(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលរាជធានីភ្នំពេញ បានអះអាងថា នាពេលសព្វថ្ងៃនេះបន្លែផ្លែឈើដែលដាក់លក់ នូវតាមផ្សារនានាក្នុងរាជធានីភ្នំពេញ មិនសូវមានសារធាតុគីមីហាមឃាត់ដូចកាលមុនៗនោះទេ ក្រោយបងប្អូនអាជីវករ និងកសិករបានយល់ដឹងច្រើនអំពីផលប៉ះពាល់ នូវសារធាតុគីមីហាមឃាត់ទាំងនោះ បន្ទាប់ពីមន្រ្តីកាំកុងត្រូលចុះត្រួតពិនិត្យនិងណែនាំដល់ពួកគាត់នោះ។
ថ្លែងប្រាប់អ្នកយកព័ត៌មាន ខណៈបន្តចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅផ្សារចាស់រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨នេះ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានឲ្យដឹងថា ក្រោយពីមន្រ្តីជំនាញបានសហការគ្នាចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅតាមផ្សារនានាក្នុងរាជធានីភ្នំពេញជាបន្តបន្ទាប់នោះ បងប្អូនអាជីវករនិងកសិករបានយល់ដឹងច្រើនជាងមុនឆ្ងាយណាស់ដោយពួកគាត់មិនហ៊ានដាក់សារធាតុគីមីហាមឃាត់ក្នុងបន្លែផ្លែឈើដូចកាលមុននោះទេ។
នៅក្នុងប្រតិបត្តិការឆែកឆេរ និងពិនិត្យនៅក្នុងផ្សារចាស់នាថ្ងៃនេះ លោកគង់ វុទ្ធីបានលើកឡើងថាក្រុមការងាររបស់លោកបានជ្រើសរើសបន្លែផ្លែឈើ និងចំណីអាហារផ្សេងៗ មកធ្វើតេស្តបមឋនិងយកគំរូចំនួនជិត៥០មុខ ដែលសង្ស័យមានហានិភ័យខ្ពស់ដូចជាសរសៃមីលឿងប្រហិតសាច់គោ មឹក បង្គារ ត្រីងៀត ត្រីហើម សាច់ក្រកបាញ់កាញ់ លត គុយទាវសរសៃធំ គុយទាវសរសៃតូច គ្រឿងសមុទ្រ និងនំផ្សេងៗបញ្ជូនមកពិនិត្យភ្លាមៗក្នុងរថយន្តពិសោធន៍ចល័តដើម្បីរកសារធាតុគីមីហាមឃាត់។
ប៉ុន្តែក្នុងប្រតិបត្តិការចុះឆែកឆេរនេះ ក្រុមការងាររបស់លោកជាលទ្ឋផលបានរកឃើញសារធាតុគីមីហាមឃាត់(បូរ៉ាក់)នៅក្នុង -ងៀតបបែល សរុប២១គីឡូក្រាម, សំណល់ថ្នាំសំលាប់សត្វល្អិត នៅក្នុងស្ពៃក្តោបទំងន់១០.៥គីឡូក្រាម ត្រូវបានដកហូតយកមកកំទេចចោលនៅនិងកន្លែង។
យ៉ាងណាក៏ដោយ លោក គង់ វុទ្ធី នៅតែបន្តណែនាំដល់ក្រុមអាជីវករទាំងអស់ដាក់តាំងលក់ ផលិតផលអោយត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលផ្ទុកសារធាតុពុលនិង ម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជះត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើមផងដែរ។
លោកក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់និងអ្នកបរិភោគជាដើម។
ជាមួយគ្នានោះលោក គង់ វុទ្ធី បានបញ្ជាក់ថាសកម្មភាពទាំងនេះធ្វើឡើងតាមបទបញ្ជា ឯកឧត្តមប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ដែលគិតអំពីសុវត្ថិភាពនិងសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ហើយសកម្មភាពនេះគឺបានធ្វើឡើងដូច ភ្លៀងរលឹមយ៉ាងដូច្នេះដែរ៕