(ភ្នំពេញ)៖ មូលហេតុដែលជប៉ុន សម្តែងការសោកស្តាយចំពោះការបោះឆ្នោតនៅកម្ពុជា ដោយសារតែជប៉ុន មិនពេញចិត្តនឹងទង្វើបំផ្លិចបំផ្លាញរបស់ក្រុមប្រឆាំង ដែលបានធ្វើគ្រប់សកម្មភាព ដើម្បីរារាំងដល់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការអះអាងរបស់ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨នេះ។
លោក សុខ ឥសាន បានពន្យល់ថា ជប៉ុនជានិច្ចជាកាលតែងតែគោរពឯករាជ្យ និងអធិបតេយ្យភាពកម្ពុជា និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការផ្តល់ជំនួយកសាង និងអភិវឌ្ឈកម្ពុជា ព្រមទាំងផ្តល់ជំនួយឲ្យ គ.ជ.ប ដើម្បីឱ្យដំណើរការបោះឆ្នោតប្រកបដោយជោគជ័យ ដែលពេលនេះការបោះឆ្នោត បានសម្រេចជោគជ័យតាមសំណូមពរហើយ គឺប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធ៌ម គ្មានអំពើហឹង្សា ឬបាតុភាពអសកម្មណាមួយកើតឡើងឡើយ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការដែលជប៉ុនសម្តែងការសោកស្តាយចំពោះការបោះឆ្នោតដែលមានសន្លឹកឆ្នោតខូចច្រើន គឺចង់បញ្ជាក់ថា គាត់មិនពេញចិត្តនឹង អំពើវិទ្ធង្សនារបស់ពួកអតីតបក្សប្រឆាំងដែលបាននិងខិតខំធ្វើគ្ររប់រូបភាពដើម្បីបំផ្លាញការបោះឆ្នោត ដោយឃោសនាឲ្យអតីតអ្នកគាំទ្រចូលរួមបំផ្លាញផង។ ដូច្នេះការមានសម្លឹក ឆ្នោតខូចច្រើននោះ គឺកើតចេញពីឧបាយកលរបស់ពួកប្រឆាំង ជប៉ុនចង់ស្តីឲ្យអតីតបក្សប្រឆាំងទេ មិនមែនចង់និយាយថា ការខូចសន្លឹកឆ្នោតច្រើនមកពីការផ្តល់ជំនួយរបស់គាត់មកឲ្យ គ.ជ.ប ទេ។ ការខូចសន្លឹកឆ្នោតច្រើនប៉ុននេះ បញ្ជាក់ច្បាស់ថា អ្នកនៅគាំទ្រអតីតបក្សប្រឆាំងមានតែមិនដល់៥០ម៉ឺននាក់ផង»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្តថា ជប៉ុនតែងតែមាននយោបាយគោរពឯករាជ្យ និងអធិបតេយ្យភាពកម្ពុជាតាំងពីដើមមក។ ហេតុនេះហើយបានជាជប៉ុនមិនលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជាទេ។ ការចង់ឲ្យមានការចរចានយោបាយណាមួយនៅកម្ពុជា គឺជាចេតនាដ៏ល្អរបស់ជប៉ុន។ ប៉ុន្តែបញ្ហាដែលនាំដល់ការបិទទ្វារវប្បធម៌សន្ទនា គឺកេីតចេញពីអតីតៈបក្សប្រឆាំងជាបន្តបន្ទាប់ ទោះបីគណបក្សប្រជាជនកម្ពុជា បានខិតខំព្យាយាមថែរក្សាក៏មិនបានការដោយសារតែភាគីម្ខាងទៀបំផ្លាញចោល។ ដូច្នេះការចរចាណាមួយនឹងមិនអាចកើតមានឡើងទាល់តែសោះ បេីអតីតៈបក្សប្រឆាំងនៅតែបំផ្លាញ។
លោកបានបញ្ជាក់ទៀតថា ឥឡូវការបោះឆ្នោតបានបញ្ចប់ដោយជោគជ័យរួចហើយ បញ្ហាសំខាន់គឺនាំគ្នាគោរពលទ្ធផលបោះឆ្នោត ហើយដំណើរការរៀបចំស្ថាប័នរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជាថ្មី ស្របតាមនីតិវិធី និងតាមច្បាប់ជាការស្រេច៕