(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងលើកទិសដៅ អនុវត្ដការងារថ្មីបន្ដ ជាមួយថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម សរុបជិត៤០០នាក់។
ថ្លែងនៅក្នុងពិធីនេះ លោកបណ្ឌិត ម៉ា ឈឿន ក៏បានសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត និងសូមថ្លែងអំណរគុណដល់ប្រជាជន និងសមាជិកគណបក្សទាំងអស់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលបានទៅចូលរួម បោះឆ្នោតដ៏ច្រើនកុះករ និងបានជួយបោះឆ្នោតគាំទ្រ ឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានសន្លឹកឆ្នោតដ៏ច្រើនលើសលុប។
លើសពីនេះទៅទៀត លោកបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារចុះជួយស្រុក ឃុំ និងភូមិទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបាន យ៉ាងល្អប្រសើរ នាពេលកន្លងមក រួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំង ដែលចូលរួមការពារសុខសុវត្ថិភាពបានល្អប្រសើរ ក្នុងដំណាក់កាលមុន និងដំណាក់កាលបោះឆ្នោត។
ដើម្បីបង្កើនការងារ ឲ្យបានខ្លាំងជាងមុន ល្អជាងមុន លឿនជាងមុន នៅមូលដ្ឋានស្រុកជើងព្រៃ, តំណាងរាស្ដ្រ ម៉ា ឈឿន បានលើកទិសដៅចំនួន៦ ចំណុចសំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃស្រុកជើងព្រៃ រួមមាន៖
ទី១៖ បន្ដចុះចិញ្ចឹមចលនា
ទី២៖ បន្ដដោះស្រាយសំណូមពរ របស់ប្រជាជន, កម្មករ, និវត្ដន៍ជន, និងមន្ដ្រីរាជការ
ទី៣៖ ពង្រឹងការអនុវត្ដគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព និងរួមចំណែកការពារសុវត្ថិភាព
ទី៤៖ ចាត់ក្រុមការងារពិសេស ដើម្បីដំណើរការយន្ដការ គ្រប់គ្រងសមាជិកបក្ស និងបណ្ដុះបណ្ដាល ពង្រឹងគោលជំហរ ទទួលឆន្ទះសមាជិកបក្ស និងពង្រីកសមាជិកបក្ស ដើម្បីឲ្យរឹងមាំទាំងបរិមាណ និងគុណភាព
ទី៥៖ ពង្រឹងកម្លាំងនគរបាល, កម្លាំងកងរាជអាវុធហត្ថ, និងកម្លាំងយោធា
ទី៦៖ ពង្រឹងសេនាជន ភូមិ-ឃុំ ឡើងវិញ។
ជាមួយគ្នានោះផងដែរ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម រូបនេះ ក៏បានអំពាវនាវ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងក្រុមការងារបក្សចុះជួយ ស្រុក ឃុំ និងភូមិទាំងអស់ ត្រូវអនុវត្តន៍ឲ្យបានពេញលេញបំផុត តាមបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ៖
១៖ បន្តថែរក្សា ឲ្យបានភូមិ-ឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសើរ ជាពិសេសកុំឲ្យមានបងតូច បងធំ នៅក្នុងភូមិ-ឃុំ។
២៖ បន្តចុះទៅកាន់មូលដ្ឋាន ដើម្បីបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់បំផុត ប្រសើរជាងមុន មានភាពទូលំទូលាយជាងមុន និងឲ្យមានប្រសិទ្ធភាពជាងមុន។
៣៖ កុំឲ្យប្រជាពលរដ្ឋទាំងអស់ មានការរើសអើងរវាងអ្នកទៅបោះឆ្នោត និងអ្នកមិនបានទៅបោះឆ្នោត ហើយបន្តខន្តី និងយោគយល់ឲ្យគ្នា លុបបំបាត់ឲ្យបានទាំងស្រុងការរើសអើង ការលាបពណ៌ ប្រកាន់បក្សពួក ដែលអាចនាំឲ្យប្រទេសជាតិ មានការបែកបាក់ ប្រេះឆាផ្ទៃក្នុងជាតិ៕