(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ប្រធានគណៈកម្មការគ្រោះមហន្តរាយខេត្ត និងជាអនុប្រធានសាខាកាកបាទក្រហមខេត្តក្រចេះ នៅព្រឹកថ្ងៃទី ៤ ខែសីហាឆ្នាំ ឆ្នាំ០១៨ បានដឹកនាំក្រុមការងារមន្ទីរពាក់ព័ន្ធក្នុងខេត្ត និងកងកម្លាំងមួយចំនួន ចុះចែកអំណោយដល់ពលរដ្ឋនរងគ្រោះដោយសារទឹកជំនន់ចំនួន១៨៤គ្រួសារ ស្ថិតក្នុងឃុំដារ ស្រុកចិត្របុរីក្រចេះ។
លោក ហង្ស ចាន់ឌី អភិបាលស្រុកចិត្របុរី បានដឹងថា ការចុះចែកអំណោយនេះធ្វើនៅភូមិចំនួន ៣ដែលមានប្រជាពលរដ្ឋចំនួន១៨៤គ្រួសារ ហេីយអំណោយទាំងនេះ បានមកពីការចូលរួមពីសាខាកាកបាទក្រហមខេត្ត សាលាខេត្ត និងអង្គារ សាម៉ារីតាន់ផឺស ដោយក្នុង១គ្រួសារទទួលបានអង្ក២៥គីឡូគ្រាម មី១កេះ ត្រីខ១០កំប៉ុង ទឹកត្រី១យួរ ទឹកសុីអុីវ១យួរ ធុងចំរោះទឹក១ មុង១ តង់១ ។
ក្នុងឱកាសនេះដែរ លោក វ៉ា ថន អភិបាលខេត្តបាននាំនូវសេចក្ដីនឹករលឹក និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់ សម្ដេចប្រធានកាតបាទក្រហមកម្ពុជា និងផ្ដាំផ្ញេីបងប្អូនប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត និងមានអនាម័យ ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះសុខសុវត្ថិភាពកុមារ និងចាស់ជរា ជៀសវាងគ្រោះថ្នាក់ជាយថាហេត។
លោកអភិបាលខេត្តបន្តទៀតថា ចំពោះស្ថានភាពទឹកទន្លេមេគង្គនៅក្រចេះព្រឹកនេះ មានកម្ពស់ ២១,៥៩ម៉ែត្រឃេីញថាស្ថានភាពទឹកទន្លេមានស្រក់ចុះមកវិញ បេីប្រៀបធៀបនិងថ្ងៃម្សិលមិញ ថ្ងៃទី៣ ខែសីហា កម្ពស់ទឹកមាន២១,៨២ម៉ែត្រ ហេីយការចុះសួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់នេះ និងបន្ដចុះជាប់ជានិច្ចរហូតដល់ទឹកស្រក់ផុត ហេីយលោក និងបន្ដដឹកនាំកម្លាំងចុះសួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋនៅស្រុកផ្សេងៗទៀតដែលរងគ្រោះដោយសារទឹកជំនន់នេះ៕