(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះ បានជូនដំណឹងពីការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ នៅអង្គភាពច្រកចេញចូលតែមួយ នៅរាជធានីភ្នំពេញ បន្ទាប់ពីការដាក់ឲ្យដំណើរកាល ចាប់តាំងពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។
ក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួន រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រភេទសេវាដែលអង្គភាពច្រកចេញចូលតែមួយ នឹងផ្ដល់ជូនមានដូចជា ប្រភេទសេវានីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង), ផ្នែករដ្ឋបាល និងក្នុងវិស័យសុខាភិបាល, វិស័យទេសចរណ៍, វិស័យសាធារណការ និងដឹកជញ្ជូន, វិស័យវប្បធម៌ និងវិចិត្រសិល្បៈ, វិស័យព័ត៌មាន, វិស័យបរិស្ថាន, វិស័យឧស្សាហកម្ម និងសិប្បកម្ម, វិស័យរ៉ែ និងថាមពល, វិស័យពាណិជ្ជកម្ម, វិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង, វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រដ្ឋបាលរាជធានីភ្នំពេញ បន្ថែមថា សម្រាប់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ សិប្បករ ក៏ដូចជាវិស័យឯកជន ដែលកំពុងរស់នៅ និងប្រកបរបរទទួលទានផ្សេងៗ នៅរាជធានីភ្នំពេញ អញ្ជើញមកទំនាក់ទំនងស្នើសុំសេវារដ្ឋបាលតាមវិស័យដូចបានរៀបរាប់ខាងលើ នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ៕