(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះ បានចុះពិនិត្យការសម្អាតប្រឡាយមេរលាំងជ្រៃខាងជើង ដើម្បីនាំទឹកទៅស្រោចស្រពដំណាំស្រូវដែលកំពុងត្រូវការទឹកនៅក្រុងច្បារមន ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល ។
ការចុះពិនិត្យនេះ មានការចូលរួមពីនាយកដ្ឋានវិស្វកម្ម និងនាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយ មន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ និង ឧតុនិយមខេត្តកំពង់ស្ពឺផងដែរ។ ប្រឡាយនេះ សំបូរទៅដោយវារីរុក្ចជាតិ ដែលត្រូវបានសម្អាតចាប់ពីសង្កាត់រកាធំ ក្រុងច្បារមន ទៅឃុំសំរោងទង ស្រុកសំរោងទង ប្រវែង១៥គីឡូម៉ែត្រ ដោយបានប្រើប្រាស់អេស្កាវ៉ាទ័រ ចំនួន២គ្រឿង។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយមានសហការពីក្រសួង និងមន្ទីរធនធានទឹក ពេលនេះប្រឡាយ និងតំបន់ជាច្រើនត្រូវបានស្តារដើម្បីឲ្យផ្លូវទឹកមានលំហូរបានល្អ ធានានាំទៅស្រោចស្រពតំបន់មួយចំនួននៃស្រុកអង្គស្នួល ខេត្តកណ្តាលដែលជួបបញ្ហាខ្វះខាតទឹកបង្ករបង្កើនផលដំណាំស្រូវ ។
លោកអភិបាលបានបន្តថា ប្រជាពលរដ្ឋទាំងអស់ និងត្រូវយកចិត្តទ្វេរដងទៅតាមអនុសាសន៏ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕