(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា តែងតែរៀបចំដំណើរកម្សាន្ត ទៅកាន់គោលដៅល្បីៗនៅលើពិភពលោកសម្រាប់អតិថិជនខ្លួន។ ជាក់ស្តែង ថ្ងៃនេះក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានដឹកដៃអតិថិជនឆ្នើមរបស់ខ្លួន ១៩នាក់ ធ្វើដំណើរកម្សាន្ត រយៈ១សប្តាហ៍ ទៅកាន់ទីក្រុងនូរ៉ឹមប៊ើក ប្រទេសអាល្លឺម៉ង់ និងទីក្រុងប៉ារីស ប្រទេសបារាំង ដែលសុទ្ធសឹងជាទីក្រុង ដែលអ្នកទេសចរណ៍នៅជុំវិញពិភពលោក តែងតែចង់ទៅទស្សនា។
ដំណើរកំសាន្តនេះ ចាប់ផ្តើមពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។ ក្រៅពីដំណើរកម្សាន្តនេះ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ក៏នឹងរៀបចំដំណើរកម្សាន្តទៅកាន់ប្រទេស និងទីក្រុងធំៗ ក្នុងអាស៊ីជាច្រើនទៀតដូចជា ប្រទេសកូរ៉េ ទីក្រុងហុងកុង សម្រាប់ អតិថិជនខ្លួនផ្សេងៗទៀតដែរ។
ក្នុងឱកាសចេញដំណើរទៅកម្សាន្តប្រទេសអាល្លឺម៉ង់ និងបារាំង ជាមួយអតិថិជនឆ្នើមប្រចាំឆ្នាំ របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស លោក លាង ពៅ ដែលជាអគ្គនាយកក្រុមហ៊ុន បានថ្លែងថា «តាងនាមឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ខ្ញុំមានសេចក្តីរីករាយណាស់ ដែលមានឱកាសជួបជុំជាមួយអតិថិជនឆ្នើមរបស់យើង ក្នុងឆ្នាំ២០១៨នេះ ដើម្បីរួមដំណើរកម្សាន្តទៅកាន់ទីក្រុងនូរ៉ឹមប៊ើក និងទីក្រុងប៉ារីស នាថ្ងៃនេះ»។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨នេះ អគ្គនាយកក្រុមហ៊ុនរូបនេះ បានថ្លែងបន្តថា បានជាក្រុមហ៊ុនរៀបចំកម្មវិធីនាំអតិថិជនទៅកម្សាន្តនេះ ដើម្បីអរគុណអតិថិជនឆ្នើមប្រចាំឆ្នាំ ដែលតែងតែជឿជាក់លើផលិតផលរបស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ហើយព្យាយាមជួយជ្រោមជ្រែង វាយដណ្តើមទីផ្សារឲ្យស្រាបៀរកម្ពុជា និងផលិតផលភេសជ្ជៈផ្សេងៗរបស់ក្រុមហ៊ុន ឲ្យទទួលបានជោគជ័យ និងការគាំទ្រពីអតិថិជនក្នុងស្រុក ទូទាំងប្រទេស។
លោកបន្តថា គោលបំណងពីរទៀតនៃដំណើរកម្សាន្តនេះ ដើម្បីលើកទឹកចិត្តអតិថិជនឆ្នើម ឲ្យខិតខំប្រឹងបន្តទៀតនៅឆ្នាំក្រោយ ដើម្បីជោគជ័យទាំងអស់គ្នា និងដើម្បីបង្កើតអនុស្សាវរីយល្អៗ ជាមួយអតិថិជនឆ្នើមរបស់ខ្លួន។
មូលហេតុ ដែលក្រុមហ៊ុនជ្រើសរើសទីក្រុងនូរ៉ឹមប៊ើក និងទីក្រុងប៉ារីស ត្រូវបានលោក លាង ពៅ បញ្ជាក់ឲ្យដឹងថា៖
១៖ ទីក្រុងនូរ៉ឹមប៊ើក ជាទីក្រុងដ៏ស្រស់ស្អាតមួយនៅប្រទេសអាល្លឺម៉ង់ ដែលសម្បូរទៅដោយ ទីតាំងប្រវត្តិសាស្ត្រ ដូចជាវិហារបូរាណជាដើម ជាពិសេស ក្រុមហ៊ុនក៏នឹងនាំអតិថិជន របស់ទៅធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Krones AG ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់ គ្រឿងចក្រ និងបច្ចេកវិទ្យាក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈដ៏ធំ និងល្បីល្បាញមួយក្នុងពិភពលោក ហើយក្រុមហ៊ុននេះក៏ជាអ្នកផ្គត់ផ្គង់គ្រឿងចក្រ ទំនើបៗមកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ផងដែរ។ ក្រុមហ៊ុន ចង់ឲ្យអតិថិជនឃើញ ប្រភពនៃបច្ចេកវិទ្យាដ៏ទំនើបមកពីអ៊ឺរ៉ុប ដែលបានយកមកបំពាក់ក្នុងរោងចក្រក្រុមហ៊ុន។
២៖ ទីក្រុងប៉ារីស ជាទីក្រុងដ៏ស្រស់ស្អាត និងពោរពេញទៅដោយភាពរ៉ូមិនទិក ដែលនរណាៗក៏តែងតែប៉ងប្រាថ្នាទៅដល់ ដូច្នេះហើយក្រុមហ៊ុន ក៏ចង់ធ្វើឲ្យក្តីស្រម៉ៃ របស់អតិថិជនរបស់ខ្លូន ដែលតែងតែចង់ទៅដល់ទីក្រុងដ៏ស្រស់ស្អាតនេះក្លាយជាការពិតផងដែរ។ ក្រុមហ៊ុនបានរៀបចំកញ្ចប់ដំណើរកម្សាន្តមួយដ៏ពិសេស ដែលនឹងនាំ អតិថិជនទៅកាន់គោលដៅដ៏អស្ចារ្យនានានៅទីក្រុងប៉ារីស ដូចជា Tour Eiffel វិមានអាកដឺទ្រីយ៉ុម( Arc De Triomphe) មហាវិថី ស្សង់អេលីហ្សេ (Champs Elysée Boulevard) សារមន្ទីរ លូវ (Louvre Museum) និងវិចិត្រសាល ឡាហ្វាយែត (Lafayette Galleries) ដ៏ស្កឹមស្កៃ។
បើតាមអគ្គនាយកក្រុមហ៊ុនរូបនេះ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស តែងផ្តល់ជូនអតិថិជននូវអ្វីដែលល្អជាងគេ ស៊ីវិល័យជាងគេ ទំនើបជាងគេ និងធ្វើអ្វីឲ្យបានមុនគេ ដូច្នេះបានជាក្រុមហ៊ុន សម្រេចនាំអតិថិជនទៅអតិថិជនទៅទីក្រុងដ៏ល្បីឈ្មោះទាំងនេះ។ អតិថិជនដែលអាចចូលរួមដំណើរកម្សាន្តទៅនេះ ត្រូវបំពេញលក្ខខណ្ឌ គ្រាន់តែត្រូវលក់ស្រាបៀរកម្ពុជា និងផលិតផលផ្សេងៗរបស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ទៅតាមគោលដៅដែលក្រុមហ៊ុន បានកំណត់ឲ្យ។
ចុងក្រោយ លោកសូមអរគុណអតិថិជនឆ្នើមរបស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស ដែលតែងតែជួយជ្រោមជ្រែងធ្វើយ៉ាងណាឲ្យផលិតផលរបស់ខ្លួន អាចប្រកួតប្រជែងនៅលើទីផ្សារ និងទទួលបានជោគជ័យដូចបច្ចុប្បន្ន ហើយបានផ្តល់កិត្តិយសចូលរួមដំណើរកម្សាន្ត ដ៏រីករាយនេះ។ លោកសង្ឃឹមថាដំណើរកម្សាន្តនេះ នឹងផ្តល់ភាពរីករាយដល់អតិថិជនឆ្នើមទាំងអស់គ្នា និងបង្កើនអនុស្សាវរីយ៍ល្អៗបន្ថែមទៀត សម្រាប់អតិថិជន ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុនផងដែរ៕