(ភ្នំពេញ)៖ មានមតិមួយចំនួន ជាពិសេសពីសហរដ្ឋអាមេរិក និងលោកខាងលិច បានរិះគន់ថាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាកំពុងតែដើរថយក្រោយ។ ក្នុងនាមជាយុវជន ខ្មែរមួយរូបដែររស់នៅលើទឹកដីសុវណ្ណភូមិដ៏ផូរផង់នេះជាង២ទសវត្សមកហើយ ខ្ញុំយល់ឃើញថា ការរិះគន់ខាងលើគឺផ្ទុយខុសទាំងស្រុងពីការពិត និងអ្វីដែលកំពុងកើតមាន ឡើងនៅកម្ពុជា ។ ការពិតគឺកម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សបានយ៉ាងល្អ។
ពាក្យថា «ប្រជាធិបតេយ្យ» មានន័យថា ភាពនៃប្រទេសដែលមានប្រជារាស្រ្តជាអធិបតីគឺប្រទេស ឬរដ្ឋបាលដែលយកប្រជាជនជាធំក្នុងការរើសតំណាងរបស់ខ្លួនឲ្យជា អ្នកសម្រេចកិច្ចការក្នុងប្រទេស ។ «សេរី» មានន័យថា ដែលមានអំណាចពេញទី អាចធ្វើអ្វីបានតាមអំពើចិត្តប៉ុន្តែក្រោមច្បាប់ ឯ «ពហុ» មានន័យថា ដែលមានច្រើន។ ក្នុងន័យនេះ ច្រើនគឺលើសពី «ពីរ»។ ដូច្នេះ «ប្រជាធិបតេយ្យសេរីពហុបក្ស» ជាគោលការណ៍ដែលប្រជារាស្រ្តមានអំណាចពេញទីក្នុងការរើសតំណាងរបស់ខ្លួន ក្នុងចំណោមគណបក្សនយោបាយជាច្រើនដើម្បីដឹកនាំកិច្ចការប្រទេស។
កម្ពុជាបានរៀបចំការបោះឆ្នោតសកលឆ្នាំ២០១៨ ដើម្បីជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី ៦ កាលពីថ្ងៃទី២៩ កក្កដា ២០១៨ កន្លងទៅនេះ ។ លទ្ធផលបឋមពីគណៈកម្មាធិការរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានបង្ហាញឲ្យឃើញថា មានគណបក្សចំនួន២០ ចូលរួមប្រកួតប្រជែងឈរឈ្មោះឲ្យរាស្ត្របោះឆ្នោត និង មានប្រជាពលរដ្ឋប្រមាណ ៨២,៨៩% នៃអ្នកចុះឈ្មោះបោះឆ្នោតសរុបប្រមាណ ៨,៣៨០,២១៧នាក់ បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។ សូចនករទាំងពីរខាងលើនេះបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសមួយនេះបានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។
គ.ជ.ប បានបន្ថែមថា មានអ្នកសង្កេតការណ៍អន្តរជាតិចំនួនជាង៥០០នាក់ មកពីជាង៧០ប្រទេស ដែលក្នុងនោះអ្នកសង្កេតការណ៍មួយចំនួនមកពីស្ថាប័នអន្តរជាតិ ដូចជា៖ សហគមន៍អឺរ៉ុប ប្រទេសមួយចំនួននៅអាស៊ាន និងពិសេសសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី សន្និបាតសភាអាស៊ី សន្និបាតអន្តរសភាអាស៊ាន ក្រុមប្រឹក្សាអឺរ៉ុបស្តីពីទំនាក់ទំនងអន្តរជាតិ បានអញ្ជើញមកធ្វើជាសាក្សី ក្នុងការរៀបចំការបោះឆ្នោតរបស់កម្ពុជា និងវាយតម្លៃជាសត្យានុម័តថា កម្ពុជាបានរៀបចំការបោះឆ្នោតដោយអព្យាក្រឹត សេរី ត្រឹមត្រូវ និង យុត្តិធម៌ តាមបែបលទ្ធិប្រជាធិបតេយ្យពោរពេញដោយសន្តិភាព និយាយឲ្យខ្លីគឺល្អជាងការបោះឆ្នោតនៅ
បណ្តាប្រទេសនៃលទ្ធិប្រជាធិបតេយ្យផ្សេងទៀតទូទាំងសកលលោក ជាពិសេសល្អជាងប្រទេសលោកខាងលិច និងអាមេរិកដែលមានប្រជាជន ទៅបោះឆ្នោតតែ ៥៥,៧០% តែប៉ុណ្នោះកាលពីឆ្នាំ ២០១៦កន្លងទៅ ។ អាមេរិក និង លោកខាងលិច មិនទាំងបញ្ជូនអ្នកអង្កេតការណ៍ផ្លូវការមកផង ប៉ុន្តែបែរជាប្រកាសក្តែងៗថា ការបោះឆ្នោតនៅកម្ពុជាមិនសេរី និងយុត្តិធម៌។ យើងអាចសន្និដ្ឋានបានថា ព័ត៌មានដែលពួកគេទទួលបានគឺព័ត៌មានក្លែងក្លាយពីក្រុមប្រឆំាងតែប៉ុណ្ណោះ។
អ្នកសង្កេតការណ៍អន្តរជាតិខាងលើនេះមិនត្រឹមតែនិយាយតែមាត់ទេ តែក្នុងនាមបុគ្គល និងអង្គការរបស់គេ ថែមទាំងបានចេញសេចក្តីថ្លែងការណ៍ ស្តីពីទិដ្ឋភាពទូទៅនៃការបោះឆ្នោតនៅកម្ពុជាទៀតផង។ សេចក្តីថ្លែងការណ៍នីមួយៗសុទ្ធតែបានថ្លែងថា ការបោះឆ្នោតនៅកម្ពុជាបានរៀបចំឡើងដោយសេរី ត្រឹមត្រូវ មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា ហើយក៏មានការឯកភាពពីអ្នកសង្កេតការណ៍របស់គណបក្សនយោបាយនានានៅប្រទេសកម្ពុជា ចំនួនប្រមាណជិត៩០.០០០នាក់ ហើយ និងប្រមាណ ៨០.០០០ នាក់ផ្សេងទៀត មកពីសមាគម និងអង្គការជាតិនានាផងដែរ ព្រោះវាជាការពិត។
កម្ពុជាមិនត្រឹមតែអនុវត្តគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សបានល្អទេ ប៉ុន្តែថែមទាំងបានពង្រឹងគោលការណ៍នេះទៀតផង។ យើងនៅចងចាំថា កាលពីឆ្នាំ២០១៣ មានប្រជាពលរដ្ឋតែប្រមាណ៦៩,៦១% ប៉ុណ្ណោះបានអញ្ជើញទៅបោះឆ្នោតប្រៀបធៀបនឹង៨២,៨៩% ឆ្នាំ២០១៨ ឯគណបក្សនយោបាយទៀតសោតកើនឡើនពីចំនួន៨ក្នុងឆ្នាំ ២០១៣ ទៅ ២០ ក្នុងឆ្នាំ ២០១៨។ កាលពីឆ្នាំ ២០១៣ បោះឆ្នោតហើយភ្លាមមិត្តខ្ញុំទូរស័ព្ទមកខ្ញុំថា គេនឹងចេញទៅប្រទេសថៃដើម្បីសុវត្ថិភាពរបស់ក្រុមគ្រួសារគេ ឯក្រុមគ្រួសារខ្ញុំគ្មានជម្រើសអ្វីក្រៅពីស្ថិតនៅក្នុងស្រុក ទិញមីម៉ាម៉ាបម្រុងក្រែងមានអាសន្នអ្វីកើតឡើង។ ក៏មានប្រជាពលរដ្ឋខ្មែរមួយចំនួនរបួសធ្ងន់ធ្ងរ និងខ្លះបាត់បង់ជីវិតទៀតផង ក្នុងការធ្វើបាតុកម្មហិង្សាមួយនៅផ្លូវវេងស្រេង រាជធានីភ្នំពេញ។ ដោយឡែក ក្នុងឆ្នាំ ២០១៨ ការបោះឆ្នោតបានប្រព្រឹត្តទៅយ៉ាងរលូន សន្តិភាព សន្តិសុខ សុវត្ថិភាព ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និង បទដ្ឋានគតិយុត្តផ្សេងទៀតដែលពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជា ។
តើនេះមិនបញ្ចាក់ពីការផ្លាស់ប្តូរវិជ្ជមានរបស់កម្ពុជា ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សទេឫ ?
សរុបមក ការរិះគន់ពីសំណាក់អាមេរិក និងលោកខាងលិចដែលថា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាកំពុងតែដើរថយក្រោយ គឺមានចរិតនយោបាយ និង បន្ទាបតម្លៃនៃឆន្ទៈរបស់ប្រជាជនកម្ពុជាជាង ៦.៩៤៦.១៦៤ នាក់ ដែលចំណាយពេលវេលាដ៏មានតម្លៃទៅបោះឆ្នោតជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។ ការរិះគន់នេះគឺផ្ទុយស្រឡះពីការពិត ដែលការពិតឥតប្រកែកបាន គឺកម្ពុជាបានប្រកាន់យ៉ាងខ្ជាប់ខ្ជួន និងពង្រឹងនូវគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សឲ្យឆ្ពោះ ទៅមកជានិច្ច ដែលឆ្លុះបញ្ចាំងតាមរយៈការបោះឆ្នោតអព្យាក្រឹត សេរី ត្រឹមត្រូវ និង យុត្តិធម៌ តាមបែបលទ្ធិប្រជាធិបតេយ្យពោរពេញដោយសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា ។
ក្នុងនាមជាពលរដ្ឋខ្មែរមួយរូបដែលស្រលាញ់សន្តិភាព និងការអភិវឌ្ឍ ខ្ញុំសូមអំពាវនាវឲ្យប្រទេសមហាអំណាចដូចជា អាមេរិក និង លោកខាងលិច ឈប់ធ្វើការរិះគន់ដែលផ្ទុយ ពីការពិតមកលើកម្ពុជា តែប្តូរទៅបន្តផ្តល់ជំនួយហិរញ្ញវត្ថុ និងបចេ្ចកទេស ដើម្បីឲ្យប្រទេសកម្ពុជារីកចម្រើនទៅមុខទៀត នៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យឥតងាកក្រោយ ដើម្បីឲ្យកម្ពុជារក្សាបាននូវសន្តិភាព ស្ថេរភាពយូរអង្វែង និងការអភិវឌ្ឍដោយនិរន្តភាព ជាពិសេសដើម្បីឲ្យប្រជាពលរដ្ឋរបស់ខ្ញុំ និង រូបខ្ញុំផ្ទាល់រស់នៅក្នុងភាពសុខដុម និង ក្សេមក្សាន្ត ដូចប្រទេសរបស់អស់លោកដែរ។
និស្សិតបរិញ្ញាប័ត្រទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា
ថ្ងៃអាទិត្យ ៩រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
រាជធានីភ្នំពេញ, ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨