(ភ្នំពេញ)៖ មោទនភាពជាតិខ្មែរជាថ្មីម្ដងទៀតហើយ ដែលប្រជាពលរដ្ឋទូទាំងប្រទេស ត្រូវអបអរសាទរចំពោះប្រាសាទអង្គរវត្តរបស់កម្ពុជា បន្ទាប់ពីទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor) បានសម្រេចផ្ដល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្ត ដោយចាត់ទុកថា ជាទីសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុត ក្នុងចំណោមទីសំណង់ប្រវត្តិសាស្ដ្រដ៏ល្បីៗ ក្នុងពិភពលោកចំនួន២៥ សម្រាប់ឆ្នាំ២០១៨។ នេះជាសេចក្ដីជូនដំណឹង របស់កក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃត្រង់ ទី០៤ ខែសីហា ឆ្នាំ២០១៨នេះ។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការផ្ដល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាទីសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុតក្នុងឆ្នាំ២០១៨ បានលេចចេញតាមរយៈ ការស្រង់មតិរយៈពេល១២ខែ លើចំណាប់អារម្មណ៍ និងទស្សនៈរបស់អ្នកទេសចរណ៍រាប់លាននាក់ជុំវិញពិភពលោក កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ របស់ទីភ្នាក់ងារប្រឹក្សាយោបល់ លើការធ្វើដំណើរ។
ក្រសួងទេសចរណ៍ បានបញ្ជាក់ទៀតថា វាជាឆ្នាំទី៥ហើយ ដែលប្រាសាទអង្គរវត្តត្រូវបានភ្ញៀវទេសចរទូទាំងពិភពលោកបោះឆ្នោតគាំទ្រ ហើយកន្លងមកក៏ទទួលបានចំណាត់ថ្នាក់លេខ១ជាប់ៗគ្នា តាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗទៀតផងដែរ ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៧។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏សូមអំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្ដរជាតិ ស្ថាប័នពាក់ព័ន្ធ និងបណ្ដាក្រុមហ៊ុនឯកជន អញ្ជើញចូលរួមអបអរសាទរ ក្នុងការទទួលទានរង្វាន់នេះ នៅក្រុងសៀមរាប ខាងមុខបរិវេណប្រាសាទអង្គរវត្ត នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ខាងមុខ។
សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖