(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង បានអំពាវនាវប្រពលរដ្ឋ និងសាធារណជនចូលរួមគ្នាថែរក្សា ការពារ និងអភិរក្សបរិស្ថាន ធនធានធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ នៅតំបន់ភ្នំគូលែន តាមរយៈវិស័យទេសចរណ៍ដ៏មានសក្ដានុពល និងមិនចេះរឹងស្ងួតនេះ ដើមី្បលើកស្ទួយជីវភាពរស់នៅ ឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
ការអំពាវនាវបែបនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ប្រមាណជាង៤០០នាក់ នៅបរិវេណព្រះអង្គធំ នាខ្នងភ្នំគូលែន។
ថ្លែងក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានបញ្ជាក់ថា តំបន់ភ្នំគូលែន គឺជារមណីយដ្ឋានទេសចរណ៍ វប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រ ដែលសម្បូរទៅដោយរូបចន្លាក់នាសម័យបុរាណ និងប្រាង្គប្រាសាទ ដែលបង្កប់នៅក្នុងព្រៃភ្នំនេះ ជាពិសេសព្រះអង្គធំខ្នងភ្នំគូលែន ដែលជាទីកន្លែងសក្ការៈបូជា របស់បងប្អូនប្រជាពុទ្ធបរិស័ទខ្មែរយើង ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិ ចូលមកគោរពបូជា។
បើតាមលោក ឃឹម ប៊ុនសុង តំបន់ភ្នំគូលែន បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍ ពីភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ឲ្យមកទស្សនាសិក្សាស្វែងយល់ អំពីអរីយធម៌ វប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្ររបស់ខ្មែរយើងនេះ។ ក្នុងនោះលោកក៏បានគូសបញ្ជាក់ថា ភ្នំគូលែន គឺជាតំបន់ផ្តល់នូវប្រភពទឹកស្រោចស្រព ដែលហូរនាំទៅតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប-អង្គរ ក្នុងការចិញ្ចឹមដល់មនុស្ស សត្វ រុក្ខជាតិ ពិសេសរបរកសិកម្ម។
លោកក៏បានលើកឡើងថា ការធ្វើឲ្យបាត់បង់វិនាសមហន្តរាយ នៃធនធានធម្មជាតិនៅលើខ្នងភ្នំគូលែន ដែលបង្កឡើងដោយកត្តាមនុស្ស និងធម្មជាតិ បានធ្វើឲ្យប៉ះពាល់ដល់ប្រាង្គប្រាសាទបុរាណ ពិសេសប្រាសាទអង្គរវត្ត នៅពេលដែលធ្វើឲ្យបាត់បង់ប្រភពទឹកនៅភ្នំគូលែន ជាប្រភពផ្គត់ផ្គង់ទឹក ក្នុងការទ្រទ្រង់គ្រឹះប្រាសាទអង្គរវត្ត។ ការធ្វើឲ្យបាត់បង់ប្រភពទឹកភ្នំគូលែន គឺបណ្តាមកពីការវិនាស បាត់បង់ព្រៃឈើ លើខ្នងភ្នំ ដែលបណ្តាលពីការកាប់ព្រៃ រានយកដីធ្វើស្រែចំការ និងជនខិលខូចមួយចំនួន ដែលមិនបានគិតពីការបាត់បង់ធនធានធម្មជាតិ តើយើងគ្រប់រូបត្រូវទទួលរងនូវអ្វីខ្លះសម្រាប់ពេលទៅអនាគត។
ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនខេត្ត បាននាំនូវផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបានសម្តែងនូវការថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋនៅឃុំខ្នងភ្នំ ក៏ដូចទូទាំងខេត្តសៀមរាប ដែលបានអញ្ជើញចូលរួមបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦លើសពីការស្មាន និងពិសេសបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើមី្បជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី នីតិកាលទី៦ ក៏ដូចនៅអាណត្តិក្រោយៗជាបន្តទៀត។
លោកក៏បានគូសបញ្ជាក់ថា ដោយកត្តាសន្តិភាពនេះហើយ បានធ្វើឲ្យតំបន់ខ្នងភ្នំគូលែន មានការអភិវឌ្ឍន៍ ហើយទាំងនេះ គឺស្តែងចេញមកពីប្រជាពលរដ្ឋ ដែលមានការជឿជាក់ លើភាពដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានដឹកនាំនាវាកម្ពុជាឆ្ពោះ ទៅដល់ត្រើយសុភមង្គល។
ជាមួយគ្នានេះ លោក ឃឹម ប៊ុនសុង ក៏បាននាំយកនូវវត្ថុអនុស្សាវរីយ៍កំដរដៃ ជូនដល់ប្រជាពលរដ្ឋទាំង៤០០នាក់ ដែលក្នុងម្នាក់ៗ បានទទួលថវិកា ចំនួន២ម៉ឺនរៀល។ លោក និងលោកស្រី ក៏បានអញ្ជើញធ្វើការបូជាទៀនធូក ផ្កាភ្ញី ថ្វាយចំពោះព្រះពុទ្ធរូប និងវត្ថុស័ក្កិសិទ្ធិនៅព្រះអង្គធំផងដែរ៕