(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះ បានលើកឡើងថា ប្រទេសកម្ពុជាធានាសុវត្ថិភាព និងស្វាគមន៍ទេសចរ ពាណិជ្ជករដែលមកកម្សាន្ដ និងវិនិយោគនៅកម្ពុជាមិនឲ្យខកបំណងឡើយ។
តាមរយៈទំព័រ Facebook ផ្លូវការ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «សូមបងប្អូនប្រាប់មិត្តភ័ក្ត្របរទេស និងសហគមន៍អន្តរជាតិនានាផងដែរថា កម្ពុជាធានាសុវត្ថិភាព និងស្វាគមន៍ទេសចរ និងពាណិជ្ជករដែលចង់មកកំសាន្ត និងវិនិយោគនៅកម្ពុជាមិនឲ្យខកបំណងឡើយ»។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានជូនពរជនរួមជាតិ ឲ្យជួបតែភាពសប្បាយរីករាយជួបជុំក្រុមគ្រួសារនៅថ្ងៃសៅរ៌ ឈប់សម្រាកចុងសប្តាហ៍នេះ និងសូមមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេស។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានអរគុណបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនលេខ២០ ដើម្បីឲ្យសម្ដេចមានឱកាសបន្តដឹកនាំអភិវឌ្ឍន៍កម្ពុជា ឲ្យកាន់តែរីកចម្រើនលឿនទៅមុខ។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន៖
«សុខសប្បាយជាទេបងប្អូនទាំងអស់គ្នា? សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយបានសប្បាយរីករាយជួបជុំក្រុមគ្រួសារ នៅថ្ងៃសៅរ៌ឈប់សម្រាក ចុងសប្តាហ៍នេះ។ សូមមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយទាំងក្នុង និងក្រៅប្រទេស ហើយសូមបងប្អូនប្រាប់មិត្តភ័ក្ត្របរទេស និងសហគមអន្តរជាតិនានាផងដែរថា កម្ពុជាធានាសុវត្ថិភាព និងស្វាគមន៍ទេសចរ និងពាណិជ្ជករដែលចង់មកកំសាន្ត និងវិនិយោគនៅកម្ពុជា មិនឲ្យខកបំណងឡើយ។ អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនលេខ២០ ដើម្បីខ្ញុំមានឱកាសបន្តដឹកនាំអភិវឌ្ឍន៍កម្ពុជា ឲ្យកាន់តែរីកចម្រើនលឿនទៅមុខ»៕