(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ស្អែកនេះ នឹងអនុញ្ញាតឲ្យអត្តពលិក កីឡាករ កីឡាការិនី គ្រូបង្វិក រួមនិងប្រតិភូកីឡាសរុបជាង ៧០នាក់ ចូលជួបទទួលដំបូន្មានមួយចំនួនមុននឹងពួកគេចេញទៅចូលរួមប្រកួតកីឡា Asain Games នៅប្រទេសឥណ្ឌូនេស៊ី។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា រាល់ការត្រៀមប្រកួតលក្ខណៈហ្គេមផ្លូវការ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីគ្រប់ប្រភេទកីឡា ដែលជាកាយវិការមួយដ៏ប្រពៃសម្រាប់អត្តពលិកជម្រើសជាតិមុនការប្រកួត។
លោកបានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ការលើកទឹកចិត្តនេះ គឺជាការជំរុញទឹកចិត្ត និងឆន្ទៈប្រយុទ្ធ ក៏ដូចជាការប្រកួតប្រជែងកាន់តែល្អប្រសើរ។ ដូច្នេះប្រតិភូ និងកីឡាករ-កីឡាការិនី តែងតែដឹងគុណចំពោះសម្ដេចនាយករដ្ឋមន្ដ្រី ដែលតែងតែចូលរួមលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីមុនចូលរួមការប្រកួតជានិច្ច»។
សម្ដេចតេជោ ហ៊ុន សែន តែងតែងមានជំនួបជាមួយអត្តពលិក កីឡាករ កីឡាករិនី គ្រូបង្វឹក និងប្រតិភូកីឡាមុនឹងពួកគេចេញទៅចួលប្រកួតថ្នាក់តំបន់ ឬថ្នាក់អន្តរជាតិដូចជា Asain Games ជាដើម ដើម្បីផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួន។ ជាពិសេសេសរំឭកដល់គ្រប់កីឡាករ-កីឡាការិនីជាតិ ត្រូវគោរពឲ្យបាននូវក្រមសីលធម៌ និងបទបញ្ជាការប្រកួត កុំឲ្យមានការំលោភលើការប្រកួត ឬការប្រើប្រាស់សារធាតុហាមឃាត់ជាដើម ពោលគឺទោះបីឈ្នះ ឬចាញ់ ត្រូវរក្សាកិត្តិយសជាតិ សេចក្ដីថ្លៃថ្នូរបស់ជាតិឲ្យបាន។
បន្ថែមពីលើនោះ រាល់ការជួបសំណេះសំណាល សម្ដេចតេជោ ក៏តែងចំណាយធនធានផ្ទាល់របស់សម្ដេច ដើម្បីលើកទឹកចិត្តដល់គ្រប់អត្តពលិកផងដែរ ហើយក្រោយបញ្ចប់ការប្រកួត សម្រាប់អ្នកដណ្ដើមបានមេដាយ នឹងទទួលបានប្រាក់រង្វាន់ដ៏ច្រើន ពីរាជរដ្ឋាភិបាលទៀតផង ដែលជាកាយវិការបង្ហាញថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានយកចិត្តទុកដាក់ខ្ពស់លើវិស័យកីឡារបស់ជាតិ។
គួរបញ្ជាក់ថា ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ដែលត្រៀមចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃចន្ទ ស្អែកនេះ មានជាង ៧០នាក់លើ ១៣ប្រភេទកីឡា ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រិតសម្រាំងត្រៀមបញ្ជូនទៅប្រកួតកីឡា Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៨ ខែសីហា រហូតដល់ថ្ងៃទី០២ ខែកញ្ញាខាងមុខ។ ប្រភេទកីឡាដែលកម្ពុជាចូលរួមប្រកួតនេះ មានដូចជាកីឡាអត្តពលកម្ម ហែលទឹក តេក្វាន់ដូ យូដូ ចំបាប់ គុនដាវ ម៉ូតូទឹក ជឺជិតស៊ូ សូហ្វតេន្នីស កាយសម្ព័ន្ធ ទូកកានូ ការ៉ាតេដូ និងកីឡាទូកក្ដោង៕