(ត្បូងឃ្មុំ)៖ លោក វង សូត ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានលើកឡើងថា ការបោះឆ្នោតគាំទ្រឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតលើសលប់នាពេលនេះ បានសរបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋពិតជាស្រលាញ់ និងគាំទ្រឲ្យគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោក វង សូត បន្ថែមថា ឆន្ទៈគាំទ្ររបស់បងប្អូននាពេលនេះ នឹងក្លាយជាចលករដ៏សំខាន់បំផុត សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រទេសមួយនេះ កាន់តែរីកចម្រើនខ្លាំងឡើងៗ។
លោក វង សូត បានលើកឡើងបែបនេះ ខណៈលោកអញ្ជើញសំណេះសំណាល ជាមួយប្រជាពលរដ្ឋជាង៣០០នាក់ និងនាំយកថវិការ២០លានរៀល ដើម្បីសាងសង់សាលាឆាន់ នៅវត្តតាអាំ ក្នុងភូមិតាអាំ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះ។ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ និង អភិបាលរងខេត្ត រួមនឹងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ក៏បានចូលរួមពិធីនេះផងដែរ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលនោះ លោក វង សូត បានថ្លែងអំណរអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលផ្តល់សេចក្តីទុកចិត្តមកលើរាជរដ្ឋាភិបាល និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ក្នុងនោះប្រទេសកម្ពុជា សម្រេចបាននូវ គ្រឹះលទ្ធិប្រជាធិតេយ្យ និងការគោរពសិទ្ធិមនុស្សបានយ៉ាងពេញលេញ ផ្ទុយពីក្រុមមនុស្សមួយចំនួនដែល បានដើរនិយាយរិះគន់មួលបង្កាច់ តែប្រជាជន និង ប្រទេសជាតិខ្លួនឯង។
នៅក្នុងឱកានោះ លោក លី ឡេង អនុប្រធានគណបក្សខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជានាពេលនេះ កើតចេញពីការគាំទ្ររបស់ប្រជាពលរដ្ឋ និងកើតក្រុមការងារ និងការចូលរួមគ្រប់សកម្មភាព ដោយមិនគិតនឿយហត់ពីសំណាក់ក្រុមការងារថ្នាក់កណ្ដាល ជាមួយនឹងភាពសកម្មរបស់មន្ត្រីគ្រប់ថ្នាក់នៅមូលដ្ឋាន បានធ្វើឲ្យ លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ក្នុងស្រុកពញាក្រែក ក៏ដូចជាទូទាំងខេត្តត្បូងឃ្មុំ ទទួលបានលទ្ធផលនាំមុខលើគ្រប់ គណបក្សនយោបាយ ដែលឈរ ឈ្មោះប្រកួតប្រជែងទាំងអស់៕