(ភ្នំពេញ)៖ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន យើងខ្ញុំបានខកខានចំពោះការបង្ហាញនូវគតិបណ្ឌិតទាំង១០ ដោយសារតែផ្តោតលើការចេញផ្សាយព័ត៌មាន ដែលពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាង នីតិកាលទី៦ ប៉ុន្តែសម្រាប់សប្ដាហ៍ថ្មីនេះយើងខ្ញុំបានវិលមកជួបលោកអ្នកវិញហើយ ដោយលើកនេះប្រាកដជាប្លែកលើសលើកមុនជាមួយសម្ដីមាស ក៏ដូចជាគតិបណ្ឌិតទាំង១០របស់អ្នកដឹកនាំនៅជុំវិញពិភពលោក។
សម្ដីមាស និងគតិបណ្ឌិតទាំង១០នោះ រួមមាន៖
១៖ អ្នកដឹកនាំ ចូរកុំចេញបញ្ជាណាដែលមិនអាចអនុវត្តបានឱ្យសោះ ពីអគ្គមេបញ្ជាការកងទ័ពអាមេរិក លោកឧត្តមសេនីយ៍ Douglas MacArtur។
២៖ បើល្មោភលុយកុំធ្វើនយោបាយ ទៅធ្វើជំនួញទៅ ពីអតីតប្រធានាធិបតី អ៊ុយរ៉ាហ្គាយ លោក ហូសេ មូហ្វីហ្កា (Jose Mujica)។
៣៖ អ្នកដឹកនាំល្អទទួលយកមួយចំណែកធំនៃការស្ដីបន្ទោស តែទទួលយកកិត្តិគុណតែបន្តិចបន្តួចប៉ុណ្ណោះ ពីលោក John C Maxwell ជាអ្នកនិពន្ធអាមេរិកផង ប្រធានសភាអាមេរិកផង និងជាបុព្វជិតផង។
៤៖ ភាពជាអ្នកដឹកនាំ និងការសិក្សាមិនអាចខ្វះបានឡើយ ពីប្រធានាធិបតីអាមេរិកទី៣៥ លោក ចន កេនណេឌី។
៥៖ ជំហានដំបូងដើម្បីដឹងថា មេដឹកនាំម្នាក់ឆ្លាតប៉ុណ្ណា យើងត្រូវសម្លឹងមើលទៅមនុស្សនៅជុំវិញមេដឹកនាំនោះជាមុនសិន ពីលោក Niccola Machiavelli (១៤៦៩-១៥២៧) អ្នកការទូតជនជាតិអ៉ីតាលី អ្នកនយោបាយ ប្រវត្តិវិទូ ទស្សនវិទូ និងជានរវិទូ។
៦៖ ការត្រៀមខ្លួនសម្រាប់សង្គ្រាមអាចជាវិធីសាស្ត្រដ៏ល្អមួយសម្រាប់រក្សាសន្តិភាព ពីប្រធានាធិបតីអាមេរិកទី១ លោក ចច វ៉ាស៊ីនតោន។
៧៖ មេដឹកនាំគឺជាអ្នកចរចាសម្រាប់ក្ដីសង្ឃឹម ពីព្រះចៅអធិរាជបារាំង ណាប៉ូឡេអុង បូណាផាត។
៨៖ ការផ្លាស់ប្ដូរនឹងមិនអាចកើតឡើងទេ បើយើងនៅរង់ចាំអ្នកដទៃមកផ្លាស់ប្ដូរជំនួស ពីប្រធានាធិបតីអាមេរិកទី៤៤ លោក បារ៉ាក់ អូបាម៉ា។
៩៖ អ្នកដឹកនាំគឺដឹកនាំដោយជាគំរូ មិនមែនដឹកនាំដោយកម្លាំងនោះទេ ពីបិតាសង្គ្រាមវិទូបុរាណចិន លោក ស៊ុន អ៊ូ។
១០៖ ប្រសិនបើទង្វើរបស់អ្នកជំរុញទឹកចិត្តរបស់អ្នកដទៃឱ្យប្រឹងធ្វើការខ្លាំងជាងមុន នោះអ្នកគឺជាអ្នកដឹកនាំម្នាក់ ពីប្រធានាធិបតីអាមេរិកទី៦ លោក ចន អាដាម (John Quincy Adams)៕