(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានទទួលជួបពិភាក្សាការងារជាមួយ ក្រុមការងារនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (Cooperation Committee for Cambodia) ដែលមានសមាជិកជាអង្គការសង្គមស៊ីវិលជាតិ-អន្តជាតិកំពុងមានប្រតិបត្តិការនៅកម្ពុជា។
ក្នុងជំនួបនោះលោក គង់ វិបុល បានប្រាប់ដល់អង្គការសង្គមស៊ីវិលជាតិ-អន្ដរជាតិស្ដីពីការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីសារពើពន្ធ ដោយមិនមានភាពរើសអើង ក្នុងគោលដៅមួយពង្រឹង ការគ្រប់គ្រងប្រមូលចំណូលពន្ធប្រកបដោយតម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និង សមធម៌ក្នុងចំណោមសហគ្រាសទាំងឡាយ ព្រមទាំងឈានទៅធានាបាននូវការប្រកួតប្រជែងដោយស្មើភាព (Level Playing Field)។
លោកក៏បានលើកឡើងអំពីកំណែទម្រង់ របស់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារ បានកំពុងអនុវត្ត ពិសេសក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។
លោកបញ្ជាក់ថា កំណែទម្រង់ច្បាស់ ជាមានផលប៉ះពាល់ ដោយអ្នកជាប់ពន្ធ មួយចំនួនមិនទាន់បានយល់ច្បាស់អំពីកាតព្វកិច្ច ច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ហើយក៏មានការបកស្រាយខុស ឬច្រឡំ នូវខ្លឹមសារនៃច្បាប់ និងបទប្បញ្ញាត្តិ។
ជាលទ្ធផល កិច្ចពិភាក្សាថ្ងៃនេះបានផ្តល់ជាជំហានថ្មីមួយបន្ថែមទៀតនៃបើកសករាជថ្មី នៃការប្រើប្រាស់វប្បធម៌ នៃ ការពិភាក្សា ការបណ្តុះនៃវប្បធម៌ពន្ធដារ លើកកម្ពស់ ចំណេះដឹងអំពីពន្ធដារ និងជំរុញការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងពន្ធដារ ជាមួយស្ថាប័នអនុវត្ត។
លោកប្រតិភូរាជរដ្ឋាភិបាល បញ្ជាក់បន្ថែមថា អគ្គនាយកដ្ឋានពន្ធដារ មានចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយ ដើម្បីប្រែក្លាយអគ្គនាយកដ្ឋានពន្ធដារ ទៅជាអង្គភាពសាធារណៈមួយ ដែលត្រូវបានទទួលស្គាល់ លើគុណភាព និងជំនាញក្នុងការប្រមូលចំណូលពន្ធ ក៏ដូចជាការបញ្ជ្រាបព័ត៏មានពន្ធដារ ដោយធ្វើឱ្យការផ្តល់សេវាសាធារណៈរបស់រដ្ឋបាលសារពើពន្ធ កាន់តែមានប្រសិទ្ធភាព គុណភាពខ្ពស់ រហ័ស សាមញ្ញ ស័ក្តិសិទ្ធភាព គួរឱ្យទុកចិត្ត ក្នុងន័យថា ប្រព័ន្ធពន្ធដារកម្ពុជា កាន់តែសាមញ្ញ ងាយស្រួលសម្រាប់អ្នកជាប់ពន្ធ។
អគ្គនាយកដ្ឋានពន្ធដារ បានលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងដល់អង្គការសង្គមស៊ីវិល ក្នុងការចូលរួមយន្តការ
នៃភាពជាដៃគូររវាងពន្ធដារ-អង្គការសង្គមស៊ីវិល មានន័យថា ប្រើប្រាស់យន្តការនៃភាពជាដៃគូរ ពិភាក្សាដោយបើកចំហរ យកបញ្ហាមកពិភាក្សាគ្នា ក្នុងក្របខណ្ឌវិជ្ជាជីវៈ និងឈរលើច្បាប់ និងប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន ព្រមទាំងស្មារតីនៃភាពជាដៃគូរពិភាក្សា៕