(ភ្នំពេញ)៖ លោក តាកាយ៉ាម៉ា រ៉ូអ៊ីយី អតីតវរសេនីយ៍ឯកនៃកងទព័ជប៉ុនម្នាក់ លោកកំពុងខិតខំផលិតស្រាដំឡូងមី ផ្សព្វផ្សាយលក់នៅប្រទេសជប៉ុន និងបណ្តាប្រទេសមួយចំនួនទៀត។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់។
តាមរយៈ Facebook របស់ខ្លួន លោក ហេង រតនា បានបញ្ជាក់ថា លោកវរសេនីយ៍ តាកាយ៉ាម៉ា គឺជាអតីតកងទ័ពជប៉ុន ហើយបាន និងកំពុងខិតខំប្រឹងប្រែងរួមជាមួយស៉ីម៉ាក់ ក្នុងការអភិវឌ្ឍក្រោយការបោសសម្អាតមីនរួច។
អគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ទៀតថា លោក តាកាយ៉ាម៉ា បានជួយក្នុងការកសាងសាលារៀន ធ្វើផ្លូវក្រាលគ្រួសក្រហម ជីកស្រះទឹក និងកៀរគរអ្នកវិនិយោគជប៉ុន មកធ្វើសិប្បកម្ម រោងចក្រនៅតំបន់ជាយដែននៃឃុំតាសែន ស្រុកកំរៀង បានចំនួន៥រោងចក្រខ្នាតមធ្យម ដែលទទួលបានកម្មករប្រមាណជិត១,០០០នាក់។ ក្រៅពីនេះ លោក តាកាយ៉ាម៉ា កំពុងខិតខំផលិតស្រាដំឡូងមី ផ្សព្វផ្សាយលក់នៅប្រទេសជប៉ុន និងបណ្តាប្រទេសមួយចំនួនទៀត។
លោក ហេង រតនា បន្ថែមទៀតថា តាមផែនការជាង១០ឆ្នាំបន្តទៀត របស់ជនជាតិជប៉ុនរូបនេះ មានបំណងជួយសហគមន៍កម្ពុជា កសាងភាពល្បីល្បាញ ក្នុងការផលិតទំនិញពីសហគមន៍របស់ខ្លួនចូលទីផ្សារពិភពលោកផងដែរ។
សូមជម្រាបថា លោក តាកាយ៉ាម៉ា រ៉ូអ៊ីយី ជាអតីតវរសេនីយ៍ឯកនៃកងទព័ជប៉ុន បានចូលរួមបេសកកម្មនៅកម្ពុជានៅសម័យ UNTAC ប្រចាំការនៅឯខេត្តតាកែវ និងបានវិលត្រឡប់មកធ្វើការជាមួយអង្គភាពស៉ីម៉ាក់ ក្នុងនាមមន្ត្រីរបស់ JICA នៅឆ្នាំ២០០២។ ក្រោយបញ្ចប់ការងារជាមួយ JICA លោកក៏បានធ្វើជាប្រធានអង្គការដោះមីនជប៉ុន JMAS ហើយបច្ចុប្បន្នជាប្រធានអង្គការ IMCCD ផងដែរ៕