(ភ្នំពេញ)៖ អតីតប្រធានបក្សប្រឆាំងចាញ់ចាស់វស្សា និងបច្ចុប្បន្នជាមេចលនាឧទ្ទាមខុសច្បាប់ សម រង្ស៊ី កំពុងតែពុលនឹងព័ត៌មានដែលខ្លួនឯងបំពុលក្នុងសំណុំរឿងបោះឆ្នោតនៅកម្ពុជា។ ពុលដោយសារតែ សម រង្ស៊ី និង បក្ខពួកខ្លួន មិនដឹងត្រូវធ្វើយ៉ាងណាជាមួយអត្រាចូលរួមបោះឆ្នោតរបស់ពលរដ្ឋខ្មែរមានដល់ទៅ ៨២,៨៩% ហើយអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិបានវាយតម្លៃថា ដំណើរការបោះឆ្នោតប្រព្រឹត្តទៅក្រោមបរិយាកាសសុខសន្តិភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌។
អ្នកសង្កេតការណ៍ជាតំណាងរាស្ត្រអូស្ត្រាលីម្នាក់ក៏ដូចជាអ្នកសង្កេតការណ៍អន្តរជាតិផ្សេងទៀត បានវាយតម្លៃថាការបោះឆ្នោតនៅកម្ពុជាមានគុណភាព ដូចនឹងប្រទេសរបស់គាត់ ឬប្រទេសបារាំង អាល្លឺម៉ង់ជាដើម។ ពលរដ្ឋខ្មែរនៅក្នុងប្រទេសក៏ជាសាក្សីរស់នៃការអញ្ជើញទៅបោះឆ្នោតភ្លូកទឹកភ្លូកដីកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨។ ប៉ុន្តែ សម រង្ស៊ី និងក្រុមអ្នកនយោបាយក្បត់ជាតិរត់ចោលស្រុករបស់ខ្លួនខិតខំបំភ្លៃការពិត និងបំភាន់មតិជាតិ និងអន្តរជាតិតាមរយៈការបំពុលតួលេខនៃអ្នកទៅបោះឆ្នោត។
ការបំពុលព័ត៌មាននេះមិនត្រូវបាន ពលរដ្ឋខ្មែរនៅក្នុងស្រុកចាប់អារម្មណ៍ឡើយព្រោះពួកគាត់បានដឹងការពិត និងជាសាក្សីនៃព្រឹត្តិការណ៍ទៀត។ ចុះបើគេដឹងការពិតទៅហើយ ហេតុអ្វីសម រង្ស៊ី និងក្រុមអ្នករត់ចោលស្រុកប្រើប្រាស់ព័ត៌មានក្លែងក្លាយ?
ទី១៖ បន្ទាបតម្លៃនៃការបោះឆ្នោតមាក់ងាយឆន្ទៈរាស្ត្រ៖ ចរិតដ៏ថោកទាបរបស់ សម រង្ស៊ី គឺចរិតមេមាន់នយោបាយ ពោរពេញដោយគំនុំសងសឹក និងបើខ្លួនមិនបាន អ្នកផ្សេងទៀតក៏មិនបានដែរ និងព្យាយាមតាមកម្ចេចចោល។ នៅ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី៦ នេះក៏ដូចជាលើកមុនៗដែរ សម រង្ស៊ី ដែលរួតរឹតទៅ ដោយគំនិតច្រណែនឈ្នានីស ឆាប់ខឹងច្រឡោត និងមានចិត្តអាត្មានិយម ផ្តាច់ការ និងមិនឱ្យតម្លៃលើនរណាផ្សេងក្រៅពីខ្លួនឯង បានព្យាយាមបំផ្លាញនូវលទ្ធផលបោះឆ្នោត តាមរយៈការបំពុលព័ត៌មាន បន្ទាប់តម្លៃនៃការរៀបចំការបោះឆ្នោត និងទម្លាក់តម្លៃនៃឆន្ទៈប្រជារាស្ត្រខ្មែរ ៨២,៨៩% ដែលចេញទៅបោះឆ្នោត។
គោលបំណងសំខាន់ដែល សម រង្ស៊ី ធ្វើដូច្នេះគឺការមិនទទួលស្គាល់ការបោះឆ្នោតដូចដែលខ្លួនបានធ្វើដូចអាណត្តិមុនៗ ខ្លួនចាញ់ការបោះឆ្នោត ប៉ុន្តែឡាំប៉ាមិនទទួលយក លទ្ធផលដោយបំភ្លៃថា ការបោះឆ្នោតមិនត្រឹមត្រូវ មិនសេរី និងមិនយុត្តិ ឬការបោះឆ្នោតក្លែងក្លាយជាដើម ដើម្បីជាសម្ពាធចរចាស្វែងរកផលប្រយោជន៍អំណាចខ្លួន និងបក្ខពួកក្រោមលេសបោកប្រាស់ថា ដើម្បីផលប្រយោជន៍ប្រជាជនម្ចាស់ឆ្នោត។ បរិបទឆ្នាំ ២០១៨ គឺខុសពីឆ្នាំ ២០១៣ និងខុសពីឆ្នាំ ២០០៨ និង ២០០៣ ឬ១៩៩៨ ដែលកាលនោះ សម រង្ស៊ី និងបក្ខពួកមានគណបក្សចូល រួមការបោះឆ្នោត និងមានលេសគ្រប់គ្រាន់ដើម្បីធ្វើការតវ៉ា និងមានតួលេខក្នុងដៃដើម្បីបំភ្លៃខុសពីការពិត។ ប៉ុន្តែឆ្នាំ២០១៨ សម រង្ស៊ី គ្មានអ្វីនៅក្នុងដៃឡើយ គ្មានបក្សនិងគ្មានសំឡេងគាំទ្រ គឺមានតែសំឡេងខ្មោចដែល សម រង្ស៊ី ស្មានយកថាជារបស់ខ្លួន និងប្រកាសពីភាពជោគជ័យដោយ គ្មានខ្មាស់អៀនបន្តិចឡើយ។
សម រង្ស៊ី គ្មានសិទ្ធិ និងគ្មានតម្លៃមកលូកលាន់ ក្នុងកិច្ចការបោះឆ្នោតរបស់កម្ពុជាឡើយ ហើយការបរិយាយរបស់ សម រង្ស៊ី ពីការបោះឆ្នោតនៅកម្ពុជាគឺគ្រាន់តែការព្យាយាម ទម្លាក់តម្លៃការបោះឆ្នោត ដើម្បីបម្រើផលប្រយោជន៍ នយោបាយដ៏ឆ្កួតលេលារបស់ខ្លួនប៉ុណ្ណោះ។ ប៉ុន្តែការពិតនៅក្នុងកម្ពុជា មិនមែននៅលើបបូរមាត់របស់ សម រង្ស៊ី ឬជនបរទេសនៅក្រៅប្រទេសនោះឡើយ។ ការពិតដែលការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដាជាការបោះឆ្នោតប្រកបដោយតម្លាភាព សន្តិវិធី សេរី ត្រឹមត្រូវ និងយុត្តិធម៌។ ដូច្នេះទោះបីជា សម រង្ស៊ី ខំប្រឹងបំភ្លៃ បំភាន់ យ៉ាងណាក៏ដោយក៏គ្មានប្រយោជន៍ដែរព្រោះពលរដ្ឋមានព័ត៌មានគ្រប់គ្រាន់អំពីការបោះឆ្នោតនេះ។ សម រង្ស៊ី និងគូកនដែលកំពុងបំពុលព័ត៌មាននេះ កំពុងតែមាក់ងាយឆន្ទៈរាស្ត្រ និងមិនឱ្យតម្លៃលើការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរប្រជាធិបតេយ្យ។
ទី២៖ ស្វែងរករបៀបវារៈនយោបាយថ្មី៖ អ្វីដែលសម រង្ស៊ី កំពុងបំពុលព័ត៌មានមួលបង្កាច់នាពេលនេះ គឺស្ថិតក្នុងរបៀបវារៈនយោបាយមួយ ក្នុងការដំឡើងតម្លៃមនុស្សគ្មានតម្លៃដូចខ្លួននិងក្រុមក្បត់ជាតិរបស់ខ្លួន ឬខិតខំដំឡើងតម្លៃអ្នកនយោបាយសំរាមក្នុងទិសដៅមួយស្វែងរកច្រកនយោបាយ ដែលក្រុមប្រឆាំងតែងតែចិញ្ចឹមចិត្ត និងមានក្តីសង្ឃឹមទុកថានឹងមានថ្ងៃមួយ។ ទោះបីជាគ្មានអ្វីសោះនៅក្នុងដៃ ក៏សម រង្ស៊ី ដំឡើងឫកធ្វើដូចមែនទែន និយាយទាំងក្នុងយល់សប្តិដាក់លក្ខខណ្ឌចរចារ ជាមួយប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតកន្លងទៅនេះ។ អ្វីដែល សម រង្ស៊ី បំពុលព័ត៌មាន គឺគ្រាន់តែជាយុទ្ធសាស្ត្រស្វែងរកឱកាសថ្មីក្នុងនយោបាយកម្ពុជា និងព្យាយាមលើកតម្កើងខ្លួនឱ្យមានតម្លៃឡើងវិញ។
ប៉ុន្តែអ្វីដែល សម រង្ស៊ី និងក្រុមរបស់ខ្លួនកំពុងធ្វើគឺជាល្បិចឆ្កែទ័លច្រក និងជាយុទ្ធសាស្ត្របែបរវើរវាយគ្មានទិសតំបន់ យកអតីតកាលមកធ្វើមែនទែន។ តាមពិត សម រង្ស៊ីនិងគូកនរបស់ខ្លួននៅពេលនេះគ្មានតម្លៃអ្វីសម្រាប់នយោបាយខ្មែរ គ្មានតម្លៃសម្រាប់ជាតិ មាតុភូមិ និងសម្រាប់ប្រជាជនឡើយ។ សម រង្ស៊ី គ្រាន់តែជាជនក្បត់ជាតិ ក្បត់មនសិការជាតិ ក្បត់ប្រជាជនតែប៉ុណ្ណោះ។ សម រង្ស៊ី និងក្រុមរបស់ខ្លួនគឺជាខ្ញុំបម្រើបរទេសដាច់ថ្លៃ និងជាអ្នកបរទេសនិយម ទោះបីជាបំផ្លាញជាតិយ៉ាងណា។ ផែនការដំណាក់កាលទី២ របស់សម រង្ស៊ី ក្រោយការបោះឆ្នោតបានរលាយបាត់ទៅហើយព្រោះពួកគេរំពឹងថាគ្មានប្រជាពលរដ្ឋច្រើនទៅបោះឆ្នោត ប៉ុន្តែពលរដ្ឋ ៨២,៨៩% បានអញ្ជើញទៅបោះឆ្នោត ដោយក្តីសប្បាយរីករាយធ្វើឱ្យយុទ្ធនាការដេកផ្ទះឈ្នះស្អាតបរាជ័យយ៉ាងអាម៉ាស រកអ្វីនឹងវាចាគ្មាន សូម្បីតែបរទេសជាចៅហ្វាយនាយរបស់ខ្លួន បានត្រឹមសម្តែងការសោកស្តាយ ដែលការបោះឆ្នោត មិនមានវត្តមានខ្មោចបក្សកូនចឹងរបស់ខ្លួន ប៉ុន្តែមិនបានបដិសេធឆន្ទៈរាស្ត្រជាង ៨២% នោះឡើយ ព្រោះសូម្បីតែប្រទេសរបស់ខ្លួន ក៏គ្មានអ្នកចូលរួមបោះឆ្នោតច្រើនយ៉ាងដូច្នេះដែរ។ ដូច្នេះយុទ្ធសាស្ត្រចុង ក្រោយរបស់សម រង្ស៊ី បានស្លាប់មុនកើតរួចទៅហើយ។
សម រង្ស៊ី និយាយថា ការបោះឆ្នោតនៅកម្ពុជាក្លែងក្លាយក៏ព្រោះតែសម រង្ស៊ី កំពុងតែវង្វេងនឹងព័ត៌មានក្លែងក្លាយដែលខ្លួនប្រឌិតឡើងនៅឯក្រៅប្រទេស ប៉ុន្តែសម្រាប់ពលរដ្ឋនៅក្នុងស្រុក ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា គឺបានឆ្លុះបញ្ចាំងឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ ហើយពលរដ្ឋភាគច្រើនជ្រើសរើសយកគណបក្សប្រជាជនកម្ពុជាគឺជាជម្រើសដើម្បីការពារសន្តិភាព និងការអភិវឌ្ឍ ប្រឆាំងនឹងការបំផ្លិចបំផ្លាញបង្កឡើងដោយក្រុមសម រង្ស៊ី នៅក្រៅប្រទេស។
តើនរណាជាអ្នកពុលពិតប្រាកដ? គឺសម រង្ស៊ី និងអ្នកគាំទ្រនៅក្រៅស្រុកដែលបានជឿលង់នឹងការភូតកុហកនិងបោកប្រាស់របស់សម រង្ស៊ី។
សម រង្ស៊ីព្យាយាមប្រមូលសំឡេងឆ្នោតមិនបានការមកធ្វើជារបស់ខ្លួន យករបាយការណ៍តាមលឺគេថា យកមកធ្វើមែនទែន បូកចុះបូកឡើង ខ្មោចគណបក្សសង្គ្រោះជាតិឈ្នះទៀត គឺឈ្នះទាំងនៅពេលរស់ និងឈ្នះទាំងពេលស្លាប់ គឺឈ្នះក្នុងក្តីសុបិន្តកណ្តាលថ្ងៃត្រង់។ សម រង្ស៊ី កំពុងតែពុល នឹងព័ត៌មានមិនពិតដែលខ្លួនបានប្រឌិតនោះ។
ដោយសារតែជាមេដឹកនាំត្រចៀកស និងរវើរវាយគ្មានព្រំដែននេះហើយបានជាធ្វើឱ្យសម រង្ស៊ី ដែលតាំងខ្លួនធ្វើជាអ្នកប្រជាធិបតេយ្យក្លាយជាមេចលនាឧទ្ទាមខុសច្បាប់ ធ្វើឱ្យសម រង្ស៊ី ក្លាយខ្លួនជាប្រមុខដឹកនាំបក្សទៅជាអ្នកគ្មានបក្សដឹកនាំ ធ្វើឱ្យសម រង្ស៊ី ដែលអាចមានទីតាំង ឈរជើងនៅក្នុងនយោបាយកម្ពុជា ទៅជាទណ្ឌិតនយោបាយរត់ចោលស្រុកលុះក្ស័យ៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៨