(ភ្នំពេញ)៖ នៅទីបំផុតសំណុំរឿងមន្រ្តីយោធាម្នាក់ មានតួនាទីជា នាយរងការិយាល័យហ្វឹកហ្វឺន នៃកងឯកភាពទីចាត់ការបំភ័ន្តអក្ខរ ដែលដកកាំភ្លើងវាយក្បាលអ្នកលក់ប្រហិតចៀនបែកក្បាល ដោយសារមិត្តភក្តិរបស់ខ្លួនបើកបររថយន្តក្រោមស្ថានភាពស្រវឹង ទៅបុករ៉ឺម៉កប្រហិតរបស់ជនរងគ្រោះនោះ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅដល់តុលាការហើយ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨នេះ ដើម្បីចាត់ការតាមនីតិវិធី។ សំណុំរឿងនេះ កំពុងស្ថិតនៅក្នុងក្រោមចំណាត់ការរបស់លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
លោក ហូ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានឲ្យដឹងថា មូលហេតុដែលភាគីទាំងសងខាង សម្របសម្រួលគ្នា មិនបាន ដោយសារភាគីជនសង្ស័យ អាងអំណាចសងលុយទៅជនរងគ្រោះតិចតួច ចំណែកភាគីជនរងគ្រោះ ទាមទារជំងឺចិត្តច្រើនពេក ដូច្នេះសមត្ថកិច្ចជំនាញក៏សម្រេចបញ្ជូនសំណុំរឿងព្រហ្មទណ្ឌមួយនេះឲ្យតុលាការតែម្តង។
យោងតាមរបាយការណ៍របស់ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ នួន ប៉ូ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ ជាមន្រ្តីយោធា មានតួនាទីនាយរងការិយាល័យហ្វឹកហ្វឺន នៃកងឯកភាពទីចាត់ការបំភ័ន្តអក្ខរ មានអត្តលេខ ០៥៩០៥១។
ចំណែកជនរងគ្រោះឈ្មោះ យ៉ែម វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ប្រហិតចៀនតាមរទេះ ស្នាក់នៅផ្ទះជួល ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិកំពង់លាវ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែង។
គួររំលឹកថា សមត្ថកិច្ចខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីជនសង្ស័យ យកអាវុធខ្លី ម៉ាក P08 លេខ ៥៨៥៤ វាយក្បាល ជនរងគ្រោះបែក។
ដើមចមដែលឈានដល់ការប្រើអំពើហិង្សានេះ ផ្តើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ដោយសារមិត្តភក្តិរបស់ជនសង្ស័យ បើកបររថយន្តម៉ាកកាមេរីបាឡែន ក្រោមស្ថានភាពស្រវឹង ទៅបុករ៉ឺម៉កប្រហិតរបស់ជនរងគ្រោះ នៅចំណុចមុខវត្តសំរោងអណ្តែត តាមផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
បន្ទាប់មកជនសង្ស័យបានជិះរថយន្តម៉ាកព្រូស មកជួយអន្តរាគមន៍ រហូតឈានដល់ការបង្កហិង្សាលើជនរងគ្រោះតែម្តង៕