(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ បានជួបសំណេះសំណាល និងសម្តែងកិច្ចស្វាគមន៍ លោក ថង សាវុន អភិបាលខេត្តរតនគីរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តរតនគិរី ដែលអញ្ជើញដឹកនាំគណៈប្រតិភូមកសួរសុខទុក្ខ និងចូលរួមរំលែកការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ក្នុងខេត្តស្ទឹងត្រែង។
នៅក្នុងឱកាសនោះ លោក ថង សាវុន អភិបាលខេត្តរតនគិរី បាននាំអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងអំណោយរបស់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ជាអង្ករចំនួន៥០តោន មី១០២កេស និងថវិកាចំនួន៣,៣០០,០០០រៀល ដើម្បីចូលរួមជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នៅក្នុងខេត្តស្ទឹងត្រែង។
ជាមួយគ្នានេះ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគីរី និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី ដែលបានយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ក្នុងខេត្តស្ទឹងត្រែង ហើយនេះគឺជាកាយវិការនៃកម្លាំងសាមគ្គីភាព ជាវប្បធម៌នៃការចែករំលែក និងជាគំរូដ៏ល្អប្រពៃសម្រាប់មនុស្សគ្រប់ៗជំនាន់៕