(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សរបួសស្រាល៤នាក់ និងរបួសធ្ងន់៦នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៥គ្រឿង រថយន្តតូច៤គ្រឿង រថយន្ដផ្សេងៗ២គ្រឿង និងថ្មើរជើង ១នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន, មិនប្រកាន់ស្តាំ, ប្រជែង, បត់គ្រោះថ្នាក់ និងមិនគោរពសិទ្ធិ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា រយៈពេល០៥ថ្ងៃនេះ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣៦លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន១០នាក់ ក្នុងនោះរងរបួសធ្ងន់ចំនួន៣៣នាក់ និងស្រាលចំនួន២៦នាក់៕