(តាកែវ)៖ តាមរយៈលទ្ធផលបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រជាពលរដ្ឋក្នុងឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៨ ចំនួនជាង៩៤% បានចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង ៨៨%។
ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់ម្ចាស់ឆ្នោតក្នុងឃុំពោធិ៍រំចាក ដែលបានជ្រើសរើសយកយន្តការលទ្ធិប្រជាធិបតេយ្យ និងអនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួននេះ លោក ហេង សួរ និងក្រុមការងារចុះជួយឃុំពោធិ៍រំចាក បានឆ្លៀតពេលជួបតំណាងគ្រួសារគណបក្សប្រជាជនកម្ពុជាចំនួន ១៦៤០គ្រួសារនៅក្នុងឃុំ។
ទន្ទឹមនឹងការថ្លែងអំណរគុណនេះ លោក ហេង សួរ ក៏បានពាំនាំយកនូវប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានក្រើនរំឭក និងណែនាំដល់អាជ្ញាធរ និងមន្រ្តីនៃគណបក្សប្រជាជនគ្រប់ជាន់ថ្នាក់ត្រូវខិតខំ និងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជាងមុន និងមានប្រសិទ្ធិភាពជាងមុន ចាប់ពីពេលនេះតទៅ ដោយមិនចាំបាច់រង់ចាំរហូតដល់មានការប្រកាសលទ្ធផលផ្លូវការនោះទេ។
នៅចំពោះមុខប្រជាពលរដ្ឋ ក៏ដូចជាសមាជិក-សមាជិកាគណបក្ស នាឱកាសនោះ ក្រុមការងារចុះជួយឃុំ ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនក្នុងភូមិទាំង១១ និងឃុំបានប្តេជ្ញាបន្តសេវាផ្តល់សំបុត្រកំណើតដល់ផ្ទះប្រជាពលរដ្ឋ ក្នុងរយៈពេល១សប្តាហ៍ ក្រោយពេលមានប្រជាពលរដ្ឋណាម្នាក់សម្រាលកូន បន្តជួយលើកគុណភាពសេវា បរិមាណនិងប្រភេទឱសថនៅមជ្ឈមណ្ឌលសុខភាពរបស់ឃុំ ផ្តល់ការបំប៉នមុខជំនាញសំខាន់ៗដល់សិស្សថ្នាក់ទី១១ និងទី១២ បន្តស្តារប្រឡាយ និងកសាងផ្លូវថ្នល់បន្ថែមទៀត ដើម្បីភ្ជាប់ទៅផ្លូវជាតិ និងព្យាយាមទាក់ទាញ រោងចក្រទៅវិនិយោគនៅក្នុងឃុំពោធិ៍រំចាក ឬឃុំក្បែរខាងដើម្បីបង្កើតការងារ ឬប្តូរមុខរបរពីកសិករ ទៅជាកម្មករនិយោជិត ឬអាជីវករ ដែលមានចំណូលខ្ពស់ជាងមុន។
នាឱកាសនោះលោក ហេង សួរ និងក្រុមការងារ ក៏បានចុះតាមភូមិរៀបចំ និងចូលរួមអាហារសាមគ្គីជាមួយសមាជិក-សមាជិកា គណបក្សប្រជាជននៅតាមភូមិចំនួន៧ នាថ្ងៃទី៣ ខែសីហានេះ ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល។ នាថ្ងៃស្អែកទី៤ ខែសីហា ក្រុមការងារនឹងបន្តរៀបចំការចុះថ្លែងអំណរគុណ និងរៀបចំអាហារសាមគ្គីនៅភូមិចំនួន៤ផ្សេងទៀត៕