(ភ្នំពេញ)៖ ជាមួយនឹងការបង្ហោះរូបភាពនៃការជួបជុំដ៏រីករាយមួយសន្លឹក នៅលើទំព័រ Facebook សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨នេះ បានតបសារថ្លែងអំណរគុណជូនជនរួមជាតិខ្មែរទាំងអស់ ដែលបានជូនពរសម្ដេចក្នុងថ្ងៃចម្រើនជន្មាយុគម្រប់៦៨ឆ្នាំ។
ភាពសប្បារីករាយ ព្រមជាមួយសារថ្លែងអំណរគុណនេះ ត្រូវបានរំលេចឡើងក្នុងពិធីខួបកំណើតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលហាក់ដូចជាកំពុងមានសេចក្ដីសុខក្សេមក្សាន្ត ក្នុងគេហដ្ឋានមួយដ៏សុខសាន្ត ប្រៀបបានដូចជាប្រទេសជាតិមួយកំពុងមានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្តដូច្នេះដែរ។
បុត្រាបុត្រី បុត្រប្រសា រួមទាំងចៅៗរបស់សម្ដេចទាំងទ្វេ ដែលបានជួបជុំក្នុងពិធីខួបកំណើតនោះ សបញ្ជាក់ថា ទោះបីឈានចូលវ័យ៦៨ឆ្នាំក្ដី ប៉ុន្តែនាយករដ្ឋមន្ត្រីដែលតែងតែនៅជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលារូបនេះ នៅតែមានកម្លាំងពលំមាំមួនដដែលមានថាមពលគ្រប់គ្រាន់ ក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសកម្ពុជាបានយ៉ាងស្វាហាប់។
សារថ្លែងអំណរគុណនោះ សម្ដេចបានសរសេរយ៉ាងដូច្នេះថា «អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយជាទីស្រលាញ់ទាំងអស់ ដែលបានជូនពរខ្ញុំក្នុងថ្ងៃវិសេសវិសាលនេះ! ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានហូបបាយជួបជុំកូនចៅដ៏ច្រើននៅក្នុងថ្ងៃនេះដែរ»៕