(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្តីបំភ្លឺមួយថា មិនមានករណីកាប់ដើមធ្នង់ នៅក្នុងសាលាខេត្តស្វាយរៀង ដែលមានតម្លៃ១លានដុល្លារ ដូចការចុះផ្សាយឡើយ។ ប៉ុន្តែដើមធ្នង់នេះត្រូវបានអនុញ្ញាតឲ្យកាប់ ដោយសារតែមានសភាពងាប់ស្លឹក ហើយអាចបង្កគ្រោះថ្នាក់ដោយយថាហេតុ។
ការបំភ្លឺនេះ ធ្វើឡើងក្រោយពីមានការចុះផ្សាយតាមបណ្តាញព័ត៌មានគេហទំព័រក្នុងស្រុកមួយចំនួន បានចុះផ្សាយនៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មហាជនគ្រប់ស្រទាប់វណ្ណៈ រហូតដល់អ្នកលេងបណ្តាញសង្គម Facebook បាននាំគ្នាធ្វើការចែករំលែក និងធ្វើការ Comment យ៉ាងភ្លូកទឹកភ្លូកដីថា មានអ្នកលួចកាប់ដើមធ្នង់មួយដើម នៅក្នុងបរិវេណសាលាខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ដែលត្រូវជាថ្ងៃ ស មុនថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កន្លងទៅ។
តាមសេចក្តីបំភ្លឺ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ បានឲ្យដឹងថា នាពេលកន្លងមកនេះ ដោយយោងតាមការស្នើសុំរបស់មន្ត្រីរាជការសាលាខេត្ត និងបានពិនិត្យឃើញថាដើមឈើ១ដើម ជាប្រភេទដើមធ្នង់ ដែលបានដាំនៅពេលរៀបចំអគារសាលាខេត្ត មានអាយុកាលប្រមាណជា ៥០ឆ្នាំ ទៅ៦០ឆ្នាំ មិនមែន២០០ឆ្នាំនោះទេ ស្ថិតក្នុងបរិវេណសាលាខេត្តស្វាយរៀង មានសភាពចាស់ ពុកផុយ និងងាប់ជ្រុះស្លឹក ដែលអាចនឹងបាក់ ឬដួលរលំ ជាពិសេសនៅពេលមានភ្លៀងធ្លាក់ និងមានខ្យល់បក់ខ្លាំង បង្កឱ្យមានផលប៉ះពាល់ ឬខូចខាតទ្រព្យសម្បត្តិ និងគ្រោះថ្នាក់ជាយថាហេតុដល់មន្ត្រីរាជការបម្រើការងារនៅក្នុងសាលាខេត្ត ក៏ដូចជាប្រជាពលរដ្ឋមកទទួលសេវា។ រដ្ឋបាលខេត្តស្វាយរៀង បានសម្រេចកាប់ផ្ដួលដើមឈើនេះ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ មិនមែនថ្ងៃ ស នោះទេ គឺពុំមានចោរណាលួចចូលកាប់នោះឡើយ។
បើតាមរដ្ឋបាលខេត្តស្វាយរៀង ចំណែកនៃដើមឈើនេះ ស្ទើរតែទាំងស្រុង គឺមានសភាពពុកផុយ និងប្រហោងក្នុង ពោលមានប្រមាណតែ ៤០ភាគរយប៉ុណ្ណោះ ដែលនៅអាចប្រើប្រាស់បាន ហើយរដ្ឋបាលខេត្តបានរក្សាទុកសម្រាប់កែច្នៃជាតុ កៅអី និងគ្រឿងសង្ហារឹមផ្សេងទៀត តាមការជាក់ស្ដែង បម្រើឱ្យការប្រើប្រាស់ជាប្រយោជន៍រួមនៅក្នុងសាលាខេត្ត៕