(រតនគិរី)៖ លោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាខេត្តរតនគីរី នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះ អមដំណើដោយ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពមួយចំនួន បាននាំយកអំណោយមនុស្សធម៌ជាស្បៀង រួមមាន អង្គរ ចំនួន៥០តោន និងមី ចំនួន១០០កេស ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង សម្រាប់ចាត់ចែងជួយសម្រាលទុក្ខលំបាកជូនអ្នករងគ្រោះ ដែលបាននិងទទួលរងផលប៉ះពាល់ ដោយទឹកជំនន់នៅក្នុងខេត្តស្ទឹងត្រែង។
ក្នុងឱកាសប្រគល់នោះ លោក ថង សាវុន បានសម្តែងការសោកស្តាយចំពោះប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលបានបាត់បង់ ខូចខាត ទ្រព្យសម្បត្តិ ទីជម្រក សត្វពាហន និងដំណាំស្រូវស្រែ ចំការ ដោយសារគ្រោះមហន្តរាយធម្មជាតិ កាលពីពេលកន្លងទៅនេះ។
លោកប្រធានសាខា បានបន្តទៀតថា ថ្វីត្បិតតែសម្ភារអំណោយមនុស្សធម៌ទាំអស់នេះ មិនអាចគ្រប់គ្រាន់តាមតម្រូវការ នៃការខូចខាតរបស់ប្រជាពលរដ្ឋ រងគ្រោះក៏ពិតមែន ប៉ុន្តែជាការរួមចំណែកជាមួយកាកបាទក្រហមកម្ពុជា, អាជ្ញាធរខេត្ត និងសាខាខេត្តស្ទឹងត្រែង ជាសាខាមានភូមិផងរបងជាប់គ្នា ដើម្បីរួមកម្លាំងគ្នា ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ ដែលកំពុងត្រូវការជំនួយបំផុត។
ជាមួយគ្នានេះដែរ លោក ម៉ុម សារឿន ប្រធានកិត្តិយសសាខាខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណដល់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ដែលបានរួមចំណែក ជួយឧបត្ថម្ភគាំទ្រជួយដល់ជនរងគ្រោះដែលត្រូវការជំនួយ និងការឧបត្ថម្ភនានា។
តាមរយៈអំណោយទាំងនេះ សាខាកាកបាទក្រហមខេត្តស្ទឹងត្រែង នឹងចាត់ចែងផ្តល់ជូនជនរងគ្រោះឲ្យបានទាន់ពេលវេលា ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហម៕