(សៀមរាប)៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា នៅវេលាម៉ោង០៧៖៤០នាទី ព្រឹកថ្ងៃនេះ មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយសៀមរាប ទ្វារចរន្តF1 (GSSR F1) ដែលបណ្តាល ឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ករណីដាច់ចរន្តអគ្គិសនីនេះ មូលហេតុដោយសារមានក្រុមហ៊ុនខ្សែកាបអុបទិច ស៊ីហ្វុក កាយដីប៉ះកាបខ្សែបណ្តាញតង់ស្យុងមធ្យម (MV)ក្រោមដី។ ក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១០៖២១នាទីព្រឹក។
ជាមួយគ្នានេះ អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕