(អាហ្វ្រិក)៖ ការផ្ទុះរីករាលដាលនៃជំងឺអេបូឡា (Ebola) ថ្មីមួយផ្សេងទៀត ដែលត្រូវបានប្រកាសអាសន្ននាសប្តាហ៍នេះ នៅឯតំបន់ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានផ្តាច់ជីវិតមនុស្សយ៉ាងតិច៣៣នាក់។ នេះបើតាមក្រសួងសុខាភិបាលនៃ DRC ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែសីហា ឆ្នាំ២០១៨។
ករណីខាងលើ ត្រូវបានរកឃើញក្នុងខេត្ត North Kivu និង Ituri ដែលនៅជាប់គ្នា។ ការប្រកាសពីការរីករាលដាលជាថ្មី នៃជំងឺដ៏កាចសាហាវនេះ ត្រូវបានធ្វើឡើងនៅត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលកុងហ្គោ បានប្រកាសបញ្ចប់ការរីករាតត្បាតនៃជំងឺ Ebola នៅតំបន់ភាគពាយ័ព្យប្រទេស។ ដោយឡែកអាជ្ញាធរសុខាភិបាលរបស់ DRC ពុំទាន់មានភស្តុតាំងនៅឡើយទេថា ករណីនៅតំបន់ទាំងពីរ មានពាក់ព័ន្ធគ្នាឬអត់។
គួរជម្រាបថា Ebola ដែលជាជំងឺដ៏កាចសាហាវ ឆ្លងពីសត្វមកមនុស្ស តាមរយៈសារធាតុរាវចេញពីរាងកាយនោះ ក៏អាចឆ្លងតាមការប៉ះពាល់ជាមួយរបស់ឬកន្លែងដែលមានផ្ទុកវីរុសនេះផងដែរ។ បើតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) ជំងឺ Ebola បានផ្តាច់ជីវិតមនុស្សជាង១១,០០០នាក់ នៅតំបន់ភាគខាងលិចនៃទ្វីបអាហ្រ្វិកកាលពីចន្លោះឆ្នាំ២០១៤-២០១៥៕