(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានបង្ហាញមុខជនសង្ស័យចំនួន ០៤នាក់ និងកំពុងតាមចាប់ខ្លួនបន្ថែមទៀត ខណៈដែលថ្មីៗនេះ បានកើតករណីឆក់ជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រក្រុងច្បារមន និងផ្សារកំពង់ស្ពឺ។
មុននឹងឈានទៅឃាត់ខ្លួនជនសង្ស័យ លោកស្នងការបានរៀបរាប់ថា កាលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ ម៉ោង២១៖០០នាទី នៅតាមបណ្តោយផ្លូវលេខ១៤៤០ ខាងជើងស្ពានរលួស ប្រហែល ១០០ម៉ែត្រ ស្ថិតក្នុងភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានករណីលួចដោយស្ថានទម្ងន់ទោស ឆក់យកកាបូបស្ពាយ បង្កដោយជនល្មើស ២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូពណ៌ខ្មៅ។
លោកស្នងការបញ្ជាក់ថា ករណីនេះបណ្តាលឲ្យរងគ្រោះស្ត្រីម្នាក់ឈ្មោះ ឆេង លាងងីម ភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន។ មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ម្នាក់ឯងចេញពីភូមិត្រពាំងគិន ឃុំព្នាយ ស្រុកសំរោងទង។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែជនល្មើស២នាក់ ជិះម៉ូតូតាមពីក្រោយ។ ម្នាក់ខាងក្រោយឆក់យកកាបូប បណ្តាលឲ្យដួលម៉ូតូ រងរបួសជនរងគ្រោះ បែកក្បាលជង្គង់ខាងឆ្វេង បាក់កដៃឆ្វេង យ៉ាងធ្ងន់។ សម្ភារដែលបាត់បង់មានលុយខ្មែរ ៣,៥០០,០០០រៀល, អត្តសញ្ញាណបណ្ណ១សន្លឹក, លិខិតឆ្លងដែន១ក្បាល, កាតគ្រីម៉ូតូ៣, កាតបើកលុយលីហួរ១។
ក្រោយកើតហេតុ កម្លាំងជំនាញបើកកិច្ចប្រតិបត្តិការស៊ើបអង្កេត រហូតដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ បានស្រាវជ្រាវ និងឃាត់ខ្លួនជនស្ស័យចំនួន ៤នាក់ រួមមាន៖
ទី១៖ ឈ្មោះ ថុល ប៊ុនថៃ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិក្រាំងតារ័ត្ន ឃុំព្នាយ ស្រុសំរោងទង។ ដកហូតម៉ូតូសេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ស្លាកលេខ 1L1733 ម្ចាស់ម៉ូតូជិះធ្វើសកម្មភាព និងជាអ្នកបើកម៉ូតូ។
ទី២៖ ឈ្មោះ នៅ លីហៀង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិខោប សង្កាត់រកាធំ ក្រុងច្បារមន ជាអ្នកឆក់ផ្ទាល់។
ទី៣៖ ឈ្មោះ សេង ម៉េងសាន់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិខោប សង្កាត់រកាធំ ក្រុងច្បារមន ជាអ្នកបើកម៉ូតូ។
ទី៤៖ ឈ្មោះ នង រុំ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិខោប សង្កាត់រកាធំ ក្រុងច្បារមន អ្នកជិះម៉ូតូ។
តាមចម្លើយសារភាព ពួកគេនៅមានគ្នារួមគំនិតផ្សេងទៀត កំពុងរត់គេចខ្លួន។ ពួកគេបានឆក់ជាច្រើនកន្លែងផ្សេងទៀត និងខេត្តផ្សេងទៀត ជាច្រើនករណីផងដែរ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បន្តស្រាវជ្រាវដើម្បីឃាត់ខ្លួនបក្ខពួក ដែលនៅសេសសល់៕