(ភ្នំពេញ)៖ លោក ស្រី វុទ្ធី អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងឲ្យដឹងថា កម្ពុជាកំពុងតែរៀបចំនីតិវិធីក្នុងការវេចខ្ចប់ និងបង្កើនការដាំដុះចេកឲ្យស្របតាមស្ដង់ដារភូតគាម អនាម័យ ដើម្បីនាំចេញផ្លែទៅកាន់ទីផ្សារប្រទេសចិន នាចុងឆ្នាំ២០១៨នេះ។
អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់បែបនេះបន្ទាប់ពីកម្ពុជា និងចិន ចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេកកម្ពុជាទៅកាន់ប្រទេសចិនរវាងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក ស្យុង ប័រ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ។
បើតាមលោក ស្រី វុទ្ធី បច្ចុប្បន្ននេះមានក្រុមហ៊ុនមួយចំនួនកំពុងតែរៀបចំនីតិវិធីទាំងការវេចខ្ចប់ និងការដាំដុះផលិតផលចេកនេះ ដើម្បីនាំចេញទៅកាន់ទីផ្សារចិន ដែលក្នុងនោះការនាំចេញជាជំហានដំបូងនាចុងឆ្នាំ២០១៨នេះ គឺប្រហែលក្នុងកម្រិតតិចតួច ប៉ុន្ដែនៅដើមឆ្នាំ២០១៩ខាងមុខ នឹងមានចំនួនច្រើន ដោយសារតែមានក្រុមហ៊ុនមួយចំនួន បានដឹងអំពីលក្ខខណ្ឌ និងបែបបទតម្រូវការរបស់ចិន។
លោកបានឲ្យដឹងទៀតថា ការនាំចេញផ្លែចេកនេះ កម្ពុជាត្រូវតែគោរព និងឆ្លើយតបលក្ខខណ្ឌភូតគាមអនាម័យ គឺអាចនាំចេញទៅប្រទេសចិនបាន ហើយក្រៅពីទីផ្សារប្រទេសចិន កម្ពុជាបាននាំចេញផលិតផលនេះទៅកាន់ទីផ្សារអឺរ៉ុប អាស៊ី និងបណ្ដា ប្រទេសអាស៊ាន។ ទន្ទឹមនេះ កម្ពុជាត្រូវតែខិតខំបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវទាំងបច្ចេកទេស និងអនាម័យឲ្យត្រូវទៅនឹងគោលការណ៍ស្ដង់ដារ។
របាយការណ៍របស់ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កាលពីឆ្នាំ២០១៧កន្លងទៅនេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំចេកចំនួន ២៦,៧៦០ហិកតា និងមានផលិតផលចេកប្រហែល ៣៥០ពាន់តោន ដែលផលិតផលមួយចំនួនបានប្រើប្រាស់ក្នុងស្រុក និងមួយចំនួនទៀតដាំដុះនៅក្នុងកសិដ្ឋានក្រុមហ៊ុនធំៗ ដើម្បីនាំចេញ។
សូមបញ្ជាក់ថា ក្នុងពិធីចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេកកម្ពុជាទៅកាន់ប្រទេសចិន កាលពីថ្ងៃទី០២ ខែសីហាម្សិលមិញ នៅទីស្តីការក្រសួងកសិកម្ម លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានស្នើសុំភាគីចិន ឲ្យពិនិត្យលទ្ធភាព និងពន្លឿនការងារបន្ថែមក្នុងការនាំចូលនូវផលិតផលកសិកម្មចាំបាច់មួយចំនួនទៀតទៅកាន់ទីផ្សារចិន ដូចជាផ្លែស្វាយ ផ្លែមៀន (តាង៉ែន) ផ្លែស្រកានាគ ម្រេច ផ្លែដូង និងសំបុកទឹកមាត់ត្រចៀកកាំ សម្រាប់ធ្វើការនាំចេញទៅប្រទេសចិនជាបន្តទៀត។
លោករដ្ឋមន្រ្ដី បានបន្ដទៀតថា កន្លងមកកម្ពុជា និងចិន បានចុះហត្ថលេខាលើពិធីសារមួយចំនួនរួចហើយស្តីពីការនាំផលិតផលដំឡូងមីកម្ពុជាការនាំអង្ករ អង្ករកញ្ចុង និងពោតចេញទៅកាន់ទីផ្សារប្រទេសចិន។ ក្នុងឆ្នាំ២០១៧កន្លងទៅ ផលិតផលកសិកម្មកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន រួមមាន អង្ករមានចំនួនជិត ២០០ពាន់តោន ផលិតផលដំឡូងមីក្រៀម និងម្សៅ សរុបចំនួនជាង ៥៨ពាន់តោន កៅស៊ូមានចំនួន ៣,៣៤០តោន ស្ករអំពៅមានចំនួន ១៤,៩៤០តោន និងផលិតផលកសិកម្មមួយចំនួនទៀត៕