(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជានាយកអង្គភាពអនុវត្តកម្មវិធីថ្នាក់ខេត្ត បានជំរុញឱ្យមន្ត្រីគម្រោង Rice-SDP ផលិតកម្មស្រូវ និងការនាំចេញអង្ករ ត្រូវខិតខំបន្តផ្សព្វផ្សាយអំពីបច្ចេកទេសកសិកម្ម នៅក្នុងការផលិតកម្មស្រូវ ឱ្យបានទទួលបានទិន្នផលល្អ ដើម្បីធ្វើឱ្យប្រសើរឡើងគុណភាពស្រូវអង្កររបស់កម្ពុជា ក្នុងការនាំចេញអង្ករ ប្រកបដោយគុណភាពល្អ មានការទទួលស្គាល់ពីអន្តរជាតិ ស្របទៅនឹងគោលនយោបាយសន្តិសុខស្បៀង និងកានាំចេញអង្ករ របស់រាជរដ្ឋាភិបាលកម្ពុជា។
ការលើកឡើងបែបនេះរបស់លោក សុខ លូបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងកិច្ចប្រជុំប្រចាំខែរបស់កម្មវិធី ជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rice-SDP) អង្គភាពអនុវត្តកម្មវិធីខេត្តកំពង់ធំ (PIO-KPT) នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
លោកអភិបាលខេត្ត បានបន្តថា គម្រោងនេះ ផ្តល់សារៈសំខាន់ខ្លាំងណាស់ដល់ប្រជាកសិករធ្វើកសិកម្ម ក្នុងនោះ មានការសាងសង់ប្រព័ន្ធធារ៉ាសាស្ត្រ ដោយបង្កើតសហគមន៍ កសិករប្រើប្រាស់ទឹកការកៀវពង្រាបដីដោយប្រព័ន្ធឡាស៊ែ និងផ្សព្វផ្សាយអំពីបច្ចេកទេសក្នុងការផលិតកម្មស្រូវ ហើយកាលពីមុន ក្រោយពីប្រមូលផលស្រូវរួច យើងនាំស្រូវសើម ទៅលក់ឱ្យប្រទេសវៀតណាម ឬថៃជាដើម។ ធ្វើឱ្យអត្រាសំណើមស្រូវថយចុះ គុណភាពស្រូវនឹងថយចុះ ឬខូចទាំងស្រុង។ ដូច្នេះដើម្បីណោះស្រាយលើបញ្ហានេះ កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ យើងមានផែនការសាងសង់ឃ្លាំងស្ដុកស្រូវចំណី និងគ្រាប់ពូជស្រូវ នៅតាមបណ្ដាខេត្តគោលដៅទាំងបីរបស់គម្រោង គឺខេត្ដបាត់ដំបង, កំពង់ធំ និងព្រៃវែង ព្រមទាំងធ្វើការអភិវឌ្ឍន៍ បច្ចេកវិទ្យាទំនើប ក្នុងការងារប្រតិបត្តិក្រោយប្រមូលផលស្រូវ លើការងារសម្ងួត និងរួមចំណែក ក្នុងការទប់ស្កាត់ បាននូវលំហូរ ស្រូវសើមទៅ ប្រទេសជិតខាង និងជួយបង្កើនបរិមាណ នៃការនាំចេញអង្កររបស់កម្ពុជា ក៏ដូចជាបង្កើនប្រាក់ចំណូលដល់តួអង្គទាំងអស់ផងដែរ។
ចុងក្រោយលោក ក៏បានថ្លែងអំណរគុណ ដល់មន្ត្រីអនុវត្តគម្រោងទំាំងអស់ដែលបានខិតខំធ្វើការងារកន្លងមក ប្រកបដោយសាមគ្គីភាព និងបន្តលើកទឹកចិត្ត ដល់សហគមន៍ចងក្រងក្នុងការចញ្ចឹមសត្វ ជាពិសេសការដាំដុះបន្លែដោយមិនប្រើប្រាស់ជីគីមី ព្រោះបច្ចុប្បន្ន មានការដាំដុះ និងនាំចូលបន្លែគ្មានប្រភព ធ្វើឱ្យប៉ះពាល់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ៕