(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ បានបង្ហាញមុខជនសង្ស័យដែលជាមុខសញ្ញាចោរឆក់យ៉ាងសកម្ម នៅក្នុងភូមិសាស្ត្រក្រុងច្បារមន ក្រោយពីដាក់បទបញ្ជា ឱ្យមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក តាមដានឱ្យបានដាច់ខាតមុខសញ្ញាចោរឆក់ដែលថ្មីៗ មានករណីឆក់ជាច្រើនករណី។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានឱ្យដឹងថា បន្ទាប់ពីកើតករណីលួច (ឆក់ទូរសព្ទ័) នៅវេលាម៉ោង២១៖០៥នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ម្សិលមិញ នៅចំណុចភូមិពាណិជ្ជកម្ម សង្កាត់រកាធំក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានបញ្ជាឱ្យកម្លាំងនៃមន្ទីរយុត្តិធម៌ សហការជាមូលដ្ឋានឃាត់ខ្លួនជនសង្ស័យ១នាក់ភ្លាមៗមាន ឈ្មោះ ថៃ ម៉េង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១០ សាលាវិទ្យាល័យ ហ៊ុន សែនចំបក់ មានទីលំនៅភូមិស្លា ឃុំវល្លីស ស្រុកសំរោងទងខេត្តកំពង់ស្ពឺី ដើមហេតុករណីឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះឈ្មោះ នៅ បុប្ផា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិថ្មី សង្កាត់រកាធំក្រុងច្បារមន ខេត្តកំពង់ស្ពឺ ខណៈដែលជនរងគ្រោះកំពុងតែជិះម៉ូតូ។
លោកមេបញ្ជាការបញ្ជាក់ថា ការឃាត់ជនសង្ស័យខាងលើកម្លាំងបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាក C.១២៥ ពណ៌ខ្មៅ សេរី២០១៧ពាក់ស្លាក លេខកំពង់ស្ពឺ 1J.2750 (ម៉ូតូ របស់ជនសង្ស័យ) ទូរស័ព្ទ០១គ្រឿងម៉ាក OPPO.5s ពណ៌ខ្មៅ (របស់ជនរងគ្រោះ)។
សូមបញ្ជាក់មួយរយៈចុងគេសង្កេតឃើញមានករណីចោរឆក់ជាច្រើនករណី ក្នុងភូមិសាស្ត្រក្រុងច្បារមន ហើយក៏ត្រូវបានបង្ក្រាបបានជាបន្តបន្ទាប់ និងបានបង្ហាញពីការយកចិត្តទុកដាក់របស់កងកម្លាំងសមត្ថកិច្ចក្នុងកិច្ចការពារ សន្តិសុខ សណ្តាប់សាធារណៈ សុវត្តិភាពជូនពលរដ្ឋ។
បច្ចុប្បន្ន ជនសង្ស័យនឹងវត្ថុតាងសម្ភារខាងលើបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បី កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕