្រមាណ ៥២០លាននាក់។ ទន្ទឹមនឹងនេះដែររបាយការណ៍ថ្មីមួយ របស់ស្ថានីយទូរទស្សន៍ CNBC បានបង្ហាញថា ប្រជាជនប្រមាណ៨០០លាននាក់ បានប្រើប្រាស់សេវា WeChat ដើម្បីទូទាត់ប្រាក់៕