(ព្រះវិហារ)៖ បុរសម្នាក់បន្ទាប់ពីផឹកស៊ីជាមួយមិត្តភក្តិអស់ស្រា និងសាច់ក្លែមហើយ នៅមិនអស់ចិត្តបានជិះម៉ូតូទៅទិញបន្ថែមទៀត ខណៈត្រឡប់មកវិញបើកបរក្នុងល្បឿនលឿន ក៏បានរេចង្កូតទៅបុកនឹងគោយន្តកន្ត្រៃពីក្រោយ ពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខមន្ទីរពេទ្យបង្អែកខេត្ត ក្នុងភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោកវរសេនីយ៍ទោ ឆៅ វុទ្ធា អធិការនគរបាលក្រុងព្រះវិហារ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯង ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន លុះដល់កន្លែងកើតហេតុបានទៅបុកគោយន្តកន្ត្រៃពីក្រោយពេញទំហឹង បណ្តាលឱ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសាររបួសធ្ងន់ធ្ងរបាក់ភ្លៅ បាក់ករ និងប៉ះទង្គិចគ្រឿងក្នុងខ្លាំង ចំណែកម៉ូតូបានគៀបជាប់នឹងគោយន្ត។

លោកអធិការ បានឱ្យទៀតដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះឡាង វុត្ថា អាយុ៣១ឆ្នាំ មានទីលំនៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ បើកបរម៉ូតូម៉ាកសង់ ពណ៍ខ្មៅ ស្លាកលេខព្រះវិហារ1C-8013។ ចំណែកអ្នកបើកបរគោយន្តមានឈ្មោះ កង សារិ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ក្រោយការវាស់វែងរួចសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកវត្ថុតាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់។

ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ លោក ឆៅ វុទ្ធា បានមានប្រសាសន៍ថា បណ្តាលមកពីជនរងគ្រោះបានស្រវឹងស្រា ហើយការដែលលោកអះអាងបែបនេះ ដោយសារម្ចាស់ម៉ូតូដែលជនរងគ្រោះខ្ចីជិះនោះនិយាយថា ខ្លួននិងជនរងគ្រោះព្រមទាំងគ្នីគ្នាជាច្រើនទៀតបានផឹកស៊ីជុំគ្នា លុះអស់ស្រា និងសាច់ក្លែមជនរងគ្រោះបានខ្ចីម៉ូតូគាត់ជិះទៅទិញស្រា និងសាច់ក្លែម លុះទិញបានហើយក៏ជិះត្រឡប់មកវិញក៍ជួបនឹងគ្រោះថ្នាក់តែម្តងទៅ។ ករណីនេះលោកអធិការក្រុងបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមានការប្រុងប្រយត្ន័ក្នុងការបើកបរ ពិសេសសូមកុំបើកបរក្នុងពេលស្រវឹងឱ្យសោះ៕