(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ទីរកសិកម្ម និងមន្ទីរធនធានទឹក ដើម្បីពិនិត្យស្ថានភាពបង្កបង្កើនផល របស់ប្រជាកសិករក្នុងស្រុកសំរោងទង ចំនួន៣ភូមិ ដែលទទួលផលប៉ះពាល់ដំណាំស្រូវ និងបាននាំស្រូវពូជ ទៅចែកដល់ដៃកសិករ ថែមទាំងបូមទឹកជូនពួកគាត់ឲ្យធ្វើទាន់រដូវផងដែរ។
អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់ប្រជាកសិករក្នុងពេលចុះចែកស្រូវពូជថា បើកសិករជួបផលលំបាក សូមរាយការណ៍បន្ទាន់មកអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យក្រុមការងារដោះស្រាយជូនបន្ទាន់ទាំងបញ្ហាទឹក និងបញ្ហាគ្រាប់ពូជ ពីព្រោះរដ្ឋបាលខេត្ត បានត្រៀមជាស្រេចចំពោះការខ្វះខាតរបស់ប្រជាកសិករ។
លោកអភិបាល បានបន្តថា ចំពោះបញ្ហាបច្ចេកទេសកសិកម្ម គឺមានមន្ទីរកសិកម្មជាអ្នកប្រឹក្សាជូនចំពោះប្រជាកសិករ ដោយឡែកប្រព័ន្ធស្រោចស្រប មន្ទីរធនធានទឹក បានប្រកាសតាមក្រុង-ស្រុក បើមានប្រឡាយខ្វះម៉ាស៊ីបូមសុំឲ្យស្នើបន្ទាន់មកមន្ទីរជំនាញ ដើម្បីដោះស្រាយឲ្យទាន់សភាពការណ៍ចាំបាច់របស់កសិករ។
ជាមួយគ្នានេះ លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថ្ងៃនេះមន្ទីរបាននាំស្រូវពូជមកជូនប្រជាកសិករ ក្នុង១ហិតា ចំនួន៤០គីឡូក្រាម និងបានចែករួចបានចំនួន១៥ហិតាស្ថិតភូមិក្រាំងស្ពឺ នៅអណ្តូងស្លាចំនួន១ហិតា រួមទាំងភូមិតាំងក្រូច ភូមិគោករំលិច របស់ឃុំកាហែង។ លោកប្រធានមន្ទីរបានបន្តថា នៅព្រឹកស្អែក លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នឹងបន្តចុះពិនិត្យតំបន់មួយចំនួនរបស់ស្រុកភ្នំស្រួច ដើម្បីពិនិត្យផលប៉ះពាល់នានា របស់ប្រជាកសិករបន្តទៀត៕