(ភ្នំពេញ)៖ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌសែនសុខ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនបុរសម្នាក់ទៅ តុលាការ ពាក់ព័ន្ធករណីបរិហាកេរ្តិ៍ ពិធីការិនីទូរទស្សន៍ម្នាក់ តាមបណ្តាញសង្គម Facebook ហើយសំណុំរឿងនេះកំពុងស្ថិតក្នុងចំណាត់ការ លោកស្រី ស៊ឺ វណ្ណី ព្រះរាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ តាំង សុភិន ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្លាប់ត្រូវបានសមត្ថកិច្ច ខណ្ឌសែនសុខឃាត់ខ្លួនម្តង ពាក់ព័ន្ធករណីបៀតបៀនកេរ្តិ៍ខ្មាស។
ចំណែកដើមបណ្តឹងជាជនរងគ្រោះ មានមុខរបរ ជាពិធីការិនីទូរទស្សន៍ (សុំមិនបញ្ចេញឈ្មោះ) ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
គួររំលឹកថា សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យ កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមពាក្យបណ្តឹង របស់ជនរងគ្រោះ បានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ជនសង្ស័យបាន ហេក (Hack) ហ្វេសប៊ុករបស់នាង ហើយយកទៅបង្ហោះក្នុងន័យបង្ខូចបរិហារកេរ្តិ៍ ធ្វើឱ្យនាងអាប់ឱន និងខូចកេរ្តិ៍ឈ្មោះ ទើបសម្រេចចិត្តដាក់ពាក្យប្តឹង ឲ្យសមត្ថកិច្ច ជួយរកយុត្តិធម៌តែម្តង៕