(ត្បូងឃ្មុំ)៖ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកតំបែរ រួមជាមួយអនុប្រធាន និងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឃុំ និងភូមិ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គ្រួសារបក្សចំនួន ៣,៤០០នាក់ នៅឃុំសេដា ក្នុងបំណងថ្លែងអំណរគុណពួកគាត់ ដែលបានចូលរួមទៅបោះឆ្នោតយ៉ាងច្រើនលើសលុប ហើយបានគាំទ្រគណបក្សប្រជាជនកម្ពុជាចំនួន ៦,៦២៥/៧,៧១៣នាក់ ស្មើនឹងជិត៨៦ភាគរយ បើប្រៀបធៀបទៅនឹងប្រជាជនសរុប ដែលបានទៅចូលរួមបោះឆ្នោតមានចំនួន ៨៨,២៣ភាគរយ។
ក្នុងឱកាសនោះ លោក វេង សាខុន បានថ្លែងថា លទ្ធផលនេះបានបញ្ជាក់ឲ្យឃើញពីឆន្ទៈមុះមុត និងកម្លាំងមហាសាមគ្គីរបស់ប្រជាជន ដែលបាន៖
១៖ ធ្វើឲ្យបរាជ័យទាំងស្រុងជាមួយចលនាប្រឆាំងខុសច្បាប់ ដែលបានបំផុសគំនិតអកុសល «ដេកផ្ទះ ឈ្នះឯង» ដែលផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
២៖ ធ្វើជាកម្លាំងស្នូល ក្នុងការចូលរួមគាំទ្រថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍសង្គមបន្តទៀត។
៣៖ មើលឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខដឹកនាំរាជរដ្ឋាភិបាល បានប្រែក្លាយពីប្រទេសមួយមានសង្គ្រាមរ៉ាំរ៉ៃ ទៅជាប្រទេសមួយទទួលបានការអភិវឌ្ឍពេញលេញ។
ជាមួយគ្នានេះ លោកក៏បានថ្លែងអំអរគុណយ៉ាងជ្រាលជ្រៅបំផុត ជាមួយនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារចុះជួយស្រុក ឃុំ និងភូមិទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ នាពេលកន្លងមក រួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងដែលចូលរួមការពារសុខសុវត្ថិភាពបានល្អប្រសើរ ក្នុងដំណាក់កាលមុន និងដំណាក់កាលបោះឆ្នោត។
ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងក្រុមការងារបក្សចុះជួយ ស្រុក ឃុំ និងភូមិទាំងអស់ ត្រូវអនុវត្តន៍ឲ្យបានពេញលេញបំផុត តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ ដោយត្រូវ៖
១៖ បន្តថែរក្សាឲ្យបានភូមិ-ឃុំមានសុវត្ថិភាព ឲ្យបានល្អប្រសើរ ជាពិសេសកុំឲ្យមានបងតូច បងធំ នៅក្នុងភូមិ-ឃុំ។
២៖ បន្តចុះទៅកាន់មូលដ្ឋានដើម្បីបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់បំផុត ប្រសើរជាងមុន មានភាពទូលំទូលាយជាងមុន និងឲ្យមានប្រសិទ្ធភាពជាងមុន។
៣៖ កុំឲ្យប្រជាពលរដ្ឋទាំងអស់មានការរើសអើងរវាងអ្នកទៅបោះឆ្នោត និងអ្នកមិនបានទៅបោះឆ្នោត ហើយបន្តខន្តី និងយោគយល់ឲ្យគ្នា លុបបំបាត់ឲ្យបានទាំងស្រុងការរើសអើង ការលាបពណ៌ ប្រកាន់បក្សពួក ដែលអាចនាំឲ្យប្រទេសជាតិមានការបែកបាក់ ប្រេះឆាផ្ទៃក្នុងជាតិ៕