(កំពង់ធំ)៖ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ត្រូវបានបញ្ចប់ដោយជោគជ័យ ដែលមានគណបក្សចូលរួមចំនួន២០គណបក្ស យើងឃើញថាលទ្ធផលបឋមដែលប្រកាសឲ្យ គ.ជ.ប គឺគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះយ៉ាងច្រើនលើសលុប។
ជាក់ស្តែងនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះ លោក សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ, លោក ឈុន ឈន់ អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងលោក ឃឹង នុភាព បេក្ខជនឈរឈ្មោះតំណាងរាស្ត្រមណ្ឌលកំពង់ធំ ព្រមទាំងក្រុមការងារ និងសហការីទាំងអស់ បានចុះជួបសំណេះសំណាល និងថ្លែងអំណរគុណប្រជាពលរដ្ឋនៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលតែងតែគោរពស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ច្រើនលើសលប់។
លោក សុខ លូ បានថ្លែងថា គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺជាជ័យជម្នះរបស់យើងទាំងអស់គ្នា ជាជ័យជម្នះរបស់ជាតិយើងទាំងមូល។ ដូច្នេះសូមពុកម៉ែបងប្អូន ចាប់ពីពេលនេះ សូមកុំធ្វើការបែងចែកប្រជាពលរដ្ឋណាម្នាក់ ដែលបានបោះឆ្នោតគាំទ្រគណបក្សផ្សេង ឬមិនទៅបោះឆ្នោត ព្រោះយើងជាខ្មែរដូចគ្នា ត្រូវចេះសាមគ្គីគ្នា គោរពស្រលាញ់គ្នា និងចូលរួមកសាង អភិវឌ្ឍន៍ ភូមិ ឃុំ ស្រុករបស់យើងឲ្យមានការរីកចម្រើន រក្សាបាននូវភាពសុខសាន្តបន្តទៀត។
បើតាមលោក សុខ លូ កន្លងមកជនអគិតមួយចំនួន បានអំពាវនាវប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត ប៉ុន្តែការអំពាវនាវនេះមិនបានសម្រេចនោះទេ ទីបំផុតប្រជាជពលរដ្ឋទូទាំងប្រទេស បានទៅចូលរួមបោះឆ្នោត៨២,៨៩% មានន័យថា ប្រជាពលរដ្ឋចូលរួមបោះឆ្នោត ចង់បានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍប្រទេសបន្តទៀត។
ចុងបញ្ចប់ លោកប្រធានគណបក្សខេត្ត បានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់ដូចជា លោកមេភូមិ មេឃុំ អភិបាលស្រុក ក្រុមការងារចុះជួយស្រុក ព្រមទាំងមន្ត្រីគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបម្រើសេវាសាធារណៈ និងដោះស្រាយបញ្ហា ជូនបងប្អូនឲ្យបានល្អប្រសើរឡើងទ្វេរដងបន្តទៅទៀត។
ខិតខំដើរតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៦នេះ។
ជាពិសេសត្រូវពិនិត្យខ្លួនឯង តើនៅមានចំណុចខ្វះខាតអ្វីខ្លះ ដែលយើងមិនទាន់បានបម្រើសេវាសាធារណៈជូនបងប្អូនបានឌិតដល់ ដើម្បីកុំឲ្យការទុកចិត្តរបស់បងប្អូនមកលើយើង មានការអស់សង្ឃឹមឲ្យសោះ។ ហើយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៅតែរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈទាំងអស់។ ទន្ទឹមនឹងនោះ ក៏មានការទទួលទានអាហារជុំគ្នាយ៉ាងឆ្ងាញ់ពិសារ និងរំាលេងកំសាន្តយ៉ាងសប្បាយរីករាយផងដែរ៕