(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីថ្លែងការណ៍ថា «អ្នកសារព័ត៌មាន» មាន «សេរីភាពពេញលេញ» ក្នុងការផ្សព្វផ្សាយអំពីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ទាំងនៅដំណាក់ការឃោសនា រកសំឡេងឆ្នោត, នៅចំថ្ងៃបោះឆ្នោត, ដំណាក់កាលកំពុងរាប់សន្លឹកឆ្នោត និងដំណាក់កាលក្រោយថ្ងៃបោះឆ្នោត។
បើតាមសេចក្ដីថ្លែងការណ៍ ស.ស.ស.ក សង្កេតឃើញថា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ទទួលបាន «សេរីភាពពេញលេញ» ក្នុងការបំពេញតួនាទីរបស់ខ្លួន។ សារព័ត៌មានក្នុងស្រុកដូចជា វិទ្យុ និង ទូរទស្សន៍ រួមទាំងកាសែតផ្សាយជាភាសាអង់គ្លេសដូចជា៖ The Phnom Penh Post និង Khmer Times បានបែងចែកទំព័រកាសែត និងគេហទំព័ររបស់ខ្លួន ចុះផ្សាយអំពីសកម្មភាពឃោសនារកសំឡេងឆ្នោត នៃបណ្តាគណបក្សនយោបាយចម្រុះគ្នា។
អង្គភាពសារព័ត៌មានក្រៅប្រទេសដូចជា Channel News Asia, RT, Reuters, AP, AFP, Kyodo, NHK, VNA, EPA, Xinhua រួមទាំង វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ជាដើម បានដាក់ភ្នាក់ងារចុះមកយកព័ត៌មាននិងផ្សាយផ្ទាល់ចេញពីក្នុងប្រទេសកម្ពុជា ដោយសេរី និងដោយគ្មានការរារាំង ឬគំរាមកំហែងពីអជ្ញាធរកម្ពុជាឡើយ។
ស.ស.ស.ក កត់សំគាល់ថា គ្មានអ្នកសារព័ត៌មានណាម្នាក់ត្រូវបានរារាំងសិទ្ធិ មិនឲ្យចូលយកព័ត៌មាននៅក្នុងពេលឃោសនា របស់គណបក្សនយោបាយណាមួយឡើយ ហើយក៏គ្មានអ្នកសារព័ត៌មានណាម្នាក់ត្រូវបានរារាំងមិនឲ្យចូលយកព័ត៌មាន នៅតាមការិយាល័យបោះឆ្នោតណាមួយនៅទូទាំងប្រទេសនោះទេ។
បើតាម ស.ស.ស.ក មានបណ្តាញផ្សព្វផ្សាយ Online ចំនួន១៧អង្គភាព ត្រូវបានរាំងខ្ទប់ជាបច្ចេកទេសរយៈពេលខ្លីស្របតាមបំរាមថ្ងៃស ដើម្បីធានាបរិយាកាសអព្យាក្រិត្យ និងអនុលោមតាមច្បាប់ស្តីពីការបោះឆ្នោត, បទបញ្ជា, និង ក្រមសីលធម៌នៃការផ្សព្វផ្សាយ ដើម្បីធានាបរិយាកាស នៃការបោះឆ្នោតសកល អនុវត្តបានតាមគោលការណ៍៖ សេរី, ត្រឹមត្រូវ, និង យុត្តិធម៌។ ទោះជាយ៉ាងណា អង្គភាពព័ត៌មានទាំង១៧ នៅតែអាចផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន បានដោយសេរីនៅលើបណ្តាញសង្គមរបស់ខ្លួន៕