(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះ បានលាតត្រដាងអំពីទឹកចិត្ត និងការស្មោះស្ម័គ្ររបស់ជនចាស់ជរា និងជនពិការជាច្រើននៅក្នុងខណ្ឌដូនពេញ ដែលបានព្យាយាមចូលរួមបោះឆ្នោត និងសងគុណគណបក្សប្រជាជនកម្ពុជា។ លោកបានអះអាងថា ជនចាស់ជរា និងជនពិការ នៅថ្ងៃនេះ ត្រូវបានលើកទឹកចិត្ត ដែលឧបត្ថម្ភដោយក្រុមការងារចុះជួយខណ្ឌដូនពេញនូវថវិកាមួយចំនួនផងដែរ។
លោក ផៃ ស៊ីផាន បានបន្យល់ថា អនុស្សាវេរីយ៍ នៅក្នុងពេលបោះឆ្នោតក្រុមការងាររបស់លោក ដែលនាំមុខដោយ លោក សូ ម៉ារ៉ា ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខណ្ឌដូនពេញ មានអនុស្សាវរីយដែលមិនអាចបំភ្លេចបាននោះ គឺការដង្ហោយរបស់ចាស់ជរា និងជនពិការ ដែលលោកអង្វរសូមជួយឱ្យលោកបានបោះឆ្នោតនិង សង គុណជូនគណបក្សប្រជាជនផង។
លោក ផៃ ស៊ីផាន បានលើកឡើងយ៉ាងដូច្នេះថា៖ «ចាស់ជរា និងជនពិការ រស់នៅជាន់ទី៣ សង្កាត់ផ្សារថ្មី២ ត្រូវបានយុវជនយើងលើកឡើងបី និងអៀវចុះមកតាមជណ្តើរចោទ និងចង្អៀតមកដល់ការិយាល័យបោះឆ្នោត ដើម្បីបំពេញបំណងរបស់លោកឱ្យបានសម្រេច។ ក្រៅពីការទាមទារឱកាសបោះឆ្នោត ចាស់ជរា និងជនពិការទាំង នោះបានប្រាប់ហេតុផលថា គ្មានអ្នកណា ឬបក្សណា គ្រាន់បេីជាងគណបក្សប្រជាជននោះទេ ដែលបានរំដោះលោកឱ្យរស់រានមានជីវិត ធ្វើឱ្យក្រុមគ្រួសាររបស់លោករីករាយចម្រុងចម្រើន និងភ្នែក ខ្ញុំត្រូវដឹងគុណ និងគាំទ្រ ការពាររហូត»។
នៅព្រឹកថ្ងៃសុក្រនេះ ក្រុមការងារថ្នាក់កណ្តាលចុះជួយសង្កាត់ផ្សារថ្មី២ បានរៀបចំកូនពិធីតូចមួយដែលនាំមុខដោយ លោក សូ ម៉ារ៉ា ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខណ្ឌដូនពេញ លោក ផៃ ស៊ីផាន លោក សួន រ៉ាឌី លោក ប៉ាន់ ចន្រ្តា លោក សៀន គឹមហាត លោក សុខ ពេញវុធ និងលោកវេជ្ជបណ្ឌិត នី សារឹទ្ធ បានចូលរួមសម្តែងការដឹងគុណ ជាមួយពង្រឹងភាពសិ្នតស្នាល មហាគ្រួសារបក្សប្រជាជន ចូលរួមជាបច្ច័យចំនួនពីរលានរៀល និងរទេះជនពិការលើកទឹកចិត្តដល់ចាស់ជរា និងជនពិការ ជាពិសេសយុវជន ដែលបានជួយអៀវ និងបីផងដែរ។
លោកបានឧទ្ទិសមផលនេះ ជូនចំពោះគណបក្សប្រជាជនទាំងមូល ជាពិសេស សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ របស់សម្ដេច និងបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខជូនដល់ សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រីចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមសមប្រកបតែសុខ និងចម្រើន ព្រមទាំងពុទ្ធពរបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕