(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងចំនួន៥ចំណុច ស្តីពីការធានានូវសុខុមាលភាព និងសុវត្ថិភាពចរាចណ៍ផ្លូវទឹកនារដូវទឹកឡើង ដល់ម្ចាស់ជលយាន ជលយានយន្តដឹកអ្នកដំណើរភ្ញៀវទេសចរណ៍ ដឹកទំនិញ និងម្ចាស់កំពង់ដរទទឹងទាំងអស់ ដែលកំពុងធ្វើអាជីវកម្មតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ក្នុងដែនរាជធានីភ្នំពេញ។
នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីធានានូវសុខុមាលភាព សេចក្តីថ្លៃថ្នូរ សុវត្ថិភាពចរាចរណ៍ផ្លូវទឹក ការពារការខូចខាតផលដំណាំ ផ្ទះសំបែងរបស់ប្រជាពលរដ្ឋ និងការបាក់ច្រាំងទន្លេនារដូវទឹកឡើងនេះ ស្នើម្ចាស់ជលយានជលយានយន្តគ្រប់ប្រភេទ និងម្ចាស់កំពង់ផែដទទឹងទាំងអស់ អនុវត្តនូវវិធានការដូចខាងក្រោម៖
ទី១៖ ត្រូវបំពាក់ឧបករណ៍ការពារសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ ត្រូវមានពោងក្បូន ពោងកង អាវពោងប្រដាប់ពន្លត់អគ្គីភ័យ នៅលើគ្រប់មធ្យោបាយ
ទី២៖ ពេលធ្វើចរាចរណ៍ចេញ ឬចូលក្នុងដែនទឹករាជធានីភ្នំពេញ ត្រូវបន្ថយល្បឿននៅត្រឹម២០គ.ម ក្នុងមួយម៉ោង និងហាមបើកបរក្បែរច្រាំងទន្លេ ដែលជាហេតុបណ្តាលឱ្យបាក់ច្រាំងទន្លេ ប៉ះពាល់ដល់ផលដំណាំ និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋ
ទី៣៖ មិនត្រូវផ្ទុកអ្នកដំណើរ ភ្ញៀវទេសចរណ៍ ឬទំនិញលើសចំណុះផ្ទុក
ទី៤៖ ការបើកបរនាពេលយប់ ត្រូវមានភ្លើងបំភ្លឺឱ្យបានត្រឹមត្រូវ
ទី៥៖ ត្រូវរៀបចំផ្លូវឡើងចុះកំពង់ដចម្លងឱ្យបានល្អស្អាត មិនរអិល ឬផុងស្រុត
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម៖