(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅរសៀលថ្ងៃទី០៣ ខែសីហានេះ បានស្នើឲ្យលោក ចច អីដកា អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាបន្តទៀត ដើម្បីសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់ នាឆ្នាំ២០៣០។
ការស្នើរបស់លោក វេង សាខុន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលោក និង លោក ចច អីដកា អគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រគល់រង្វាន់ដល់អ្នកទទួលជ័យលាភី ជាអ្នកចិញ្ចឹមសត្វឆ្នើម ក្រោមគម្រោងកម្មវិធីជំរុញកំណើន វិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ន អនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វ នៅរសៀលថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម។
លោក វេង សាខុន បានលើកឡើងយ៉ាងដូច្នេះថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះសហភាពអឺរ៉ុបដែលបាន និងកំពុងជួយអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ហើយខ្ញុំសង្ឃឹម និងជឿជាក់ថា សហភាពអឺរ៉ុបនឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាបន្តទៀត ដើម្បីសម្រេចចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នាឆ្នាំ២០៣០»។
គម្រោងកម្មវិធីជំរុញកំណើនវិស័យកសិកម្ម ប្រកបដោយចីរភាព និងបរិយាប័ន្ន អនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វ គឺជាជំនួយហិរញ្ញប្បទានឥតសំណង របស់សហភាពអឺរ៉ុប ដែលមានទឹកប្រាក់សរុប ២៦លានអឺរ៉ូ ដើម្បីអនុវត្តពីឆ្នាំ២០១៣ ដល់២០១៨ ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍន៍អនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វ ដែលមានការគាំទ្រយ៉ាងពេញលេញពីរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងដៃគូរអភិវឌ្ឍន៍នានា ដោយឈរលើមូលដ្ឋានគោលការណ៍កម្មវិធីយុទ្ធសាស្រ្ត (Programme-Based Approach-PBA)។
ក្នុងនោះអនុវិស័យផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ទទួលបានជាង៧លានអឺរ៉ូ ដើម្បីអភិវឌ្ឍ និងធ្វើឲ្យប្រសើរទ្បើងនូវសុខភាពសត្វ និងផលិតកម្មសត្វ ដោយផ្តោតលើលទ្ធផលរំពឹងទុកចំនួន៣ ជាសំខាន់ដែលបាននិងកំពុងអនុវត្តទូទាំង២៥ រាជធានីខេត្តគឺ៖ ការពង្រឹងប្រព័ន្ធផលិតកម្មសត្វ និងគ្រប់គ្រងស្ថាប័ន ការពង្រឹងបណ្តាញភ្នាក់ងារសុខភាពសត្វភូមិ និងការគាំទ្រដល់អ្នកចិញ្ចឹមសត្វខ្នាតតូច។
កម្មវិធីប្រគល់រង្វាន់ដល់អ្នកទទួលជ័យលាភី គឺជាអ្នកចិញ្ចឹមសត្វឆ្នើម ជាផ្នែកមួយនៃគម្រោងកម្មវិធី ដែលបានប្រឡងជ្រើសរើស និងលើកទឹកចិត្តដល់អ្នកមានស្នាដៃឆ្នើម ក្នុងការចិញ្ចឹមសត្វ និងដាំដំណាំចំណីសត្វ ក្នុងគោលបំណងប្រែក្លាយគាត់ឲ្យ ទៅជាអ្នកចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្ម និងជាគំរូដល់កសិករដទៃបន្តទៀត។
ក្នុងឱកាសនោះ លោក ចច អីដកា អគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ក្នុងវិស័យកសិកម្ម អនុវិស័យចិញ្ចឹមសត្វ គឺជាអនុវិស័យដ៏មានសារៈសំខាន់បន្ទាប់ ពីវិស័យដំណាំស្រូវនៅកម្ពុជា និងជាចលនាសំខាន់ក្នុងការបង្កើនការងារ ប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះសម្មភាព និងភាពគាំទ្រពីគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការអនុវត្តគម្រោង ឲ្យទទួលបានលទ្ធផលជាផ្លែផ្កា។
លោករដ្ឋមន្ត្រី វេង សាខុន ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាព នៃការអនុវត្តគម្រោង និងសមិទ្ធផលសំខាន់ៗដែលសម្រេចបានដូចការរំពឹងទុករបស់កម្មវិធី។
នៅក្នុងគម្រោងកម្មវិធីនេះ បានបង្កើតការចិញ្ចឹមមាន់បង្ហាញបានចំនួន ១១១កន្លែង ដែលបានសាយភាយដល់ជាង ១,៣០០គ្រួសារបន្ថែមស្មើនឹងមាន់ ៥២,២១៧ក្បាល។ បង្កើតការចិញ្ចឹមជ្រូកបង្ហាញបាន១០០កន្លែង និងបានសាយភាយដល់ជាង ៤០០គ្រួសារបន្ថែមស្មើនឹងជ្រូក ៣៦០ក្បាល។
កម្មវិធីក៏បានផ្តោតលើការដាំស្មៅ បង្ហាញសម្រាប់ចំណីសត្វផងដែរ ដោយបានបង្កើតបានចំនួន ២០០កន្លែងដល់ជាង ៤២០គ្រួសារស្មើនឹង ៩,៣៥២ហត។ ធ្វើការកែលម្អអនាម័យសត្តឃាតដ្ឋានបាន១៥៥កន្លែង ការចាក់ថ្នាំវ៉ាក់សាំងបង្ការសត្វ ធ្វើជីវៈសុវត្ថិភាព ត្រួតពិនិត្យសុវត្ថិភាពសត្វ និងសាច់ ការបង្កាត់ពូជគោ និងជ្រូកសិប្បនិម្មិតក៏បានអនុវត្តយ៉ាងមានប្រសិទ្ធភាពផងដែរ។
លោករដ្ឋមន្ត្រីកសិកម្ម បានធ្វើការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ឲ្យផ្តោតជាសំខាន់នូវសុខទុក្ខ បញ្ហាប្រឈម និងជីវភាពរបស់ប្រជាកសិករ តាមរយៈរៀបចំផែនការពង្រឹងសមត្ថភាព និងបង្កើនប្រាក់ចំណូលរបស់កសិករឲ្យស្របទៅនិងកំណើនសេដ្ឋកិច្ចជាតិ និងជាពិសេសសម្រាប់ឆ្នាំ ២០៣០ ដែលប្រទេសកម្ពុជារំពឹងថានឹងក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់៕