(កំពង់ចាម)៖ ព្រះរាជអាជ្ញាខេតកំពង់ចាម លោក ហូត វុទ្ធី នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាកម្លាំងនគរបាលបើកប្រតិបត្តិការ បង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែង នៅស្រុកកងមាស ដោយដកហូតបានវត្ថុតាងមួយចំនួនធំ និងលែងកូនត្រីចម្រុះជាង៥០០គីឡូក្រាម។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន អំពីបទល្មើសនេសាទខុសច្បាប់ និងមានការគោលការណ៍ពីព្រះរាជអាជ្ញាខេត្តនោះ លោកបានចាត់បញ្ជាអធិការនគរបាលស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលនៅមូលដ្ឋាន សហការជាមួយក្រុមប្រឹក្សាឃុំខ្ចៅ និងប្រជាពលរដ្ឋ ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅចំណុចបឹងB6 ស្រុកកងមាស ខេត្តកំពង់ចាម។
បើតាមលោកឧត្តមសេនីយស្នងការ, ជាលទ្ធផលកម្លាំងនគរបាលដកហូតបាន លូស្បៃមុងចំនួន២៧មាត់, រ៉ាវចំនួន២៨មាត់, របាំងព្រួល ប្រវែង១,៦៥០ម៉ែត្រ និងចាក់លែងកូនត្រីចំរុះចូលក្នុងបឹងចំនួន៥២០គីឡូក្រាម។ ចំពោះសម្ភារវត្ថុតាង បានបង្កើតគណកម្មការដុតបំផ្លាញចោលនៅនិងកន្លែងតែម្ដង៕