(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ដែលទទួលបានសំឡេងច្រើនលើសលប់ ក្នុងការបោះឆ្នោតជាតិ អាណត្តិទី០៦ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានចាត់ទុកថា ការលើកឡើងចង់ឱ្យមានការបែកចែកអំណាចនៅក្នុងរដ្ឋសភាផ្ទុយពីច្បាប់កំណត់ គឺជាមតិបែបឆ្កួតលីលា។ ជាមួយគ្នានេះ លោកបញ្ជាក់យ៉ាងច្បាស់ថា គ្មានទេការបែងចែកអំណាចដែលផ្ទុយនឹងការបោះឆ្នោត ដែលកំណត់ដោយច្បាប់។
លោក សុខ ឥសាន បានពន្យល់ថា នៅពេលដែលទប់ស្កាត់ការបោះឆ្នោតមិនបាន ហេីយការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយមហាជោគជ័យមក មានក្រុមជនមួយចំនួនបានលេីកមតិបែបឆ្កួតលីលាថា គួរតែមានការបែងចែកអំណាចគ្នាទៅ ដេីម្បីកុំឲ្យគេថា៖ សភាឯកបក្ស, មានការបែកបាក់ជាតិ ជាដើម។
លោកបានចោទជាសំណួរថា បេីចង់ឲ្យមានការបែងចែកអំណាចដូចចង់បាននោះ? ១៖ ចាំបាច់រៀបចំការបោះឆ្នោតធ្វេីអី? ២៖ តេីយកច្បាប់ទៅទុកនៅឯណា? ៣៖ តេីយកឆន្ទៈម្ចាស់ឆ្នោត ទៅទុកនៅឯណា? ៤៖ តេីយកមុខម្ចាស់ឆ្នោតទៅទុកនៅឯណា បេីអ្នកចង់បានអំណាចយកទៅបែងចែកគ្នាអស់ហេីយ? ៥៖ តេីអ្វីទៅអត្ថន័យ និងខ្លឹមសារនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនោះ?
ដូច្នេះ សុខ ឥសាន បានអះអាងថា «មានតែការបោះឆ្នោតទេ ដែលផ្តល់តម្លៃដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនោះ។ គណបក្សណាបានទទួលជ័យជំនះ គណបក្សនោះកាន់អំណាចស្របតាមការប្រគល់សិទ្ធិពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ហេតុនេះ គ្មានទេ របស់ដែលហៅថា ការបែងចែកអំណាចនោះ។ ការទាមទារបែងចែកអំណាចនេះ ប្រៀបបាននឹងលេងបៀរចាញ់គេអស់ហេីយ ហេីយស្នេីយកលុយចាញ់មកបែកចែកគ្នាឡេីងវិញនោះទេ។ ស្អីក៏ចេះដូចមនុស្សម៉្លេះ?»។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ត្រូវបានបញ្ចប់ដោយភាពជោគជ័យនៅវេលាម៉ោង៣រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាមួយនឹងសភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់យ៉ាងល្អប្រសើរ គ្មានការគំរាមកំហែង ឬអំពើហិង្សាណាមួយកើតឡើងនោះទេ។ បើតាមរបាយការណ៍បឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ប្រជាពលរដ្ឋបានទៅចូលរួមបោះឆ្នោតនៅទូទាំងប្រទេសមានជិត៧លាននាក់ ស្មើនឹង៨២.៨៩% ដែលចំនួននេះមានការកើនឡើងយ៉ាងខ្លាំងលើសពីឆ្នាំ២០១៣ ដែលមានតែ៦៩.៦១% ប៉ុណ្ណោះ។
របាយការណ៍បឋមផ្លូវការចុងក្រោយរបស់ គ.ជ.ប បានឱ្យដឹងថា ក្នុងការបោះឆ្នោតលើកនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រនាំមុខគេច្រើនលើសលុបរហូតដល់ ៤,៨៧៥,១៨៩ ដែលស្មើនឹងចំនួន ៧៦.៧៨% នៃចំនួនអ្នកទៅបោះឆ្នោតទាំងមូល៕